ភ្នំពេញ៖ ខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្ម RED Picture រឿង «សង្សារខ្ញុំក្រមុំកូន១» បានប្រកាសសម្ពោធចាក់បញ្ចាំងជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី២៣ ខែសីហា នេះ ក្រោមវត្តមានតារាសម្ដែង និងតារាកំប្លែងយ៉ាងច្រើនកុះករនៅរោងភាពយន្តទំនើបនៅស្ទឹងមានជ័យ។ ការប្រកាសដាក់បញ្ចាំងខ្សែភាពយន្តនេះត្រូវបានធ្វើឡើងក្រោយពីចំនួនអ្នកចូលរួមទស្សនាឈុតខ្លីនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក កើនឡើងដល់ជាងមួយលានដង។
ជាចំនួនដែលចូលទៅទស្សនាឈុតខ្លីមិនធ្លាប់មានពីមុនមក ហើយចំនួននេះអាចនឹងធ្វើឲ្យផលិតកររំពឹងថា ខ្សែភាពយន្តមួយនេះនឹងមានអ្នកទិញសំបុត្រចូលមើលផ្ទាល់មិនតិចជាងកន្លះលាននាក់ទេ ដោយសារតែសម្អាងលើភាពខ្លាំងរបស់ខ្សែរឿង។
ខ្សែភាពយន្តបែបកំប្លែង ស្នេហា វាយតប់ និងស៊ើបអង្កេតនេះត្រូវបានចូលរួមសម្តែងដោយតារាសម្តែងនិងតារាកំប្លែងប្រុសស្រីល្បីឈ្មោះជាច្រើនដូចជា អ្នកនាង សារ៉ាយ សក្កណា លោក ជា សុវណ្ណរិទ្ធិ នាយគ្រឿន នាយពែកមី នាយក្រូច នាងអ៊ីត លោក BIG និងតារាជាច្រើនរូបទៀត។ អ្វីដែលគេចាប់អារម្មណ៍សម្រាប់រឿងនេះដែរគឺមានការចូលរួមសម្តែងដោយកូនប្រុសតារាកំប្លែងនាយពែកមីផងដែរ។ ទាំងសិល្បករ និងផលិតករសុទ្ធតែដាក់ក្តីរំពឹងខ្ពស់ចំពោះការចាក់បញ្ចាំងខ្សែភាពយនេះនៅគ្រប់រោងកុនទំនើបទាំងអស់នៅភ្នំពេញ។
លោក ឌៀប សុវណ្ណារ៉ា ចាងហ្វាងផលិតកម្មបានអះអាងថា ដោយសារតែខ្សែរឿង «សង្សារខ្ញុំក្រមុំកូន១» ជារឿងដែលបានសម្រិតសម្រាំងសម្រាប់ឆ្នាំ២០១៦ នេះ និងជារឿងដែលមានការរំពឹងខ្ពស់លើសពីរឿង «ភូមិអត់មនុស្ស» និងរឿង «ទង់ព្រលឹង» ដែលទទួលការគាំទ្រខ្លាំងទើបលោកសម្រេចដាក់បញ្ចាំងគ្រប់រោងកុននៅភ្នំពេញ និងខេត្តសៀមរាប ចាប់ពីថ្ងៃទី២៤ ខែសីហា តទៅ ដើម្បីឲ្យត្រូវនឹងបរិបទសិស្សទី១២ ទើបនឹងបានប្រលងចប់ថ្មីៗ។ លោកថាដើមទុនផលិតរឿងនេះចំណាយខ្ពស់មិនខុសពីរឿងមុនៗនោះទេ ប៉ុន្តែអ្វីដែលមានការខុសប្លែកគឺសាច់រឿង ប្លង់ និងការរៀបចំឈុតឆាកឲ្យល្អ ព្រមជាមួយនឹងការសម្រាំងតួសម្ដែងនោះតែម្ដង។ផលិតករបញ្ជាក់ថា រឿងនេះនឹងរំពឹងទាក់ទាញអ្នកទស្សនាមិនក្រោម ៥០ម៉ឺននាក់នោះឡើយ ដោយសារតែយោងលើរឿងមុនៗទទួលបានអ្នកទស្សនាលើសពីកន្លះលាននាក់មុនពេលទម្លាក់ផ្លាកពីរោងកុន។
តួឯកប្រុស លោក វណ្ណារិទ្ធ បានលើកឡើងថា ខ្សែភាពយន្តថ្មីមួយនេះប្លែក ។ ប្លែកទី១-គឺជាការសម្តែងរួមគ្នាជាមួយនឹងអ្នកនាង សារាយ សក្ខណា ដែលកន្លងទៅលោកធ្លាប់សម្តែងជាមួយគ្នាមួយរឿងកាលពីឆ្នាំ២០០៨ ។ ទី២-គឺលោកបានចូលរួមជាលើកដំបូងជាមួយនឹងតារាកំប្លែងប្រុសស្រីល្បីឈ្មោះជាច្រើនដែលនាំឲ្យខ្សែភាពយន្តនេះគឺខ្សែភាពយន្តកំប្លែងថ្មី។ លោកថា រយៈពេលខ្លីនៃការសម្តែងរឿងនេះ លោកមានអារម្មណ៍ថា មានភាពស្និទស្នាលហាក់បីដូចជាស្គាល់គ្នាយូរឆ្នាំអញ្ចឹង អារម្មណ៍ដែលយើងលេងទៅហាក់ដូចជាស៊ីជម្រៅគ្នាមានអារម្មណ៍ថា ផលិតករគាត់ឲ្យធ្វើអី ច្រើនតែលើស ប៉ុន្តែការលើសនឹងក៏ជាការបន្ថែមល្បោយតិចតួចមួយដើម្បីឲ្យទស្សនិកជន គាត់ទទួលបានអារម្មណ៍រីករាយ និងសើចសប្បាយ។
គួរបញ្ជាក់ដែរថា ស្នាដៃទី១-រឿង “ភូមិអត់មនុស្ស” របស់ផលិតកម្ម RED Picture អាចស្វែងរកចំណូលបានប្រមាណជាង ៣០ម៉ឺនដុល្លារអាមេរិក ហើយក៏ជាខ្សែភាពយន្តដែលអាចរកចំណូលនិងចំនួនអ្នកគាំទ្រច្រើនជាងគេប្រចាំឆ្នាំ២០១៥។ រីឯខ្សែខ្សែភាពយន្តរឿង «ទង់ព្រលឹង» វិញត្រូវបានចាក់បញ្ចាំងកាលពីអំឡុងខែមេសានោះក៏ទទួលបានការគាំទ្រច្រើនលើសលប់ពីអ្នកនិយមទស្សនាខ្សែភាពយន្តនៅតាមរោងកុនដែរ។ គេរំពឹងដែរថា ខ្សែភាពយន្តថ្មីរឿង «សង្សារខ្ញុំក្រមុំកូន១» ក៏នឹងអាចស្វែងរកចំណូល និងចំនួនអ្នកចូលទស្សនាកាន់តែច្រើនផងដែរ៕
ដោយ៖ វឌ្ឍនា