ភ្នំពេញ៖ យុវជន២នាក់ត្រូវក្រុមចោរមានគ្នា៥នាក់ធ្វើសកម្មភាពកាប់ឲ្យរងរបួសប្លន់រួចយកម៉ូតូ១គ្រឿងជិះគេចខ្លួនដោយសុវត្ថិភាពខណៈជនរងគ្រោះជិះម៉ូតូឌុបគ្នាបំណងមកផ្ទះជួល។
ករណីកាប់ប្លន់យកម៉ូតូនេះបានកើតឡើងនៅពីម៉ោង៧ និង៣០នាទីយប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចភូមិទំនប់ ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ជនរងគ្រោះមានឈ្មោះ ឌឿន ចាប ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជាងឈើ ស្នាក់នៅផ្ទះជួល ផ្លូវរាដា ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានស្រុកកំណើភូមិដំណាក់វែក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត និងម្នាក់ទៀតជាប្អូនប្រុសមានឈ្មោះ ឌឿន ទ្រី អាយុ១៧ឆ្នាំ មុខរបរជាងឈើដូចគ្នា ស្នាក់នៅជាមួយគ្នា។
ប្រភពព័ត៌មានពីជនរងគ្រោះឈ្មោះ ឌឿន ចាប បានឲ្យដឹងថា មុនពេលកើតហេតុរូបគេបានជិះម៉ូតូ១គ្រឿងម៉ាកស្មាសវី ពណ៌ទឹកបុិច ពាក់ស្លាកលេខភ្នំពេញ 1BB-8945 ទៅយកប្អូនប្រុសពីកន្លែងធ្វើការសិប្បកម្មចំលាក់ឈើពេលជិះមកវិញដល់ចំណុចកើតហេតុខាងលើស្រាប់តែមានជនសង្ស័យ៥នាក់ជិះម៉ូតូ២គ្រឿង មួយគ្រឿងម៉ាកស៊ុយសុីគី និច ពណ៌ស មិនចាំស្លាកលេខ និង១គ្រឿងទៀតមិនស្គាល់ម៉ាកជិះមដេញពីក្រោយហើយកៀរផ្ដួលពួកគាត់ហើយបានដកដាវ២ដើមមកកាប់ជនរងគ្រោះទាំង២នាក់បងប្អូនបណ្ដាលឲ្យរងរបួសត្រូវខ្នងខាងឆ្វេងដូចគ្នា។ ពេលនោះជនរងគ្រោះបានរត់ចោលម៉ូតូដើម្បីគេចខ្លួន ទើបធ្វើឲ្យក្រុមជនសង្ស័យម្នាក់ក្នុងចំណោម៥នាក់បានរត់មកលើកម៉ូតូហើយជិះចេញទៅបាត់ទៅដោយសុវត្ថិភាព។
ក្រោយពេលហេតុជនរងគ្រោះបានទាក់ទងទៅកាន់សមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ ចំណែកជនរងគ្រោះទាំង២នាក់ត្រូវសាច់ញាតិឌុបតាមម៉ូតូយកទៅដេររបួសនៅមន្ទីរពេទ្យព្រះកុសមះ និងម្នាក់ទៀតកំពុងសំរាកនៅមន្ទីរពេទ្យឯកជន៕
ដោយ៖ តុង សីហា