ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បញ្ជាក់ដូច្នេះថា ៖ «មុនចូលឆ្នាំនេះ ខ្ញុំហៅវះកាត់ក្រសួងពីរ។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន (រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ជជែកគ្នា! អត់មានខុសទេ នៅក្នុង បទដ្ឋានតួនាទីនិងភារកិច្ច មានប្រទាក់ក្រឡាគ្នាខ្លះៗ ប៉ុន្តែញែកវាអត់ដាច់។ អ៊ីចឹង ត្រូវ វះកាត់ឱ្យដាច់។ អ៊ីចឹងយើងវះកាត់ហើយ។ អង្គុយជជែកគ្នាតែម្តង ហៅរដ្ឋមន្ត្រីទាំង២ មកប្រាប់ខ្ញុំ ឥឡូវការងារមួយហ្នឹង ក្រសួងមួយណា មានប្រទាក់ក្រឡាខ្ពស់ជាងគេ? ហើយដល់ពេលវះកាត់ហើយ ត្រូវសហការគ្នា បែងចែកគ្នាយ៉ាងម៉េច? វះកាត់! ប្រជុំដឹកនាំជិតមួយឆ្នាំ អត់ចេញ! ខ្ញុំហៅវះកាត់ប្រហែលពីរម៉ោង ដាក់ផាំង ដាច់ផាច់! ឆ្នាំថ្មីអាចធ្វើការងារបាន។»។
ជុំវិញការលូកដៃអន្តរាគមន៍ក្នុងការបែងចែកតួនាទី និងភារកិច្ច នៅក្នុងក្រសួងនេះ ប្រ មុខរាជរដ្ឋាភិបាល ក៏ដឹងខ្លួនដែរថា ច្បាស់ជាមានមន្ត្រីរិះគន់ ប៉ុន្តែសម្តេច ខ្លាចការរិះគន់ និងការស្តីបន្ទោសពីពលរដ្ឋច្រើនជាង ថាអាណត្តិរបស់ខ្លួន មន្ត្រីរដ្ឋធ្វើការយឺត គ្មានលទ្ធផល។
សម្តេចធិបតី ហ៊ុន ម៉ាណែត ពន្យល់បន្ថែម៖ «ខ្ញុំគ្មានពេលវេលាអង្គុយចាំទេ! ខ្ញុំចង់បានលទ្ធផល។ ខ្ញុំសុខចិត្តឱ្យមន្ត្រីបន្ទោសខ្ញុំថា ខ្ញុំលូក(ដៃ) ប៉ុន្តែខ្ញុំអត់ឱ្យប្រជាពលរដ្ឋមកបន្ទោសខ្ញុំថាធ្វើការយឺត អត់លទ្ធផលទេ។»។
ក្រៅពីនេះ នាយករដ្ឋមន្ត្រី បានបង្ហើបឱ្យដឹងថា នឹងមានការកែសម្រួលនីតិវិធីពាណិជ្ជកម្ម ពាក់ព័ន្ធនឹងការនាំចេញ នាំចូល ទំនិញ ដើម្បីឱ្យដំណើរការពាណិជ្ជកម្មជាមួយប្រទេសផ្សេងៗ មានភាពងាយស្រួល និងឆាប់រហ័ស។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បែបនេះ ខណៈអញ្ជើញក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ ៕
ដោយ ៖ សិលា