ខេត្តកំពត ៖ ចិន ប្រកាសជួយព្រែកជីកហ្វូណន ដោយសារ កំពុងឈ្លោះគ្នា ជាមួយអាម៉េរិក? រើសចិនស្ពៃ? រើសអាម៉េរិកសាច់គោ? សម្តេចធិបតី ហ៊ុន ម៉ាណែត អស់សំណើច ចំពោះការវិភាគបែបនេះ។ ប្រមុខរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត ថា ៖ ជាការវិភាគដែលគ្មាន ទឡ្ហីករណ៍ច្បាស់លាស់។ សម្តេចធិបតីបាន បញ្ជាក់ថា ការ ប្រកាស របស់ លោក ប្រធានាធិបតី ចិន ស៊ី ជិនភីង នា អំឡុង ទស្សនកិច្ច នៅ កម្ពុជាកន្លងមក គ្រាន់តែជាការប្រកាសបន្ថែមប៉ុណ្ណោះ។
សម្តេចធិបតី អះអាងថា ៖ រដ្ឋាភិបាលមិន ចាំបាច់ ឆ្លើយតបនូវរាល់ការរិះគន់ ចោទប្រកាន់នោះឡើយ ពោល គឺត្រូវតែបន្តធ្វើ។ ត្រង់ន័យនេះ សម្តេចធិបតីបាន ដកស្រង់សំដីអតីតនាយករដ្ឋមន្ត្រីអង់គ្លេស Winston Churchill ដែលថា «បើយើង រវល់ តែ រើសដុំថ្មគប់ឆ្កែគ្រប់ទីកន្លែង យើងដើរមិន ដល់គោលដៅនោះឡើយ»។
ទាំងចិនទាំងអាម៉េរិក គឺកម្ពុជា រើសទាំងពីរ ពោលគឺទាំងស្ពៃ ទាំងសាច់គោ ដើម្បី សុខភាព ពលរដ្ឋខ្លួន។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់សាជាថ្មីពីជំហររបស់រាជរដ្ឋាភិបាលដែលមិនប្រែប្រួលដាច់ខាត គឺកសាងទំនាក់ទំនងល្អ មិត្តភាពជាមួយគ្រប់បណ្តាប្រទេសទាំងអស់នៅលើ ពិភពលោក ដើម្បីទាញយកផលប្រយោជន៍ជូនជាតិនិងប្រជាជនកម្ពុជា។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើថា ៖ ចិន និងអាមេរិក ជួយគ្នារស់ !
សម្ដេច ហ៊ុន ម៉ាណែត ថ្លែងថា ចិន វិនិយោគនៅអាមេរិកក្នុងទំហំទឹកប្រាក់ជាច្រើនសន្ធឹកសណ្ឋាប់ ចិនទិញយកក្រុមហ៊ុនឡានរបស់ស៊ុយអ៊ែត ចិនវិនិយោគពេញអាស៊ាន។ ត្រង់ចំណុចនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត មើលឃើញថា ចិន និងអាមេរិកជួយគ្នារស់។ សម្ដេចធិបយីក៏ឆ្លើយតបថា ការវិនិយោគរបស់ចិននៅកម្ពុជា មិនបានធ្វើឱ្យបាត់បង់អធិបតេយ្យភាពឡើយ ព្រោះនៅប្រទេសផ្សេងៗដែលចិនវិនិយោគក៏មិនបាត់បង់អធិបតេយ្យភាពដូចគ្នា ៕
ដោយ ៖ សិលា