ខេត្តបាត់ដំបង៖ មន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថាៈ ចាប់តាំងពីចុងខែឧសភា មក ដែលក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម បានបញ្ចេញទឹកពីប្រព័ន្ធធារាសាស្ត្រកង្ហត តាមប្រឡាយមេលេខ ១ ដើម្បីបញ្ជូនទឹកទៅស្រោចស្រពដីស្រែរាប់ម៉ឺនហិកតា នៅក្នុងឃុំកំពង់ព្រៀង ឃុំតាប៉ុន ឃុំរាំងកេសី ស្រុកសង្កែ ឃុំធិបតី ស្រុកគាស់ក្រឡ ឃុំកកោះ ឃុំព្រៃតូច ស្រុកមោងឫស្សី៕ មន្ត្រីបន្តថាៈ ប៉ុន្តែ ជនខិលខូចមួយចំនួន ដែលអាត្មានិយម គិតតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតអំពីអ្នកដទៃ តែងតែលួចទម្លាក់ទ្វារទឹក នៅលើដងប្រឡាយ ដើម្បីបញ្ចាល់ទឹកឱ្យហៀរលើភ្លឺប្រឡាយហូរចូលទៅក្នុងស្រែរបស់ខ្លួន ឯអ្នកនៅផ្នែកខាងក្រោម មានដីស្រែរាប់ម៉ឺនហិកតា នៅតែមិនបានទទួលទឹកដដែល ។
បន្ទាប់ពីមានការប្រជុំ អប់រំ ណែនាំ ផ្សព្វផ្សាយច្រើនលើក ច្រើនសារ នៅតែមិនបានទទួលលទ្ធផល ទន្ទឹមស្រូវរបស់បងប្អូនប្រជាពលរដ្ឋនៅផ្នែកខាងក្រោម កំពុងត្រូវការទឹកខ្លាំង ថ្ងៃនេះ ក្រុមការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម សម្រេចចាត់វិធានការ ស្ទូចយកទ្វារទឹកនៅលើដងប្រឡាយ ចំនួន ០៨ សន្លឹក ចេញ (០១សន្លឹក ទម្ងន់ ០៦ តោន) ដើម្បីឱ្យទឹកហូរតាមដងប្រឡាយដោយសេរី (Free Flow) ទៅតំបន់ផ្នែកខាងក្រោម ៕
ដោយ៖ សុខ ខេមរា