ភ្នំពេញ ៖ គិតមកដល់ថ្ងៃនេះ ក្រសួងមុខងារសាធារណៈ ក្នុងនាមជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់
រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) បានរៀបចំសិក្ខាសាលាស្តីពី«ការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន» ចំនួន ២៣លើករួចមកហើយ។ នៅក្នុងសិក្ខាសាលានីមួយៗ លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេសលើកកម្ពស់ប្រសិទ្ធភាពការងារ បានធ្វើបទបង្ហាញស្តីពី«ពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ របស់ក្រសួង ស្ថាប័ន»។ ជាការកត់សម្គាល់លោកជំទាវ ក៏បានលើកឡើងអំពីគោលបំណង និងគោលដៅនៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន។
គោលបំណងនៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង ស្ថាប័នគឺ៖ ១).ធានាបានថាមុខងាររបស់ក្រសួង ស្ថាប័នត្រូវបានអនុវត្តដោយត្រឹមត្រូវនិងសមស្របគាំទ្រដល់ការសម្រេចគោល
ធានាបានថាមុខងាររបស់ក្រសួង បំណងនៃបេសកកម្មរបស់ក្រសួង ស្ថាប័ន, ២).វាយតម្លៃសមត្ថភាពគន្លឹះដែលចាំបាច់របស់ក្រសួង ស្ថាប័ន និងវិសាលភាពនៃការងារដែលត្រូវអនុវត្តដើម្បីគាំទ្រការលើកកម្ពស់សមត្ថភាពនេះ, ៣).ពិនិត្យឡើងវិញតួនាទី និងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ព្រមទាំងដែនកំណត់នៃសមត្ថកិច្ចរបស់ក្រសួង ស្ថាប័ន និងអង្គភាពក្រោមឱវាទក្រសួង ស្ថាប័ន, ៤).វាយតម្លៃប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពនៃសកម្មភាពរបស់ក្រសួង ស្ថាប័ន និងអង្គភាពក្រោមឱវាទត្រូវបំពេញ, ៥).ពិនិត្យឡើងវិញជម្រើសទាំងឡាយនៃការផ្តល់សេវា និងធានាថាសកម្មភាពរបស់ក្រសួង ស្ថាប័ន និងអង្គភាពក្រោមឱវាទ ដែលត្រូវអនុវត្តមានលក្ខណៈសមស្របជាមួយជម្រើសនោះ និងធានាថាសកម្មភាព និង ៦).ធនធានរបស់ក្រសួង ស្ថាប័ន ដែលត្រូវប្រើប្រាស់ឆ្លើយតបនឹងគោលបំណងនៃសេវា និងអ្នកប្រើប្រាស់សេវា។
គោលដៅនៃការពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធនឹងអនុញ្ញាតឱ្យក្រសួង ស្ថាប័ន អាចកំណត់បាននូវ៖ ១).មុខងារ និងរចនាសម្ព័ន្ធថ្មី ដែលសមស្របនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងទិសដៅជាយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល និងរបស់វិស័យនីមួយៗ, ២).ការចាត់ចែងប្រើប្រាស់ថវិកាប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពក្នុងការអនុវត្តមុខងារ, ៣).ការគ្រប់គ្រង និងចាត់ចែងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ដោយកំណត់បានពិតប្រាកដនូវតម្រូវការធនធានមនុស្ស ការអភិវឌ្ឍសមត្ថភាពមន្រ្តី និងការពង្រាយមន្ត្រី, និង ៤).សមិទ្ធកម្មរបស់ក្រសួង ស្ថាប័ន និងអង្គភាពក្រោមឱវាទក្រសួង ស្ថាប័ន ដែលមានភាពច្បាស់លាស់អាចត្រួតពិនិត្យ និងវាយតម្លៃបាន ព្រមទាំងមានភាពកាន់តែប្រសើរ៕
ដោយ ៖ សិលា