ទីក្រុងគូឈីង៖ ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ លោកស្រីបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការនៃក្រសួងអប់រំ យុវជននិងកីឡានិងជាតំណាងបណ្ឌិត សភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងជាតិសម្រាប់ក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានបានដឹកនាំគណៈប្រតិ ភូកម្ពុជាចូលរួម កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម -វប្បធម៌អាស៊ានលើកទី៣៣ (The 33rd ASCC Council Meeting) និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងគូឈីង ប្រទេសម៉ាឡេស៊ី ដែលមានការចូលរួមពីរដ្ឋមន្ត្រីនៃក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន រដ្ឋមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានប្រទេសទីម័រឡេស្តក្នុងនាមជាប្រទេសសង្កេតការណ៍អាស៊ាន អគ្គលេខាធិ ការអាស៊ាន ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន និងគណៈប្រតិភូនៃរដ្ឋសមាជិកអាស៊ាន។
អង្គប្រជុំបានពិនិត្យ ពិភាក្សា និងផ្តល់អនុសាសន៍លើចំណុចសំខាន់រួមមាន៖ (១)របាយការណ៍កិច្ចប្រជុំឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានទៅកាន់ក្រុម ប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន (២) ទិសដៅយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ានរបស់រដ្ឋមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន,(៣)របាយ ការណ៍កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣៣ ទៅកាន់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ (៤)សេចក្តីថ្លែងការណ៍រួមរបស់ក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ាន និង(៥)កាលបរិច្ឆេទនិងទីតាំងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សង្គម-វប្បធម៌អាស៊ានលើកទី៣៤។
ជាមួយគ្នានេះដែរ ឯកសារលទ្ធផលសហគមន៍សង្គម- វប្បធម៌អាស៊ានឆ្នាំ២០២៥ ក្រោមការដឹកនាំរបស់ប្រទេសម៉ាឡេស៊ីក្នុងនាមជាប្រធានអាស៊ានប្តូរវេន សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ មានចំនួន៣ រួមមាន៖ ឯកសារលទ្ធផលសម្រាប់ការអនុម័តចំនួន២ គឺក្របខ័ណ្ឌចីរភាពសេដ្ឋកិច្ចច្នៃប្រឌិតអាស៊ាន (ASEAN Creative Economy Sustainability Framework) និងសេចក្តីថ្លែងការណ៍អាស៊ានស្តីពី ការប្តេជ្ញាចិត្តលើសន្តិសុខគ្រឿងញៀនអាស៊ាន និងការពឹងផ្អែកលើខ្លួនឯង (ASEAN Declaration of Commitment on ASEAN Drug Security and Self-Reliance (ADSSR) និងសម្រាប់ការកត់ សម្គាល់ចំនួន១គឺបញ្ជីត្រួតពិនិត្យសម្រាប់រដ្ឋាភិបាលសមាជិកអាស៊ាន អ្នកជ្រើសរើសកម្មករ និងពលករចំណាកស្រុក ស្តីពីការជ្រើសរើសដោយយុត្តិធម៌ និងការបំពេញការងារដោយតម្លាភាព (Checklist for ASEAN Member State governments, labour recruiters and employers of migrant workers on fair recruitment and decent employment practices)។
ថ្លែងក្នុងឱកាសនេះ លោកស្រី រដ្ឋលេខាធិការប្រចាំការ ក្នុងនាមប្រទេសកម្ពុជា បានសង្កត់ធ្ងន់លើការបង្កើតក្របខ័ណ្ឌចីរភាពសេដ្ឋកិច្ចច្នៃប្រឌិតអាស៊ាន ដែលមានគោលបំណងលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចច្នៃប្រឌិតក្នុងតំបន់អាស៊ាន ដែលគូសបញ្ជាក់ពីលទ្ធផលជះផ្នែកសង្គម វប្បធម៌ សេដ្ឋកិច្ច និងបរិស្ថាន។ ក្របខ័ណ្ឌនេះស្របទៅនឹងសេចក្តីថ្លែងការសៀមរាបស្តីពីការលើក កម្ពស់សហគមន៍អាស៊ានដែលមានការសម្របខ្លួន និងច្នៃប្រឌិត ដើម្បីគាំទ្រសេដ្ឋកិច្ច និងវប្បធម៌។
លោកស្រីបន្តថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបញ្ជូនផែនការយុទ្ធសាស្ត្រសហគមន៍សង្គម-វប្បធម៌អាស៊ាន ទៅកាន់ក្រុមការងារជាន់ខ្ពស់ចក្ខុវិស័យអាស៊ានឆ្នាំ២០៤៥។ យើងទន្ទឹងរង់ចាំនូវការអភិវឌ្ឍក្របខណ្ឌលទ្ធផលសហគមន៍សង្គម- វប្បធម៌អាស៊ាន និងអនុម័តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥។ យើងកត់សម្គាល់លើការអនុវត្តដោយជោគជ័យចំពោះផែនការចក្ខុវិស័យសហគមន៍សង្គមវប្បធម៌អាស៊ានឆ្នាំ២០២៥ ដែលផ្តល់នូវគោលការណ៍គ្រឹះក្នុងការរៀបចំផែនការនៅពេលអនាគត។
កម្ពុជាបន្តគាំទ្រការចូលជាសមាជិកអាស៊ានទី១១របស់ប្រទេសទីម័រឡេស្តនិងលើកទឹកចិត្តដល់ក្រសួង/ស្ថាប័ន ក្រោមសសរស្តម្ភសហគមន៍សង្គម-វប្បធម៌អាស៊ាន អញ្ជើញតំណាងទីម័រឡេស្តចូលរួមរាល់សកម្មភាពដែលជាការអភិវឌ្ឍសមត្ថភាពបន្តែមបន្តលើកកម្ពស់សកម្ម ភាពកីឡា និងសុខុមាលភាព ដោយបង្កើនការចូលរួមកម្រិតសហគមន៍ក្នុងតំបន់ រួមទាំងស្រ្តី ជនភាពមានពិការភាព និងជនងាយរងគ្រោះ។ លោកស្រីក៏បានគូស បញ្ជាក់ពីឆន្ទះគាំទ្រ សេចក្តីថ្លែងការបរិវត្តកម្មឌីជីថល ការអនុវត្តប្រព័ន្ធអប់រំឌីជីថលក្នុងតំបន់អាស៊ាន ការពង្រឹងការទទួលបានសិក្សាប្រកបដោយសុវត្ថិភាព និងការអភិវឌ្ឍជំនាញទន់ ដែលជាកម្លាំងចលករក្នុងការ កំណត់គោលដៅអនាគត និងទទួលស្គាល់តួនាទីរបស់យុវជនអាស៊ានក្នុងការកសាងសហគមន៏អាស៊ានប្រកប ដោយបរិយាបន្ន ចីរភាព និងការលើកកម្ពស់មជ្ឈភាពអាស៊ានទាំងមូល៕