ភ្នំពេញ÷ អ្នកនាំពាក្យក្រសួងកសិកម្មបានចេញមុខបដិសេធចំពោះរបាយការណ៍ដែលថា កម្ពុជានៅតែបន្តនាំចេញសត្វស្វាក្តាមពីព្រៃធម្មជាតិទៅកាន់ទីផ្សារសហរដ្ឋអាមេរិក បើទោះបីជាមានការណែនាំឱ្យផ្អាកពីអនុសញ្ញាស្តីពីពាណិជ្ជកម្មអន្តរជាតិលើប្រភេទសត្វព្រៃជិតផុតពូជ (CITES) ក៏ដោយ។
លោក ឃឹម ហ្វីណង់ មន្ត្រីអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់យ៉ាងច្បាស់នៅលើបណ្តាញសង្គមផ្លូវការរបស់ក្រសួងកាលពីថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០២៥ ថា កម្ពុជាមិនអនុញ្ញាតឱ្យមានការចាប់ ឬនាំចេញសត្វស្វាក្តាមពីព្រៃធម្មជាតិនោះទេ។ លោកបានបន្ថែមថា សត្វស្វាដែលបាននាំចេញកន្លង មក គឺជាសត្វជំនាន់ក្រោយដែលកើតនៅក្នុងកសិដ្ឋានចិញ្ចឹមដែលមានការចុះបញ្ជីត្រឹមត្រូវ។
ការបកស្រាយនេះធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ (RFI) ដែលបានដកស្រង់អត្ថបទពីសារព័ត៌មានបរទេស Mongabay ដោយចោទប្រកាន់ថា កម្ពុជានៅតែបន្តនាំចេញសត្វស្វាកន្ទុយវែងក្នុងចំនួនច្រើនទៅសហរដ្ឋអាមេរិក បើទោះបីជា CITES បានណែនាំឱ្យផ្អាកការជួញដូរសត្វប្រភេទនេះពីកម្ពុជាក៏ដោយ។
លោក ឃឹម ហ្វីណង់ បានសង្កត់ធ្ងន់ថា មិនមានការសម្រេចណាមួយពីគណៈកម្មាធិការអចិន្ត្រៃយ៍នៃលេខាធិការដ្ឋាន CITES ឱ្យផ្អាកការនាំចេញសត្វស្វាក្តាមពីកម្ពុជានោះទេ។ ថែមទាំង នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍លើកទី៧៨ នៃអនុសញ្ញាសាយតេស កាលពីខែកុម្ភៈ ឆ្នាំ២០២៥ កម្ពុជាបានការពារដោយជោគជ័យនូវជំហររបស់ខ្លួន និងមិនមានការសម្រេចផ្អាកការធ្វើពាណិជ្ជកម្មសត្វស្វាក្តាមពីកម្ពុជានោះឡើយ។
សេចក្តីថ្លែងការណ៍នេះបញ្ជាក់យ៉ាងច្បាស់ពីគោលជំហររបស់ក្រសួងកសិកម្មក្នុងការគ្រប់គ្រងការនាំចេញសត្វស្វាក្តាម និងការប្តេជ្ញាចិត្តក្នុងការអនុវត្តតាមអនុសញ្ញា CITES ដោយធានាថា សត្វដែលនាំចេញគឺពិតជាកើតនៅក្នុងកសិដ្ឋានចិញ្ចឹមត្រឹមត្រូវ មិនមែនចាប់ពីព្រៃធម្មជាតិនោះទេ៕