ក្រោយអាមេរិកដកខ្លួនចេញពីអង្គការសុខភាពពិភពលោក ដោយសារតែអង្គការមួយនេះមិនស្តាប់តាមអាមេរិកក្នុងការចេញសេចក្តីប្រកាសថា កូវីដ-១៩ លេចធ្លាយចេញពីមន្ទីរពិសោធន៍របស់ចិន នៅទីក្រុងវូហាន ។
សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥ បានផ្សាយថា ប្រមុខនៃអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ប្រតិបត្តិការ និងការងាររបស់ WHO នឹងត្រូវកាត់បន្ថយ ខណៈការផ្តាច់មូលនិធិរបស់សហរដ្ឋអាមេរិក ធ្វើឱ្យមានកង្វះខាតថវិកាក្នុងចំនួនច្រើន។
លោក Tedros Adhanom Ghebreyesus បានប្រាប់រដ្ឋសមាជិកដូច្នេះថា «ការធ្លាក់ចុះផ្នែកថវិកាភ្លាមៗ ធ្វើឱ្យយើងខ្វះខាតថវិកាសម្រាប់ផ្តល់ប្រាក់បៀវត្ស ហើយគ្មានជម្រើសអ្វីក្រៅពីកាត់បន្ថយទំហំការងារ និងកម្លាំងពលកម្ម»។ លោកបន្ថែមថា «ការបដិសេធបង់វិភាគទានឆ្នាំ ២០២៤-២០២៥ ពីសហរដ្ឋអាមេរិក រួមជាមួយការកាត់បន្ថយជំនួយអភិវឌ្ឍន៍ផ្លូវការដោយប្រទេសមួយចំនួនទៀត មានន័យថា យើងកំពុងប្រឈមមុខនឹងកង្វះខាតលទ្ធភាពបើកប្រាក់បៀវត្ស សម្រាប់ឆ្នាំ ២០២៦-២០២៧ ដែលមានចំនួនចន្លោះពី ៥៦០ទៅ ៦៥០លានដុល្លារឯណោះ»។
សហរដ្ឋអាមេរិក បានផ្តល់ថវិកាចំនួន ១.៤ពាន់លានដុល្លារដល់ WHO នៅឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ប៉ុន្តែមិនបានផ្តល់វិភាគទានសម្រាប់ឆ្នាំ ២០២៤ នោះទេ ហើយគេក៏មិនរំពឹងថានឹងមានវិភាគទានសម្រាប់ឆ្នាំ២០២៥នេះដែរ។ ព្រមពេលជាមួយគ្នា ទីភ្នាក់ងារសុខភាពនៃអង្គការសហប្រជាជាតិមួយនេះ ក៏ត្រូវត្រៀមលក្ខណៈសម្រាប់ការដកខ្លួនចេញទាំងស្រុង របស់សហរដ្ឋអាមេរិកផងដែរ៕ ដោយធីរីណា
រូបថត: TTXVN