ការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញជាសមិទ្ធផល និងជាផ្លែផ្កានៃការវិភាគមុខងារ និងរចនាសម្ព័ន្ធមុនគេបង្អស់ជាមួយក្រសួងមុខងារសាធារណៈ តាមរយៈ ២ដំណាក់កាល

ចែករំលែក៖

ភ្នំពេញ÷ ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ក្រសួងមុខងារសាធារណៈ និងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន សហការរៀបចំសិក្ខាសាលាស្តីពី«ការ ពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានវត្តមានអញ្ជើញចូលរួមដោយ លោកឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួង ស្ថាប័នទាំងពីរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (CJCC)។

ក្នុងមតិស្វាគមន៍អង្គសិក្ខាសាលាលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានបង្ហាញពីការកកើតរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងការប្តេជ្ញាចិត្តក្នុងការចូលរួម ព្រមទាំងបានរៀបរាប់ពីដំណាក់កាលការនៃការចូលរួមក្នុងការវិភាគមុខងាររបស់រដ្ឋលេខាធិការដ្ឋាន ជាមួយរាជរដ្ឋាភិបាល ជូនអង្គសិក្ខា សាលាថា “ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យឈ្លាសវៃដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានយកចិត្តទុកដាក់ខ្ពស់បំផុត ប្រកបដោយបុរេសកម្ម និងភាពប្រទាក់ក្រឡាគ្នា លើការកែទម្រង់ដ៏ស៊ីជម្រៅ និងការលើកកម្ពស់សមត្ថភាពស្ថាប័ន អមជាមួយលិខិតបទដ្ឋានគតិយុត្តនានា ដើម្បីឈានសម្រេចបានជោគជ័យ។

លោករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា ការរៀបចំនិងការ ប្រព្រឹត្ត ទៅរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានចេញជាសមិទ្ធផលនិងជាផ្លែផ្កានៃការវិភាគមុខងារ និងរចនា សម្ព័ន្ធមុនគេបង្អស់ ជាមួយក្រសួងមុខងារសាធារណៈ តាមរយៈ ការសហការអនុវត្តការងារ ២ ដំណាក់កាល៖ ដំណាក់កាលទី១ គឺដំណាក់កាលនៃការវិភាគមុខងារមុនពេលទទួលបានការឯកភាពពីរាជរដ្ឋាភិបាល លើអនុក្រឹត្យស្តីពី«ការរៀបចំនិងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋាន»។ ដំណាក់កាលនេះត្រូវបានធ្វើ ឡើងដើម្បីបញ្ចៀសរាល់ការត្រួតជាន់គ្នាជាមួយក្រសួង ស្ថាប័ន នៃការកំណត់តួនាទីស្នូល និងតួនាទីជាក់លាក់នៃរដ្ឋលេខាធិការដ្ឋាន។

ដំណាក់កាលទី២ គឺជាដំណាក់កាលក្រោយពីអនុក្រឹត្យស្តីពី «ការរៀបចំនិងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន» ទទួលបានការឯកភាពពីកិច្ចប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី។ ការវិភាគមុខងារ និងរចនាសម្ព័ន្ធក្នុងដំណាក់កាលនេះត្រូវបានរៀបចំឡើង ដើម្បីត្រួតពិនិត្យឡើងវិញពិនិត្យ និងសម្រួចមុខងារ តួនាទី ភារកិច្ច របស់រដ្ឋលេខាធិការដ្ឋាន ឱ្យកាន់តែមានភាពល្អប្រសើរឡើង ស្របតាមចក្ខុវិស័យ ពង្រឹងសមត្ថកិច្ច និងអភិបាលរបស់ស្ថាប័ន ដែលនោះគឺការកំណត់មុខងារស្នូល និងមុខងាររង ព្រមទាំងការជ្រើសរើសធនធានមនុស្ស ដើម្បីបំពេញរចនាសម្ព័ន្ធដែលនៅសេសសល់ ដែលមានភាពចាំបាច់បំផុត។

“ជាលទ្ធផលនៃការវិភាគមុខងារ និងរចនាសម្ព័ន្ធជាបន្តបន្ទាប់នេះ រដ្ឋលេខាធិការដ្ឋានមានមុខងារស្នូលចំនួន៣ និងមុខងាររងចំនួន២៤ ត្រូវបានបែងចែកជា២ គឺមុខងារគាំទ្រមានចំនួន៨ និងមុខងារជំនាញមានចំនួន១៦។” ឯកឧត្តមបានបន្ថែម។

សូមជម្រាបថា សិក្ខាសាលានាព្រឹកនេះ ត្រូវបានរៀប ចំឡើងជាមួយបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបគឺ៖ (១) ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន ដោយលោកស្រីឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និង (២) ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយលោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ ក្រសួងមុខងារសាធារណៈ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print