រឿងរ៉ាវរបស់ក្រុមគ្រួសារយាយណែម នៅក្នុងរបបខ្មែរក្រហម ÷
ក្រុមគ្រួសាររបស់យាយណែមត្រូវបានខ្មែរក្រហមសម្លាប់ចោលស្ទើរតែទាំងអស់។ ព្រឹត្តិការណ៍ទាំងអស់នេះធ្វើឲ្យគាត់នៅចងចាំនិងដក់ជាប់ក្នុងជីវិតគាត់ជានិច្ច។ យាយណែម បានក្លាយទៅជាស្ត្រីមេម៉ាយនៅអាយុ២០ឆ្នាំ ហើយត្រូវរ៉ាប់រងចិញ្ចឹមកូនចំនួន ៤ នាក់។ឪពុករបស់យាយណែម គឺជាដង្ខៅក្របី និងអ្នកលក់ឈើ។ ឯប្ដីរបស់យាយណែម គឺជាគ្រូពេទ្យ។ ចំណែកបងប្អូនពូមីងរបស់យាយណែម គឺសុទ្ធតែជាខ្សែទាហាន។ ដូច្នេះហើយទើបក្រុមគ្រួសាររបស់គាត់ត្រូវបានខ្មែរក្រហមធ្វើបាប និងចោទថាពួកសក្កិភូមិមិនចង់ធ្វើការងារ ចង់ស៊ីកម្លាំងពលកម្មអ្នកដទៃ តែទាំងនេះ ជាមូលហេតុធ្វើឲ្យខ្មែរក្រហមយកក្រុមគ្រួសាររបស់គាត់ទៅកសាងម្នាក់ម្ដងៗជាបន្តបន្ទាប់។
នៅក្នុងរបបខ្មែរក្រហម ប្ដីរបស់យាយណែម ត្រូវបានអង្គការបញ្ជូនឲ្យទៅជីកប្រឡាយនៅស្រុកឆ្ងាយពីផ្ទះ។ គាត់មានឱកាសលួចមកលេងប្រពន្ធកូនតែពេលណាដែលមានប្រជាក្នុងក្រុមចល័តរបស់គាត់ហើយត្រូវសែងមកព្យាបាលតែប៉ុណ្ណោះ។ នឹកឃើញថ្ងៃមួយប្ដីរបស់យាយណែម ត្រូវឈ្លបមកប្រាប់ថាយប់ស្អែកអង្គការនឹងនាំយកទៅរៀនសូត្រ។ ពេលនោះក្រុមគ្រួសារ ជាពិសេសយាយណែមភ័យខ្លាំងណាស់។បងប្អូនរបស់យាយណែមបានប្រាប់ប្ដីរបស់យាយណែមថា កុំឲ្យទៅតាមកងឈ្លប។ ពួកគេថែមទាំងប្រាប់ឲ្យប្ដីរបស់យាយណែនរត់ទៀតព្រោះពួកគេដឹងមុនថា។ បើហ៊ានតែទៅតាមកងឈ្លបគេនឹងសម្លាប់ចោលហើយ។ ប្តីរបស់យាយណែម មិនជាទេ ហើយថែមទាំងឆ្លើយតបត្រឡប់ទៅយាយណែម និងសាច់ញាតិថា គាត់មិនជឿទេដែលខ្មែរសម្លាប់ខ្មែរគ្នាឯងនោះ។ ចាប់តាំងពីថ្ងៃនោះមក មិនដែលឃើញវត្តមានប្ដីយាយណែមត្រឡប់មករកប្រពន្ធកូនវិញទេ។យាយណែម តែងតែរង់ចាំប្ដីពីមួយថ្ងៃទៅមួយថ្ងៃ តែមិនឃើញប្តីត្រឡប់មកវិញសោះ។ ថ្ងៃមួយមានអ្នកស្គាល់គ្នាមកប្រាប់យាយណែមថា ប្ដីរបស់គាត់ត្រូវបានគាំទ្រយកទៅសម្លាប់នៅក្នុងវត្តមួយ។គ្រាន់តែឮភ្លាមយាយណែមបេះដូងដូចត្រូវគេយកកាំបិតមកពុះច្រៀកយកថ្លើមប្រម៉ាត់។ គាត់ស្ទើរតែក្លាយទៅជាមនុស្សវិកលចរិតភ្លាមៗ ពេលបានទទួលដំណឹងនោះ។ ទោះយ៉ាងណាយាយណែម បានខំប្រឹងធ្វើចិត្ត និងតាំងស្មារតីដោយសង្ឃឹមថារស់នៅដើម្បីចិញ្ចឹមកូនទាំងបួនរបស់គាត់។
រាល់ព្រឹក យាយណែម ត្រូវទៅដកស្ទូងនៅឆ្ងាយពីកូនតូចៗរបស់គាត់។ កូនបងរបស់គាត់នៅមើលថែប្អូនតូចៗនៅឯផ្ទះ ហើយប្អូនប្រុសរបស់គាត់ត្រូវអង្គការធ្វើបាបខ្លាំងណាស់។ អង្គការតែងខ្លាំមើលប្អូនប្រុសរបស់គាត់ជានិច្ច។ បើប្អូនរបស់គាត់ហ៊ានឈប់សម្រាកពីការងារតែបន្តិចអង្គការនឹងចោទថាគាត់ខ្ជិល ហើយពេលហូបបាយគាត់តែងតែទទួលបានរបបតិចជាងគេ។អង្គការចាំមើលតែប្អូនរបស់យាយណែមម្នាក់គត់ ដែលមានប្រវត្តិជានិស្សិត ហើយឪពុករបស់គាត់ជានាយជាហានសក្តិ៥ ដូចនេះប្អូនរបស់យាយណែមមានឈ្មោះក្នុងបញ្ជីរបស់អង្គការរួចទៅហើយ។
ថ្ងៃមួយមិនដឹងជាប្អូនរបស់ទាយណែមធ្វើអ្វីខុសទេស្រាប់តែគង់ធ្លាប់ចាប់គាត់ចងដៃចងជើងរួចបោះទម្លាក់ទៅក្នុងទឹក។មួយសន្ទុះធំ។ទើបកងឈ្លបលើកគាត់ឡើងមកវិញរួចក៏ទម្លាក់គាត់ម្ដងទៀតរហូតទាល់តែគាត់សន្លប់ទើបលើកគាត់ឡើង។លុះយប់ឡើង។យកគាត់ទៅសម្លាប់តែម្ដង។ក្រុមគ្រួសារនិងក្រុមគ្រួសាររបស់យាយណែនត្រូវបានអង្គការយកទៅសម្លាប់ចោលជាបន្តបន្ទាប់។
កូនៗយាយណែម ត្រូវអង្គការយកទៅរៀនសូត្រជាមួយនឹងកុមារដ៏ទៃទៀត។ ព្រឹកឡើងកូនយាយណែម បានឡើងលើរទេះរួចជាស្រេចត្រៀមនឹងចេញដំណើរទៅតាមកងឈ្លបនោះ ប៉ុន្តែសំណាងល្អស្រាប់តែសំឡេងគ្រាប់បានផ្ទុះឮសូរផូងផាំងក្តុងក្តាំង។ ពួក ក្មេងៗភ័យខ្លាចនាំគ្នាចុះពីរទេះរត់ពួន។ កូនបងរបស់យាយណែមបានរត់ទៅរកប្អូនៗ ហើយនាំគ្នាមកពួននៅក្នុងត្រង់សេ។ចំណែកឯកូនពៅរបស់យាយណែម នៅតូចណាស់ វាភ័យស្រែកយំស្ទើរគាំង។
ការប្រយុទ្ធគ្នានៅតែបន្តគ្រាប់បែកនៅតែបន្តផ្ទុះ។ មិនយូរប៉ុន្មានកងទ័ពវៀតណាម និងកងទ័ពរណសិរ្សទទួលជ័យជម្នះលើពួកខ្មែរក្រហម។ យាយណែមបានដើររកកូនគ្រប់ទិសទី៊ គាត់ស្រែកហៅកូនបណ្ដើរ យំបណ្ដើរ។ គាត់ប្រឹងស្រែកដង្ហោយហៅឈ្មោះប្ដីរបស់គាត់ ដើម្បីសូមឲ្យជួយថែរក្សាសុខសុវត្ថិភាពដល់កូនទាំងបួន។ នៅទីបំផុតយាយណែមបានជួបកូនទាំង៤នាក់។ គាត់យំឱបកូនដោយក្តីរំភើបក្រៃលែង។
ស្រមោលអន្ធការដ៏កម្សត់ជូរចត់វេទនា និងទុក្ខព្រួយទាំងអស់បានរសាត់អណ្ដែតបាត់ ហើយបានបន្សល់ទុកស្ត្រីមេម៉ាយ ក្មេងកំព្រានិងជនពិការបន្តស្វះស្វែងរស់នៅរហូតដល់បច្ចុប្បន្ននេះ៕ (ចប់ដោយបរិបូណ៌)
