ខេត្តកំពង់ធំ៖ តំបន់សឹករងកំពង់ធំនាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ បានបើកកិច្ចប្រជុំស្ដីពីការប្រគល់ភារកិច្ចជូនកងកម្លាំងទាំងអស់ដើម្បីចូលរួមការពារ សន្ដិសុខ សុវត្ថិភាព នៅពេលចុះឈ្មោះបោះឆ្នោតខាងមុខ ក្រោមការដឹកនាំរបស់លោក សោម ស៊ុន មេបញ្ជាការតំបន់សឹករងខេត្ត ព្រមទាំងមេបញ្ជាការ មេបញ្ជាការរង នៃតំបន់សឹករងកំពង់ធំ។
ក្នុងឱកាសនោះដែរ លោក សោម ស៊ុន បានមានប្រសាន៍សង្កត់ធ្ងន់ចំពោះសន្ថិសុខ សុវត្ថិភាព ជូនមន្រ្ដី គ.ជ.ប ប្រជាពលរដ្នក្នុងដំណើរការចុះឈ្មោះបោះឆ្នោតជាថ្មីនៅតាមមណ្ឌលនានាក្នុងខេត្តកំពង់ធំនាពេលខាងមុខ ដូច្នេះគ្រប់កងកំលាំងទាំងអស់ត្រូវយកចិត្តទុកដាក់ សហការជាមួយនិងសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរដែនដី ក៏ដូចជាស្ថាប័ន្ដ គ. ជ .ប ឲ្យបានម៉ត់ចត់តាមផែនការជាមួយនិងនគរបាលជាតិ កងរាជអាវុធហត្ថ រដ្ឋបាលដែនដី គ្រប់ថ្នាក់តាមមូលដ្ឋាន ក្នុងខេត្ត។ ម្យ៉ាងទៀតត្រូវផ្សព្វផ្សាយឲ្យបានស៊ីជម្រៅដល់យោធិន និងប្រជាពលរដ្នត្រូវទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នានៅតាមមណ្ឌលដែលខ្លួនរស់នៅព្រមទាំងសមាជិកក្រុមគ្រួសារដែលមានអត្តសញ្ញាណប័ណ្ណគ្រប់អាយុត្រូវទៅចុះឈ្មោះបោះឆ្នោតដើម្បីបំពេញកាតព្វកិច្ចជាពលរដ្នក្នុងសង្គមនិងត្រៀមខ្លួនបោះឆ្នោតសកលក្នុងឆ្នាំ២០១៧និង២០១៨ខាងមុខ ដើម្បីសម្ដែងឆន្ទះរបស់ខ្លួនក្នុងការជ្រើសរើស អ្នកដឹកនាំដែលខ្លួនពេញចិត្ត៕
ដោយ៖ ប៊ុន រិទ្ធី