ខេត្តបន្ទាយមានជ័យៈ ក្មេងប្រុសម្នាក់រងរបួសធ្ងន់ក្រោយមកបានស្លាប់ពេលបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពទ្រាសនិងម្នាក់ទៀតរងរបួសស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកគោយន្តកន្ត្រៃ កើតឡើងនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៥៦A មុខផ្ទះឈ្មោះធុង ស្ថិតក្នុងភូមិទ្រាស ឃុំទ្រាស ស្រុកស្វាយចេក ។
នគរបាលស្រុកស្វាយចេកបានឲ្យដឹងថាៈនៅមុនពេលកើតហេតុមានក្មេងប្រុស២នាក់ ម្នាក់ឈ្មោះលួយ ភេទប្រុស អាយុ ១៧ ឆ្នាំរស់នៅភូមិថ្នល់ដាច់ ឃុំថ្មពួក ស្រុកថ្មពួក បានបើកបរម៉ូតូ១គ្រឿងម៉ាកហុងដាទ្រីមពណ៌ខ្មៅសេរីឆ្នាំ២០២៥ គ្មានស្លាកលេខ និងអ្នករួមដំណើរម្នាក់ឈ្មោះ ហួត លីហុង ភេទប្រុស អាយុ ១៨ ឆ្នាំរស់នៅភូមិ ឃុំ ជាមួយគ្នា ដោយធ្វើដំណើរពីពីត្បូងទៅជើងលើកំណាត់ផ្លូវជាតិលេខ៥៦A ពេលបើមកដល់ចំណុចខាងលើ មានក្រុមក្មេង១ក្រុម(មិនស្គាល់អត្តសញ្ញាណ) បានជិៈម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ធ្វើសកម្មភាពដេញវាយពីក្រោយ ពេលនោះក្មេងរងគ្រោះទាំង២នាក់មានការភ័យក៏បើកម៉ូតូលឿនបានជ្រុលទៅបុកគោយន្តកន្ត្រៃធ្វើដំណើរស្របទិសគ្នាពីក្រោយបណ្តាលឲ្យអ្នកបើកបរម៉ូតូខ្ទាតចេញពីម៉ូតូបត់ករបួសធ្ងន់ក្រោយមកបានស្លាប់ពេលបញ្ជូនដល់មណ្ឌលសុខភាពឃុំទ្រាស រីឯអ្នករួមដំណើររងរបួសស្រាល ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយចេក ។ ចំពោះជនបង្កជិៈម៉ូតូដេញវាយនិងអ្នកបើកគោយន្តកន្ត្រៃបានគេចខ្លួនបាត់ក្រោយពីកើតហេតុ ។ ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវរកមុខជនបង្ក ដើម្បីឃាត់ខ្លួនសួរនាំនិងអនុវត្តតាមនិតិវិធី ។ សពក្មេងរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វ់បុណ្យតាមប្រពៃណី ៕
ដោយ៖ វណ្ណា