ខេត្តបន្ទាយមានជ័យៈ យ៉ាងហោចណាស់ក៏មានផ្ទះប្រជាពលរដ្ឋចំនួន១៤ខ្នង ជង្រុកស្រូវ២ និង រោង៤ បានខូចខាតដោយខ្សល់កន្ត្រាក់ នៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅក្នុងស្រុកអូរជ្រៅ ។
លោកវរសេនីយ៍ទោ អ៊ឹម សុភារៈ អធិការនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា៖ នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ នៅស្រុកអូរជ្រៅ មានភ្លៀងរលឹមស្រិចៗ លាយឡំនិងខ្សល់កន្ត្រាក់បង្កឲ្យផ្ទះប្រជាពលរដ្ឋចំនួន២ឃុំ គឺឃុំសំរោង២ខ្នង និងឃុំចង្ហា១២ខ្នង បានរងនូវការប៉ះពាល់សរុបចំនួន១៤ ជាមួយនោះក៏មាន ជង្រុក ២ខ្នង និងរោង៤ខ្នងខូចខាតផងដែរ ។
ជាមួយគ្នានោះ លោកអធិការបានក៏បានណែនាំដល់ប្រជាពលរដ្ឋ ពេលមានភ្លៀង ផ្គររន្ទះនិងខ្សល់ សូមឲ្យមានការប្រុងប្រយ័ត្ន គឺត្រូវរកទីកន្លែងមានសុវត្ថិភាព ៕
ដោយឡែក សត្វគោ២ក្បាលបានងាប់ភ្លាមៗក្រោយពីរន្ទះបាញ់ បាតុភូតដ៏អាក្រក់នេះបានកើតឡើងនៅម៉ោង៣និង១០នាទីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ត្រង់ចំណុចវាលខាងលិចភូមិរំពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ប្រហែល១០០០ម៉ែត្រ ។
នគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថា៖ នៅមុនកើតហេតុសត្វគោញីទាំង២ក្បាលដែលមានម្ចាស់ឈ្មោះ ជា ប៉ក់ អាយុ៦៥ឆ្នាំ ប្រពន្ធឈ្នោះប៉ិ លីនអាយុ៦៧ឆ្នាំ នៅភូមិរំពាក់ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ បានចងឲ្យស៊ីស្មៅនៅឯវាលស្រែចម្ងាយប្រហែល១០០ម៉ែត្រខាងលិចភូមិ ស្របពេលនោះក៏មានភ្លៀងធ្លាក់លាយឡំជាមួយនិងផ្គររន្ទះយ៉ាងខ្លាំងបានបាញ់សត្វគោញីទាំង២ក្បាលនោះងាប់ភ្លាមៗមួយរំពេចនៅនឹងកន្លែង ៕
ដោយ៖ វណ្ណា