ខេត្តកំពត ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងថាពិធីសម្ពោធដែលកំពុងរៀបចំឡើងយ៉ាងអធិកអធមនាព្រឹកនេះ គឺជាសក្ខីភាពនៃសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់ជាតិ និងការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជាបើនិយាយជារួម និងការរីកចម្រើនលើវិស័យដឹកជញ្ជូនតាមផ្លូវទឹក និងកំពង់ផែបើនិយាយដោយឡែក ដែលបានលេចចេញជារូបរាងឡើងស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្រ្តច្បាស់លាស់ប្រកបដោយភាពប្រាកដនិយមរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងនិងលើកកម្ពស់ការអភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹកនៅកម្ពុជា។ ពិធីសម្ពោធនាឱកាសនេះ ក៏ជាការបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ និងការផ្តល់ឱកាសពីសំណាក់ប្រមុខរាជរដ្ឋាភិបាលដល់វិស័យឯកជន ជាពិសេស ការចូលរួមវិនិយោគអភិវឌ្ឍន៍នៅកម្ពុជាទាំងលើវិស័យដឹកជញ្ជូនតាមផ្លូវទឹកផង និងវិស័យទេសចរណ៍ផង។
លោករដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា គម្រោងសាងសង់កំពង់ផែទេសចរណ៍នេះ គឺជាអនុគម្រោងមួយនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហាអនុតំបន់មេគង្គ ក្រោមការគគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី និងជាគំនិតផ្តួចផ្តើមរៀបចំដោយក្រសួងទេសចរណ៍ ហើយក្រោយមកត្រូវបានប្រគល់មកក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាក្រសួងជំនាញទទួលបន្ទុកគ្រប់គ្រងបច្ចេកទេស ក្នុងឆ្នាំ២០២០ ដើម្បីអនុវត្តបន្ត។
លោកថា ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងអំណរគុណជូន ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានផ្តល់ហិរញ្ញប្បទានសម្បទានដល់ការអភិវឌ្ឍសាងសង់កំពង់ផែទេសចរណ៍នេះ និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តផ្សេងៗជាច្រើនទៀតជាបន្តបន្ទាប់ សំដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា និងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែល្អប្រសើរឡើង។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ដោយមើលឃើញនូវសក្តានុពលដ៏សម្បើមនៃវិស័យទេសចរណ៍តាមផ្លូវសមុទ្រ ដែលបានផ្តើមចេញពីគម្រោងនេះ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធដ៏ប្រណីតនៃកំពង់ផែទេសចរណ៍អន្តរជាតិកំពតដែលបានសាងសង់រួច រួមជាមួយនឹងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល តម្រាយផ្លូវនាវាចរណ៍នេះ នឹងត្រូវអភិវឌ្ឍន៍បន្ថែមឱ្យមានជម្រៅទឹកលើសពី ៣ម៉ែត្រ ទទឹងប្រវែងពី១៦០ម៉ែត្រ ទៅ៣៤០ម៉ែត្រ ដែលមានប្រវែងរហូតដល់ ១៥គីឡូម៉ែត្រ រាប់ចាប់ពីទីតាំងបត់នាវា រហូតដល់ផ្ទៃសមុទ្រ។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ដោយឡែក តាមការគ្រោងទុករបស់គម្រោងសាងសង់កំពង់ផែទេសចរណ៍នេះ តម្រាយផ្លូវនាវាចរណ៍ ត្រូវមានជម្រៅទឹក ៣ម៉ែត្រ ដោយរាប់ចាប់ពីទីតាំងបត់នាវារហូតដល់ផ្ទៃសមុទ្រ ដែលមានប្រវែង ៦,៧៥គីឡូម៉ែត្រ និងទទឹងទំហំ ៦២ម៉ែត្រ ចែកជា ២គន្លងទៅមក។ កំពង់ផែនេះ មានលក្ខណៈអំណោយផលល្អពីធម្មជាតិដែលអាចអនុញ្ញាតឱ្យនាវាផ្ទុកអ្នកដំណើរ ឬភ្ញៀវទេសចររហូតដល់ ៣០០នាក់ ចូល-ចេញកំពង់ផែនេះជាលក្ខណៈអន្តរជាតិបាន។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា កំពង់ផែនេះ នឹងរួមចំណែកលើកកម្ពស់ការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ ទៅកាន់គោលដៅទេសចរណ៍ផ្សេងៗ ដូចជា ខេត្តកែប ខេត្តព្រះសីហនុ ខេត្តកោះកុង និងបណ្តាកោះនានាក្នុងព្រះរាជាណាចក្រកម្ពុជា។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថាជារួម សមិទ្ធផលថ្មីៗនិងសំខាន់ៗនៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន រាប់ចាប់ពីហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ស្ពានធំៗ ផ្លូវល្បឿនលឿន ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅទូទាំងប្រទេស ដែលបានលេចចេញជារូបរាង និងកំពុងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលនេះ គឺបានកើតចេញពី កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលកម្ពុជាកំពុងមានដូចនាពេលបច្ចុប្បន្ននេះ។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ជូនបន្ថែមថា បច្ចុប្បន្នកម្ពុជាមានកំពង់ផែសមុទ្រ និងកំពង់ផែទន្លេសរុបចំនួន ១១៩ កន្លែង ក្នុងនោះ នៅតាមតំបន់ឆ្នេរសមុទ្រ មានកំពង់ផែក្រុងព្រះសីហនុ និងកំពង់ផែចំនួន ៣០ផ្សេងទៀត និងនៅតាមដងទន្លេ មានកំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែចំនួន ៨៧ ផ្សេងទៀត ដែលបាននិងកំពុងចូលរួមលើកកម្ពស់ប្រសិទ្ធភាព និងពង្រីកវិសាលភាពនៃការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រនៅកម្ពុជា។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងបែបនេះ ខណៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ស្ថិតនៅឃុំជើងក្រៀល ស្រុកទឹកឈូ ខេត្តកំពត នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥៕
ដោយ ៖ សិលា