ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា៖ ចិននិងកម្ពុជាគឺជាដៃគូដ៏ស្មោះស្ម័គ្រ ហើយគំនិតផ្តួចផ្តើម និង យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់ភាគីទាំងពីរ មានភាពស៊ីសង្វាក់គ្នាយ៉ាងខ្លាំង

ចែករំលែក៖

ភ្នំពេញ​៖​ « ចិន និងកម្ពុជា គឺជាដៃគូដ៏ស្មោះស្ម័គ្រ ដែលចែករំលែកភាពសុខដុមរមនា និងសុខទុក្ខ ហើយគំនិតផ្តួចផ្តើម និង យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់ភាគីទាំងពីរ មានភាពស៊ីសង្វាក់គ្នាយ៉ាងខ្លាំង» នេះគឺជាប្រសាសន៍លើកឡើង របស់លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។

ថ្លែងក្នុងពិធីសម្ពោធផ្លូវជាតិលេខ៧១C នាពេលថ្មីៗនេះ លោក Wang Wenbin បានមានប្រសាសន៍ថា ប្រទេសចិន និងកម្ពុជា គឺជាដៃគូដ៏ស្មោះស្ម័គ្រ ដែលចែករំលែកភាពសុខដុមរមនា រួមសុខ រួមទុក្ខ ហើយគំនិតផ្តួចផ្តើម និង យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់ភាគីទាំងពីរ មានភាពស៊ីសង្វាក់គ្នា យ៉ាងខ្លាំង។ ប្រទេសចិនទទូច លើការលើកកម្ពស់ការបើកចំហកម្រិតខ្ពស់ តស៊ូមតិយ៉ាងម៉ឺងម៉ាត់ ចំពោះពាណិជ្ជកម្មសេរី និង ពហុភាគីនិយមពិតប្រាកដ និង ជំរុញការកសាងសេដ្ឋកិច្ចពិភពលោក បើកចំហ។

លោកឯកអគ្គរដ្ឋទូតចិន​បន្តថា «យើងមានឆន្ទៈបន្តធ្វើការ ជាមួយមិត្តកម្ពុជា ដើម្បីអនុវត្តការ ឯកភាពគ្នា ដ៏សំខាន់ ដែលមេដឹកនាំទាំងពីរ សម្រេចបាន ធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ ទៅវិញទៅមក រវាងចិន និងកម្ពុជា លើវិស័យផ្សេងៗ រួមទាំង ប្រឆាំងនឹងឯកតោភាគីនិយម និងការគំរាមកំហែង រួមគ្នាការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ចិន និងកម្ពុជា និង សរសេរជំពូកថ្មី ក្នុងការកសាងសហគមន៍ ប្រកបដោយគុណភាពខ្ពស់ និង កម្រិតខ្ពស់ នាពេលអនាគត »។

លោក​ Wang Wenbin បានបន្តថា ក្នុង រយៈពេល ប៉ុន្មាន ទសវត្សរ៍ កន្លង មក នេះ ចិន បាន ជួយ កម្ពុជា សាងសង់ ផ្លូវ ប្រវែង ជាង ៤.០០០ គីឡូម៉ែត្រ និង ស្ពាន ជាង ១០ កន្លែង។ ផ្លូវថ្នល់ និងស្ពានឆ្លងកាត់ទន្លេមេគង្គ និងទន្លេសាប ដែលមានទំនាក់ទំនងល្អ មិនត្រឹមតែជួយសម្រួលដល់ការរស់នៅ របស់ប្រជាជនកម្ពុជា ប៉ុណ្ណោះទេ ក៏ប៉ុន្តែ ថែមទាំងបានចាក់បញ្ចូលនូវកម្លាំងរុញច្រាន ដ៏ខ្លាំងក្លា ដល់ការអភិវឌ្ឍ របស់កម្ពុជា។

«នេះឧទាហរណ៍ដ៏រស់រវើកនៃការតភ្ជាប់រវាងគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ និង យុទ្ធសាស្ត្រ បញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា»។

លោក Wang Wenbin បានបន្តថា ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ប្រាកដជានឹងសម្រេចបានលទ្ធផលជាផ្លែផ្កា ជំរុញទំនាក់ទំនងចិន-កម្ពុជា ទៅកាន់កម្រិតថ្មីមួយ និង បើកឱកាសឱ្យកាន់តែទូលំទូលាយ សម្រាប់កិច្ចសហប្រតិបត្តិការ ចិន-កម្ពុជា។

ជាមួយគ្នានេះ នៅក្នុងពិធី នាពេលនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះភាគីចិន ដែលបន្តជួយអភិវឌ្ឍន៍ ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅកម្ពុជា។ សម្តេចបានលើកឡើងថា សមិទ្ធផលធំៗ កម្ពុជា-ចិន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ ជាបន្តបន្ទាប់ ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាល ដែលមានន័យថា «ទំនាក់ទំនងកម្ពុជាចិន នៅតែរឹងមាំ»។ ក្នុងនោះ សម្តេច បញ្ជាក់ថា ការដាក់ឈ្មោះផ្លូវក្រវាត់ក្រុងទី៣ ជាមហាវិថី «Xi Jinping» នាពេលកន្លងមក បង្ហាញពីការជួយរបស់ភាគីចិន ដែលបានជួយយ៉ាងច្រើន មកដល់កម្ពុជា។

...

«ថ្ងៃនេះគឺជាសក្ខីភាពមួយនៃការពង្រឹងទំនាក់ទំនង រវាងកម្ពុជា-ចិន ដើម្បីផលប្រយោជន៍រួម របស់ប្រជាជនយើង ជាពិសេស ការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែម នៅក្នុងប្រទេសកម្ពុជា និងការជួយឧបត្ថម្ភ គាំទ្រ របស់ចិន នៅតែបន្ត ដើម្បីជាអត្ថប្រយោជន៍ជូន ប្រជាពលរដ្ឋយើង និងជំរុញសេដ្ឋកិច្ចជាតិ របស់យើង ជូនប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង»៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print