ភ្នំពេញ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃទី ២២ខែមេសានេះ បានកែសម្រួលការព្យាករណ៍កំណើនសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា សម្រាប់ ឆ្នាំ២០២៥នេះ មកត្រឹម ៤% ដែលជាការថយចុះគួរឱ្យកត់សម្គាល់ពីការព្យាករណ៍ដំបូងរបស់ខ្លួនចំនួន ៥,៨% ដែលបានធ្វើឡើងនៅក្នុងខែមករា។
ការទម្លាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជា ដោយសារបញ្ហាប្រឈមសកល ពិសេសពាក់ព័ន្ធភាពតានតឹងពាណិជ្ជកម្មសកល ដែលបណ្តាលមកពីការដាក់ពន្ធលើតម្លៃខ្ពស់របស់សហរដ្ឋអាម៉េរិក និងវិធានការសងសឹកជាបន្តបន្ទាប់ដោយដៃគូពាណិជ្ជកម្មសំខាន់ៗបានរំខានដល់លំហូរពាណិជ្ជកម្មសកល។ នេះអាចជះឥទ្ធិពលជាពិសេសដល់សេដ្ឋកិច្ចដែលពឹងផ្អែកលើការនាំចេញដូចជាកម្ពុជា ដែលនាំឱ្យកាត់បន្ថយតម្រូវការខាងក្រៅសម្រាប់ការនាំចេញសំខាន់ៗរបស់ខ្លួន ដូចជា ផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ និងផលិតផលកសិកម្ម។
ចំណែកអតិផរណានៅកម្ពុជា ត្រូវបានព្យាករថា នឹងធ្លាក់មកនៅក្នុងរង្វង់ ១% ក្នុងឆ្នាំ ២០២៥នេះ ដែលធ្លាក់ចុះពីការព្យាករណ៍ពីមុនចំនួន ២%។
ជាមួយគ្នានេះ IMF ក៏បានកែសម្រួលការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃសម្រាប់ឆ្នាំ ២០២៥ មកត្រឹម ១,៨% ពីការព្យាករណ៍ដំបូងរបស់ខ្លួនចំនួន ២,៩% ដែលបានធ្វើឡើងនៅក្នុងខែមករា។ ក្នុងចំណោមប្រទេសអាស៊ាន ថៃជាប្រទេសតែមួយគត់ដែល IMF បានកែតម្រូវការព្យាករ GDP មកនៅក្រោម ២%។
ទន្ទឹមនឹងនោះ វៀតណាមក៏ត្រូវបានគេរំពឹងថា នឹងទទួលឥទ្ធិពលយ៉ាងសំខាន់ពីសង្គ្រាមពាណិជ្ជកម្មដែលកំពុងបន្ត។ IMF បានទម្លាក់ការព្យាករណ៍ GDP របស់វៀតណាមសម្រាប់ឆ្នាំ ២០២៥ មកនៅត្រឹម ៥,២% ដែលជាការធ្លាក់ចុះពីការប៉ាន់ប្រមាណពីមុនចំនួន ៦,១%។
នៅក្នុងទស្សនវិស័យជាសកល IMF បានព្យាករណ៍ពីកំណើនសេដ្ឋកិច្ចពិភពលោកនឹងកើនឡើងត្រឹមតែ ២,៨% ប៉ុណ្ណោះ ក្នុងឆ្នាំ ២០២៥ ដែលជាការថយចុះពីព្យាករណ៍កាលពីខែមករា ថានឹងកើន ៣,៣% សម្រាប់ឆ្នាំនេះ៕