ខេត្តបន្ទាយមានជ័យ: ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃព្រហស្បត្តិ ទី២៤ ខែមេសា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី។
សមត្ថកិច្ចបញ្ជាក៎ថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានរថយន្ដតាក់ស៊ីបានដឹកពលករទៅលាក់ទុកនៅព្រៃចម្ការមួយកន្លែង ទើបកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោក វរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានចុះទៅដល់ទីតាំងកើតហេតុហើយធ្វើការហៅម្ចាស់តាក់ស៊ីដឹកពលករឈ្មោះ ណៃ ប៊ុនធឿន ភេទប្រុស អាយុ៣៧ឆ្នាំ រួមនឹងថយន្តម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-8571 រួមនឹងពលករចំនួន១៣នាក់ មកសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកតែម្ដង។លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានឱ្យដឹងថា ពលករចំនួន១៣នាក់ ក្រោយសមត្ថកិច្ចសួរនាំរួចទើបដឹងថាពួកគេមានបំណងចេញទៅប្រទេសថៃតាមច្រករបៀងដោយខុសច្បាប់។ បន្ទាប់មកកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានធ្វើការណែនាំនិងធ្វេីកិច្ចសន្យា ហើយបានឱ្យពួកគាត់វិលត្រឡប់ទៅគេហដ្ឋានវិញ។ ចំណែកជនសង្ស័យឈ្មោះ ណៃ ប៊ុនធឿន បានឆ្លើយសារភាពថា ខ្លួនពិតជាបានដឹកពលករទាំងអស់នោះដើម្បីលួចឆ្លងដែនទៅប្រទេសថៃពិតប្រាកដមែន ហេីយខ្លួនក៏ធ្លាប់បានដឹកពលករចំនួន២លេីករួចមកហេីយដែរ ហើយលេីកទី៣នេះក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ៖ វណ្ណា