* រឿងរ៉ាវរបស់អានីនៅក្នុងរបបខ្មែរក្រហមការងារនៅក្នុងកងកុមារ÷
ព្រលឹមស្រាងៗ ក្មេងៗអាយុប្រហែល ១០ ឆ្នាំដែលក្នុងនោះក្មេងស្រីម្នាក់ឈ្មោះ អានី មានអាយុច្រើនជាងគេបន្តិច គឺជាអ្នកដឹកនាំក្មេងៗ ផ្សេងទៀតទៅរើសអាចម៍គោ ស្រោចដំណាំ ។បន្ទាប់មកនាំគ្នាទៅជាន់អង្ករ លុះថ្ងៃត្រង់ ទើបនាំគ្នាមករកហូបបាយនៅរោងបាយជុំគ្នាវិញ។ បន្ទាប់ពីហូបបាយរួច អានី នាំក្មេងៗទៅជាន់អង្ករទៀតឲ្យបានទៅតាមចំនួនអង្ករដែលអង្គការបានកំណត់ទុក។ លុះល្ងាចបន្តិច អានីត្រូវចែកក្មេងៗខ្លះឲ្យទៅស្រោចដំណាំ ហើយខ្លះទៀតទៅទទួលក្របី។
ការងារនៅក្នុងកងកុមារ ក៏ដាក់កំហិតមិនខុសពីការងារនៅក្នុងកងចល័តប៉ុន្មានដែរ។ប្រសិនបើជាន់ស្រូវឲ្យអង្គការមិនបានគ្រប់ចំនួនដែលបានកំណត់ទុកនោះទេ អង្គការនឹងចោទហើយនិយាយថា មិត្តឯងមិនគោរពវិន័យនឹងបទបញ្ញត្តិរបស់អង្គការ មិត្តឯកខ្ជិលមិនសហការគ្នា មិត្តឯងនៅរើសអើងចង់នៅប្រើរបបសក្តិភូមិនៅទីនេះ គឺមិនបានទេ។ ពេលខ្លះគេចោទយើងថាយើងធ្វើពុតជាឈឺដើម្បីគេចពីការងារ។
ប្រជាជនខ្លះត្រូវអង្គការយកទៅកសាង ព្រោះតែប្រកែកតវ៉ានឹងអង្គការ។ អានី តែងតែភ័យខ្លាច និងលួចយំជារៀងរាល់ថ្ងៃ ព្រោះ អានី ជាក្មេងស្រីម្នាក់ដែលអង្គការតែងតែចាំឃ្លាំមើល។ អង្គការបានចោទបងប្អូន និងក្រុមគ្រួសាររបស់អានី ថាជាពួកនាយទុន ព្រោះអង្គការបានសង្កេតឃើញ អានី សម្បូរសាច់ញាតិថ្មីៗ ដែលជម្លៀសពីកន្លែងផ្សេងមកសុំរស់នៅជាមួយ។ អង្គការតែងហៅ អានី ទៅស្ដីឲ្យនៅពេលដែលរងបន្លែ ឬដំណាំត្រូវមាន់កាយ។ អានីតែងទៅលួចពូនយំម្នាក់ឯងបន្ទាប់ពីអង្គការស្ដីឱ្យ។ អានីមានខោអាវតែមួយសម្រាប់ជាប់នឹងខ្លួនប៉ុណ្ណោះ។ ខោរបស់នាងរហែករយ៉ៃ ហើយពេលដែលនាងទៅសុំខោអាវ ពីអង្គការបន្ថែមមួយកំប្លែទៀត អង្គការមិនឲ្យទេ។ អានី បានសម្រេចចិត្តទៅលួចយកខោអាវសេសសល់ពីឪពុក និងពូដែលអង្គការបានយកទៅកសាង(សម្លាប់ចោល)យកមកត្រាំក្នុងភក់ចំនួនមួយថ្ងៃមួយយប់សិន ទើបយកមកស្លៀក។
* ធ្វើការងារនៅក្នុងកងចល័ត ÷
នៅពេលដែល អានី វ័យធំល្មមអង្គការបានចាត់បញ្ចូលអានីទៅក្នុងក្រុមកងចល័ត។ ថ្ងៃដំបូងអានីមានអារម្មណ៍ថាមានគេស្រឡាញ់រាប់អាននាងច្រើនណាស់។ នាងមានអារម្មណ៍ល្អក្នុងការមកនៅកន្លែងថ្មីនេះ។ ថ្ងៃមួយពេលបាយថ្ងៃត្រង់ គេហៅអានីមកហូបបាយ ហើយពេលអានីមកដល់បើកគម្របឆ្នាំងដើម្បីដួសសម្ល នាងឃើញសុទ្ធតែអន្ទង់។ អានី ខ្លាចខ្លាំងណាស់ហើយមិនហ៊ានហូបបាយទេ។ នាងបានរត់ឡើងលើផ្ទះ ហើយមានស្ត្រីរាងចំណាស់ម្នាក់បានស្រែកសួរអានីថា ហេតុអីមិនចុះមកហូបបាយ? អានីឆ្លើយតបវិញថា ខ្ញុំមិនហូបទេ ខ្ញុំខ្លាចអន្ទង់ ខ្ញុំមិនហូបអន្ទង់ទេ។ ស្ត្រីចំណាស់នោះឮហើយអាណិត អានី គាត់បានដួសបាយមួយចាន ហើយដាក់ឆៃប៉ូវមួយដុំឲ្យ អានី ហូប។
ថ្ងៃបន្ទាប់ អានី បានទៅស្រែដើម្បីជួយស្ទូងជាមួយប្រជាជនផ្សេងទៀត។ ថ្ងៃនោះ អានី មានអារម្មណ៍ភ័យរន្ធត់ខ្លាំងណាស់ព្រោះនាងបានឃើញស្ដែងនឹងភ្នែកពេលអង្គការចាប់អូសមិត្តដែលកំពុងស្ទូងជាមួយគ្នាចេញពីក្នុងស្រែ ដោយមិនដឹងជាយកទៅទីណាទេ។ អានីខំតាំងចិត្តនិងសម្រួលអារម្មណ៍ធ្វើមិនដឹងមិនឮទាំងអស់ ហើយបន្តការស្ទូងរបស់នាងតាមធម្មតា។ រហូតដល់ពេលថ្ងៃត្រង់ អានី នៅតែមិនអាចបំភ្លេចរូបភាពទាំងអស់នោះបាន។ទឹកភ្នែករបស់នាងបានហូរស្រក់ចុះមកពេលកំពុងហូបបាយថ្ងៃត្រង់ ហើយស្រមៃពីខ្សែជីវិតរបស់នាងនៅថ្ងៃស្អែកបណ្ដើរ។
ពេលរាត្រីបានមកដល់ អានីដេកមិនលក់ទេ នាងនៅតែស្រមៃឃើញរូបភាពកាលពីថ្ងៃ ម្ដងហើយម្ដងទៀត។ អានី ចាប់ផ្ដើមយំខ្សឹកខ្សួលស្រណោះខ្លួន មិនដឹងថាថ្ងៃស្អែកនឹង ខ្ញុំមានអ្វីកើតឡើងទៀតនោះទេ។ នាងប្រឹងបិទភ្នែកហើយបន់ស្រន់ដល់ទេវតាសូមឲ្យជួយថែរក្សាការពារជីវិតរបស់នាងសម្រាប់ថ្ងៃស្អែកនេះ។
លុះស្អែកឡើង សកម្មភាពចាប់ប្រជាជននៅតែកើតឡើងដដែលពីមួយថ្ងៃទៅមួយថ្ងៃជាបន្តបន្ទាប់។ វាពិតជាសាហាវព្រៃផ្សៃខ្លាំងណាស់ ហើយអំពើឃោឃៅទាំងនោះមានអារម្មណ៍តក់ស្លុត និងដក់ក្នុងចិត្តយ៉ាងខ្លាំង។ រាល់យប់ អានី តែងតែបន់ស្រន់នៅក្នុងចិត្តសូមឲ្យទេវតាជួយថែរក្សាការពារប្រទេសមួយនេះឲ្យបានរួចផុតពីរបបសាហាវយង់ឃ្នងនេះផង។ អានីចេះតែស្រមើស្រមៃថា បើនៅតែយ៉ាងនេះទៀតមិនយូរទេ ប្រាកដជាដល់វេននាងហើយ។
ជារៀងរាល់ថ្ងៃ ប្រជាជនទាំងអស់នាំគ្នាខំប្រឹងធ្វើការងារយ៉ាងសស្រាក់សស្រាំ ធ្វើយ៉ាងណាឲ្យទទួលបានភោគផលដូចដែលអង្គការបានកំណត់។ប្រជាជនម្នាក់ៗ ហូបចុកមិនគ្រប់គ្រាន់ ដេកមិនស្កប់ស្កល់ហើយរាងកាយវិញ ស្គមស្គាំងក្បាលជង្គង់ធំជាងក្បាលមនុស្សទៅទៀត។(នៅមានត)
