ខេត្តសៀមរាប ៖ លោក គង់ ភោគ រដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពីការផ្លាស់ប្ដូរទស្សនកិច្ចយុវជនអាស៊ាន-ចិន លើកទី៣ ក្រោមមូលបទ “ការជំរុញតួនាទីរបស់យុវជនក្នុងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍” នៅខេត្តសៀមរាប ប្រទេសកម្ពុជា។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដោយមានការគាំទ្រពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈមូលនិធិសហប្រតិបត្តិការអាស៊ាន-ចិន។
ពិធីបើកសិក្ខាសាលាខាងលើក៏មានការអញ្ជើញចូលរួមពី លោក សេរី ជំនះ រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា លោក លូ ឈីជឺ ប្រធានការិយាល័យកុងស៊ុលប្រចាំខេត្តសៀមរាប នៃស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប និងលោក ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ផងដែរ។
លោក រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងអបអរសាទរឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនអាស៊ាន-ចិន ដែលជាឆ្នាំនៃការជំរុញការតភ្ជាប់វប្បធម៌ និងអន្តរបុគ្គលឱ្យកាន់តែស៊ីជម្រៅរវាងប្រជាជាតិនៃតំបន់ទាំងពីរ។ លើសពីនេះ សិក្ខាសាលានេះក៏បានដើរតួជាវេទិកាមួយដើម្បីប្រមូលផ្តុំយុវជនដែលមានទេពកោសល្យមកពីទូទាំងប្រទេសសមាជិកអាស៊ាន ទីម័រឡេស្តេ និងប្រទេសចិន ដើម្បីស្វែងយល់ពីចំណុចប្រសព្វដ៏សំខាន់ក្នុងការលើកកម្ពស់សមត្ថភាពយុវជន និងនវានុវត្តន៍ឌីជីថល៕
ដោយ ៖ សិលា