បំផ្ទុះគ្រាប់បែកក្នុងរថយន្តមុខសណ្ឋាគារស្លាប់និងរបួស​៣០នាក់នៅថៃ

ចែករំលែក៖

មានករណីបំផ្ទុះគ្រាប់បែកបង្កៃក្នុងរថយន្តនៅមុខសណ្ឋាគារមួយក្នុងប្រទេសថៃបណ្តាលឲ្យមនុស្សម្នាក់ស្លាប់និង២៩នាក់រងរបួសកាលពីយប់ថ្ងៃទី២៣ ខែសីហា ។ ការផ្ទុះខាងលើកើតឡើងនៅមុខសណ្ឋាគារស្ថិតនៅក្នុងខេត្តប៉ាតានីភាគខាងត្បូងប្រទេសថៃ ដែលសម្បូរទៅដោយអ្នកទេសចរបរទេស។

តាមព័ត៌មាននៅក្នុងតំបន់កើតហេតុបានឲ្យដឹងថា អគារមួយខ្នងនៅទីនោះឆាបឆេះចំណែកអត្តសញ្ញាណជនរង្គ្រោះក្នុងហេតុការណ៍នោះមិនទាន់ប្រកាសឲ្យដឹងនៅឡើយ។ រូបភាពវិឌីអូពីកន្លែងកើតហេតុឲ្យឃើញថា មនុស្សជាច្រើនបានរត់ចេញពីផ្ទុះដែលកំពុងតែឆេះក្នុងពេលដែលក្រុមពន្លត់អគ្គិភ័យខិតខំគ្រប់គ្រងអណ្តាតភ្លើងកុំឲ្យរាលដាល។

ហេតុការណ៍ខាងលើកើតឡើងមិនទាន់បានកន្លះខែផងនៃការបំផ្ទុះគ្រាប់បែកនៅរម្មណីយដ្ឋានហួហីន សម្លាប់មនុស្ស២នាក់និង២១នាក់រងរបួស។ ការវាយប្រហារខាងលើកើតឡើងនៅតាមដងផ្លូវមមាញឹកដែលមានក្លឹម  និងភោជនីយដ្ឋានជាច្រើន សម្រាប់បម្រើភ្ញៀវទេសចរ ។ ការវាយប្រហារនោះកើតឡើងក្រោយប៉ុន្មានម៉ោងដែលមានគ្រាប់បែកពីរគ្រាប់ផ្ទុះនៅតំបន់ឆ្នេរសមុទ្រប៉ាតុង ខេត្តភូកេត ដែលជាតំបន់ទាក់ទាញភ្ញៀវទេសចរជាច្រើននៅក្នុងប្រទេសថៃ។

នៅក្នុងការិយាល័យទំនាក់ទំនងការបរទេសនិងទេសចរណ៍របស់អង់គ្លេសបានប្រកាសថា មានការគំរាមកំហែងពីក្រុមភេរវកម្មនៅក្នុងប្រទេសថៃ ។ នៅក្នុងសេចក្តីប្រកាសនោះបានណែនាំអ្នកទេសចរបរទេសកាត់បន្ថយការធ្វើដំណើរកម្សាន្តទៅខេត្តប៉ាតានី យ៉ាឡា ណារ៉ាធីវាត និងសងក្លា ជាប់ព្រំដែនប្រទេសថៃ និងម៉ាឡេស៊ី។

កាលពីខែមីនាកន្លងទៅ មានគ្រាប់បែក១០គ្រាប់បានផ្ទុះនៅស្រុកយ៉ារីង ខេត្តប៉ាតានី ក្នុងនោះមាន២គ្រាប់ផ្ទុះនៅកន្លែងម៉ាស៊ីនដកប្រាក់ របស់ធនាគារបណ្តាលឲ្យប៉ូលិស១១នាក់រងរបួស។

ខេត្តប៉ាតានី គឺជាខេត្តមួយក្នុងចំណោម៣ខេត្ត មានអ្នកកាន់សាសនាអ៊ិស្លាមច្រើនជាងគេបំផុតនៅក្នុងប្រទេសថៃជាប់ព្រំដែនម៉ាឡេស៊ី ។ ការប្រឆាំងរបស់ពលរដ្ឋរស់នៅទីនោះជាមួយថ្នាក់ដឹកនាំក្នុងតំបន់ បានបង្កឲ្យមានអំពើហិង្សាកើតឡើងតាំងពីឆ្នាំ២០១៤ មក ។ តាំងពីពេលនោះមកមានមនុស្ស ៦.៥០០នាក់ ស្លាប់ក្នុងនោះមានព្រះសង្ឃពុទ្ធសាសនា ទាហ៊ាន និងក្រុមទាមទារផ្តាច់ខ្លួននៅតំបន់ភាគខាងត្បូង៕

1 (1) 1 (2)

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print