រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rubio បាននិយាយថា សហរដ្ឋអាមេរិកនឹងមិនព្យាយាមធ្វើអន្តរាគមលើកិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី-អ៊ុយក្រែនទេ លុះត្រាតែឃើញសញ្ញានៃវឌ្ឍនភាព។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio នៅថ្ងៃទី១៨ ខែមេសា បាននិយាយថា អាមេរិកនឹងមិនព្យាយាមធ្វើអន្តរាគមលើកិច្ចព្រមព្រៀងសន្តិភាពរុស្ស៊ី-អ៊ុយក្រែនមួយរយៈនោះទេ លុះត្រាតែមានសញ្ញាច្បាស់លាស់ដែលភាគីទាំងពីរអាចឈានដល់កិច្ចព្រមព្រៀងមួយ។
លើសពីនេះ រដ្ឋមន្ត្រីការបរទេស Rubio បានបញ្ជាក់ថា លោកប្រធានាធិបតី Donald Trump នៅតែចាប់អារម្មណ៍លើកិច្ចព្រមព្រៀងនេះ ប៉ុន្តែលោកមានអាទិភាពជាច្រើនទៀតនៅក្នុងពិភពលោក ហើយមានឆន្ទៈបន្ត លុះត្រាតែលោកមើលឃើញសញ្ញានៃវឌ្ឍនភាពនៅក្នុងកិច្ចព្រមព្រៀងនេះ។
ជម្លោះរុស្ស៊ី និងអ៊ុយក្រែន នៅតែក្តៅគគុក ហើយមិនមានសញ្ញាណាមួយ នៃការបញ្ឈប់ឡើយ ខណៈដែលភាគីទាំងពីរនៅតែបន្តឆ្លើយតបទៅវិញទៅមក ជាមួយនឹងការវាយប្រហារតាមអាកាសនិងការវាយប្រហារដោយមីស៊ីលទៅលើរោងចក្រថាមពលនិងតំបន់លំនៅឋាន។
ឧទាហរណ៍ រុស្ស៊ីបានបើកការវាយប្រហារតាមអាកាសលើកោះ Sumy ប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ១៣ ខែមេសា ដោយបានសម្លាប់មនុស្ស ៣៥ នាក់ និងរបួស ១១៧ នាក់។
ចៅហ្វាយសេតវិមានបានឲ្យប្រធានាធិបតីអ៊ុយក្រែន Zelensky ទទួលខុសត្រូវរួមជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin សម្រាប់ “ការស្លាប់រាប់លាននាក់” ក្នុងជម្លោះរវាងប្រទេសទាំងពីរ។
ថ្លែងជាមួយនាយករដ្ឋមន្ត្រីអុីតាលី Giorgia Meloni នៅថ្ងៃទី 17 ខែមេសា លោក Trump បាននិយាយថា “ខ្ញុំមិនបន្ទោសលោក Zelensky ទេ ប៉ុន្តែខ្ញុំមិនសប្បាយចិត្តនឹងការពិតដែលថាជម្លោះរុស្ស៊ី-អ៊ុយក្រែនបានចាប់ផ្តើម”។
លោក Trump បានរិះគន់ប្រធានាធិបតីអ៊ុយក្រែនថា “អ្នកមិនអាចចាប់ផ្តើមសង្រ្គាមជាមួយគូប្រជែងខ្លាំងជាង 20 ដងទេ ហើយសង្ឃឹមថា នរណាម្នាក់នឹងផ្តល់ឱ្យអ្នកនូវមីស៊ីលពីរបីគ្រាប់” ។
ម្យ៉ាងវិញទៀត រុស្ស៊ីក៏ត្រូវបានបណ្តាប្រទេសអឺរ៉ុបស្តីបន្ទោស និងបង្ខំឱ្យទទួលខុសត្រូវចំពោះការបដិសេធសំណើបទឈប់បាញ់របស់លោក Trump ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសនេះបានទទួលស្គាល់ថា “មិនមានអ្វីច្បាស់លាស់អំពីកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកស្តីពីសន្តិភាពនៅអ៊ុយក្រែន” ហើយ “មិនអាចផ្តល់ពេលវេលាច្បាស់លាស់សម្រាប់ដំណើរការនេះទេ” ៕ ដោយធីរីណា
រូបថត: Reuters