ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជម្រុញឱ្យមានការ “រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់”។ នេះបើយោងតាម សារាចរ ស្តីពី ការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ៖ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃចលនាកម្មករអន្តរជាតិ ដែលព្រះរាជាណាចក្រ កម្ពុជា តែងតែប្រារព្ធជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់បច្ចុប្បន្ន។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បន្តថា ៖ នៅឆ្នាំ២០២៥ នេះ ខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នឹងប្រារព្ធឡើងក្រោមប្រធានបទ “រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់”។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា ៖ ដើម្បីរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ នេះ ឱ្យប្រព្រឹត្តទៅបានល្អប្រសើរ រាជរដ្ឋាភិបាលសូមដាក់ចេញនូវវិធានការណែនាំដូចខាងក្រោម៖
១- ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយសហការជាមួយក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ត្រូវរៀបចំប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ថ្នាក់ជាតិ ដោយមានការចូលរួមពីកម្មករនិយោជិត និយោជក និងដៃគូពាក់ព័ន្ធ។
២- ក្រសួងព័ត៌មាន ត្រូវណែនាំប្រព័ន្ធឃោសនារបស់រដ្ឋនិងឯកជន បណ្តាញសារព័ត៌មានសង្គមនានា ឱ្យផ្សព្វផ្សាយសារាចរនេះ និងសារលិខិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសកម្មភាពនានារបស់កម្មករនិយោជិត ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា។
៣- ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត ត្រូវជ្រើសរើសទីតាំងសមស្របដូចជា ដងវិថី និង ទីតាំងសំខាន់ៗ ដើម្បីចងបដាពាក្យស្លោកតាមខ្លឹមសារដូចខាងក្រោម៖
– អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា
– រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់
– ប្តេជ្ញាបន្តធានាឱ្យបាននូវ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ
– រួមគ្នាលើកកម្ពស់វប្បធម៌អនុលោមភាពតាមច្បាប់នៅតាមគ្រប់សហគ្រាស គ្រឹះស្ថាន
– រួមគ្នាលើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ
– រោងចក្រជាឆ្នាំងបាយរួមរបស់បងប្អូនកម្មករនិយោជិតនិងនិយោជក
– រួមគ្នាធានាឱ្យបាននូវរបបសន្តិសុខសង្គមសម្រាប់កម្មករនិយោជិត
– សន្តិភាពជាមូលដ្ឋានគ្រឹះនៃនិរន្តរភាពមុខរបរនិងការងារ
– ថែរក្សាសន្តិភាពជាការថែរក្សាមុខរបរនិងការងារ
– មានការងារ បង្កើតជំនាញ បង្កើនផលិតភាពការងារ
– ជំរុញការវិនិយោគនិងបង្កើនឱកាសការងារសមរម្យ។
៤- ម្ចាស់សហគ្រាស គ្រឹះស្ថាន ត្រូវរៀបចំកម្មវិធីកម្សាន្តសប្បាយៗតាមលទ្ធភាពជាក់ស្តែង និងចងបដា ពាក្យស្លោក នៅច្រកចេញចូល និងនៅតាមអគារសហគ្រាស គ្រឹះស្ថានរបស់ខ្លួន ដូចខាងក្រោម៖
– អបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា
– រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាពនិងភាពធន់
– ប្តេជ្ញាបន្តធានាឱ្យបាននូវ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ
– រួមគ្នាលើកកម្ពស់វប្បធម៌អនុលោមភាពតាមច្បាប់
– រួមគ្នាលើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ
– រោងចក្រជាឆ្នាំងបាយរួមរបស់បងប្អូនកម្មករនិយោជិតនិងនិយោជក។
៥- អង្គការវិជ្ជាជីវៈរបស់កម្មករនិយោជិត អង្គការវិជ្ជាជីវៈរបស់និយោជក កម្មករនិយោជិត និងនិយោជក នៃសហគ្រាសនីមួយៗ ព្រមទាំងដៃគូពាក់ព័ន្ធ ត្រូវរួមគ្នាប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ក្នុងគោលដៅបង្ហាញឱ្យឃើញអំពីភាពថ្លៃថ្នូរ ភាពចាស់ទុំ និងភាពប្រសើរឡើងនៃសិទ្ធិសេរីភាពរបស់កម្មករនិយោជិត និងសុខដុមនីយកម្មនៃ ទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីបង្កើនការទាក់ទាញទុនវិនិយោគ និងបង្កើតឱកាសការងារកាន់តែប្រសើរ និងសមរម្យជូនបងប្អូនកម្មករនិយោជិត និងប្រជាពលរដ្ឋ។
៦- ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស រដ្ឋបាលរាជធានី ខេត្ត និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវធានារក្សាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសនៃការប្រារព្ធទិវាពលកម្មអន្តរជាតិ ១ ឧសភា នេះ ឱ្យបានល្អ។
៧- អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវសហការជាមួយនឹងអង្គការវិជ្ជាជីវៈ តំណាងបងប្អូន កម្មករនិយោជិត និងនិយោជក ដូចតទៅ៖
– រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅតាម រាជធានី ខេត្តនីមួយៗ
– ដឹកនាំរៀបចំកម្មវិធីកម្សាន្តសប្បាយៗ ដើម្បីអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅតាម សហគ្រាស គ្រឹះស្ថាននីមួយៗ តាមស្ថានភាពជាក់ស្តែង។
៨- មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត ត្រូវធ្វើជាសេនាធិការជូនគណៈអភិបាល រាជធានី ខេត្ត ក្នុងការរៀបចំពិធីអបអរសាទរនិងកម្មវិធីនានា។
៩- ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវរៀបចំឯកសារនិងតាមដានបូកសរុបការរៀបចំពិធីនេះ ដើម្បីរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល។
រាជរដ្ឋាភិបាល សូមអំពាវនាវដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និយោជក បងប្អូនកម្មករនិយោជិតខ្មែរនិង បរទេសទាំងអស់ ចូលរួមរំលឹកខួបអបអរសាទរទិវាពលកម្មអន្តរជាតិ ១ ឧសភា នៅក្នុងបរិយាកាសសោមនស្ស រីករាយ សាមគ្គីភាព និងភាតរភាព ដើម្បីឱ្យសក្តិសមជាទិវាការងាររបស់ជាតិយើង។
ទទួលបានសារាចរនេះ ទីស្តីការគណៈរដ្ឋមន្ត្រី គ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត ត្រូវអនុវត្តឱ្យមាន ប្រសិទ្ធភាពនិងដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕
ដោយ ៖ សិលា