ខេត្តកណ្តាល៖ បុរសម្នាក់មានមុខរបរជាកម្មករឡឥដ្ឋ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹងចាប់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីឆែកឆេរនៅលើខ្លួនប្រាណរកឃើញមានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកក១កញ្ចប់ធំ ។
ប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនជនសង្ស័យខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង១០ និង៣០នាទីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង។
មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ចាន់ ឈន ហៅឈុជ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករឡឥដ្ឋ មានទីលំនៅភូមិលៀក ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ក្នុងប្រតិបត្តិការបង្រ្កាបឃាត់ខ្លួនជនសង្ស័យខាងលើនេះ សមត្ថកិច្ចធ្វើការដកហូតវត្ថុតាងថ្នាំញៀនប្រភេទមេតមហ្វេតាមីន ហៅម៉ាទឹកកក១កញ្ចប់ធំ, ទូរស័ព្ទដៃម៉ាកណូគាចុចពិល១គ្រឿង, កាបូបដៃពណ៌សុកូឡា១, កាតគ្រីម៉ូតូ២សន្លឹក, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែ១សន្លឹក និងសម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត ។
ប្រភពដដែលបានបន្តថា ជនសង្ស័យខាងលើនេះជាមុខសញ្ញាជួញដូរគ្រឿងញៀនឧស្សាហ៍ចូលមកធ្វើសកម្មភាពនៅភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ។ នៅមុនពេលចាប់ខ្លួនសមត្ថកិច្ចទទួលបានព័ត៌មានថា ជនសង្ស័យជិះម៉ូតូទៅទិញគ្រឿងញៀនពីមេក្លោងនៅម្តុំមន្ទីរពេទ្យលោកសង្ឃក្នុងរាជធានីភ្នំពេញ ដើម្បីយកមកចែកចាយនៅក្នុងភូមិសាស្ត្រឃុំអន្លង់រមៀត ។ បន្ទាប់ពីទទួលបានព័ត៌មានសមត្ថកិច្ចនគរបាលស្រុកបានសហការជាមួយនគរបាលប៉ុស្តិ៍ ចុះចាំឃ្លាំមើល រហូតប្រទះឃើញជនសង្ស័យដើរចូលទៅធ្វើសកម្មភាពទៅឲ្យអ្នកប្រើប្រាស់នៅម្តុំបន្ទប់ជួលរបស់ឈ្មោះ ថន សាលីន ទើបសមត្ថកិច្ចឆ្មក់ចូលទៅបង្រ្កាបឃាត់ខ្លួន ឆែកឆេររកឃើញមានវត្ថុតាងពាក់ព័ន្ធ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕
ដោយ៖ ស្អាងជ័យ
...