ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា មានកត្តាសំខាន់ចំនួន ៤ ដែលធ្វើឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេស មានសេចក្តីសប្បាយរីករាយ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ កន្លងទៅនេះ ។
ថ្លែងក្នុងសម័យប្រជុំលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កត្តាទាំង ៤ នោះ រួមមាន៖
១៖ កត្តាសុខសន្តិភាព ។
២៖ ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បានល្អ ។
៣៖ មធ្យោបាយធ្វើដំណើររបស់ប្រជាពលរដ្ឋ មានការកើនឡើង ។
៤៖ ជីវភាពរបស់ប្រជាជនមានការកើនឡើង ។
ក្រៅពីកត្តាំទាំង ៤នេះ សម្តេចតេជោ ហ៊ុន សែន បានសង្កេតឃើញកត្តារួមផ្សំមួយចំនួនទៀតក្នុងនោះ គឺការរៀបចំរថយន្តក្រុងសាធារណៈ ដឹកជញ្ជូនប្រជាពលរដ្ឋ ទៅស្រុកកំណើត ដោយមិនគិតថ្លៃជាដើម ។
សម្តេចតេជោ បានឆ្លៀតយកឱកាសនេះ ថ្លែងអំណរគុណ និងកោតសរសើររាជរដ្ឋាភិបាល ព្រមទាំងថ្លែងអំណរគុណអាជ្ញាធរ និងសមត្ថកិច្ច គ្រប់ជាន់ថ្នាក់ ដែលបានខិតខំសម្រួល ឱ្យប្រជាពលរដ្ឋ បានកម្សាន្តសប្បាយនៅក្នុងឱកាស បុណ្យចូលឆ្នាំថ្មី ។
សូមជម្រាបថា រយៈពេល បីថ្ងៃ នៃពិធីបុណ្យ ចូលឆ្នាំប្រពៃណីខ្មែរ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ធ្វើដំណើរកម្សាន្ត នៅទូទាំងប្រទេសកម្ពុជា រហូតដល់ ២៣.៩៧៧.៤៤១ នាក់ ពោល គឺកើនឡើង ៩,៩% ធៀបនឹងឆ្នាំ២០២៤ ។
របាយការណ៍របស់ក្រសួងទេសចរណ៍បង្ហាញថា ក្នុងចំណោមអ្នកដំណើរកម្សាន្តទាំងនោះ មានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១១ម៉ឺន៥ពាន់នាក់ ។ ក្រសួងទេសចរណ៍ បន្តថា បណ្តាសណ្ឋាគារ និងសេវាស្នាក់នៅទេសចរណ៍ ភោជនីយដ្ឋាននិងអាហារដ្ឋាន និងរមណីយដ្ឋានទេសចរណ៍នៅស្ទើរគ្រប់ខេត្ត បានទទួលភ្ញៀវស្ទើរពេញ ១០០% ហើយចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ចកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន៕
ប្រភព ៖ «CCFR China state-controlled media »