ភ្នំពេញ ៖ ខ្ញុំគិតថាបងប្អូនប្រជាពលរដ្ឋខ្មែរក៏មានអារម្មណ៍ដូចខ្ញុំដែរ គឺរំភើបនិងមោទនភាពដែលបានឃើញពាក្យ MADE IN CAMBODIA នៅលើតួរថយន្តដែលទទួលស្គាល់ជាផ្លូវការដោយអន្តរជាតិ ។ នេះជាប្រសាសន៍របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះលើផេកផ្លូវការ នៅព្រលប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បន្តថា ៖ ខ្ញុំនៅចាំបានថាកាលពីដើមទសវត្សរ៍ទី៩០ ស្ទើរតែទាំងអស់នៃផលិតផលសម្រេចរាប់តាំងពីភេសជ្ជៈ គ្រឿងសង្ហារឹមទំនើប គ្រឿងអគ្គិសនី មិនមានការផលិតនៅក្នុងប្រទេសកម្ពុជាទេ គឺសុទ្ធសឹងតែជារបស់នាំចូលពីក្រៅប្រទេស។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា៖ បច្ចុប្បន្ននេះកម្ពុជាបានក្លាយជាមជ្ឈមណ្ឌលផលិតនិងដំឡើងផលិតផលាម្រេច ច្រើនមុខ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកមួយផ្នែក និងសម្រាប់នាំចេញទៅក្រៅប្រទេស ដែលរួមមានផលិតផលភេសជ្ជៈ ចំណីអាហារ សម្លៀកបំពាក់ គ្រឿងអលង្ការ គ្រឿងសង្ហារឹមទំនើប គ្រឿងបង្គំអគ្គិសនី និងឧបករណ៍ សម្ភារៈច្រើនមុខទៀត ក្រោមផ្លាក Made in Cambodia។
ឥឡូវយើងមានសមត្ថភាពឈានដល់មានរថយន្តទំនើប MADE IN CAMBODIA ៕
ដោយ ៖ សិលា