ភ្នំពេញ៖ អំពើដ៏ឃោឃៅអសីលធម៌បង្កឡើងដោយម្ចាស់ហាង «រតនៈរចនាម៉ូដ» បានវាយទៅលើបុរសវ័យចំណាស់ជាអ្នករត់ម៉ូតូកង់បី រហូតដល់បាក់ដៃ គ្រាន់តែចតម៉ូតូកង់បីមុខហាងរបស់ខ្លួននោះអាចប្រឈមទៅនឹងការឃាត់ខ្លួនដោយសមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៌។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញបានចេញបញ្ជាឲ្យផ្ទាល់កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ឲ្យសមត្ថកិច្ចនគរបាលជំនាញធ្វើការស្រាវជ្រាវករណីម្ចាស់ហាង «រតនៈរចនាម៉ូដ» វាយបុរសរត់ម៉ូតូកង់បីនោះដោយលោកស្នងការមិនអនុគ្រោះឡើយ។
ការស្រាវជ្រាវនេះនឹងដឹកនាំដោយលោក សុង លី ស្នងការរងទទួលផែនយុត្តិធម៌ និងបើកការស៊ើបអង្កេតខណៈបទល្មើលនេះជាបទល្មើសជាក់ស្តែង និងមានរយៈពេល៧ថ្ងៃដែលមន្ត្រីនគរបាលយុត្តិធម៌មានសិទ្ធិឃាត់ខ្លួនជនបង្កក្នុងបទល្មើសជាក់ស្តែង។
គួររំលឹកថា នៅតាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅយប់ថ្ងៃ២២ ខែសីហា ឆ្នាំ២០១៦កន្លងទៅ បុរសវ័យចំណាស់ម្នាក់ជាអ្នករត់ម៉ូតូកង់បី ត្រូវបានម្ចាស់ហាងយីហោ«រតនៈរចនាម៉ូដ» វាយរហូតដល់បាក់ដៃ ខណៈដែលគាត់បានឈប់ចតម៉ូតកង់បីមុខផ្ទះមួយភ្លេតដើម្បីរង់ចាំឌុបម៉ូយរបស់គាត់៕
ដោយ៖ សុខ ខេមរា