ភ្នំពេញ៖ សហរដ្ឋអាម៉េរិក បានប្រកាសការដាក់ពន្ធថ្មីយ៉ាងសន្ធឹកសន្ធាប់មកលើកម្ពុជារហូតដល់ ៣៥២១% លើការនាំចូលផ្ទាំងសូឡាពីប្រទេសកម្ពុជាចូលក្នុងសហរដ្ឋអាម៉េរិក។ ចំពោះការតម្លើងពន្ធថ្មីខ្ពស់បែបនេះ លោកបណ្ឌិត គិន ភា អ្នកជំនាញការបរទេសកម្ពុជា បានចាត់ទុកការដាក់ពន្ធរបស់អាម៉េរិក ជាង៣,៥០០% មកលើកម្ពុជា ជាហេតុផលនយោបាយសុទ្ធសាទ។
បើតាមលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានមើលឃើញថា អត្រាពន្ធ ៣៥២១% ជាអត្រាខ្ពស់បំផុតដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។
លោកបណ្ឌិត គិន ភា បន្ថែមថា នោះនឹងមិនមានការនាំចេញណាមួយអាចធ្វើទៅរួចទេ គឺសម្លាប់តែម្តង។ ការដាក់សម្ពាធបែបនេះនឹងរាលដាល់ទៅដល់មុខទំនិញផ្សេងទៀត បើអាម៉េរិកកំណត់មុខសញ្ញាម្ចាស់ដើមនៃក្រុមហ៊ុនឬសហគ្រាស ដោយនេះមិនមែនជាហេតុផលសេដ្ឋកិច្ចទេ ជាហេតុផលនយោបាយសុទ្ធសាទ។
អាម៉េរិក បានប្រកាសដាក់ពន្ធ ក្រុមហ៊ុនផលិតថាមពលពន្លឺព្រះអាទិត្យ នៅក្នុងប្រទេសកម្ពុជា ថៃ វៀតណាម និង ម៉ាឡេស៊ី ទទួលផលប្រយោជន៍ ពីការឧបត្ថម្ភធនរបស់រដ្ឋាភិបាល និង នាំចេញទៅអាម៉េរិកក្នុងតម្លៃទាបជាងតម្លៃផលិតកម្ម ដែលយល់ថា ជាការប្រកួតប្រជែងអយុត្តិធម៌ មិនសហការជាមួយទីផ្សារអាម៉េរិក។
ក្នុងការប្រកាសដាក់ពន្ធនោះ អាម៉េរិក បានសម្រេចដាក់ពន្ធលើការនាំចូលផ្ទាំងសូឡាពីប្រទេសកម្ពុជា ៣,៥២១% ថៃ ៣៧៥,២% វៀតណាម ៣៩៥,៩% និង ម៉ាឡេស៊ី ៣៤,៤% ដោយក្រុមហ៊ុន Jinko Solar នៅម៉ាឡេស៊ី ត្រូវបានអាម៉េរិកដាក់ពន្ធ ៤១,៥៦%។គិតត្រឹមម៉ោងនេះ គេមិនទាន់ឃើញមានប្រតិកម្មឆ្លើយតបពីការសម្រេចនេះពី បណ្តាប្រទេសដែលរងការដំឡើងពន្ធនៅឡើយទេ៕ដោយ៖តារា