ព្រះទិនករបណ្ដែតខ្លួនមកបំភ្លឺពិភពលោកយ៉ាងយឺតយ៉ាវ និងស្ងប់ស្ងាត់បំផុត។ មេឃចាប់ផ្ដើមភ្លឺបន្តិចម្ដងៗ មនុស្សជាច្រើនកំពុងងើបឡើងជ្រួលច្រាល់ មានរូបរាងស្គមស្គាំង ស្លេកស្លាំង ក្នុងដៃរបស់ពួកគេមានកាន់ចប់ និងបង្គីស្លៀកពាក់ខោអាវខ្មៅដូចៗគ្នា។
ខ្ញុំក្រឡេកមើលបុរសចំណាស់ម្នាក់ កែវភ្នែករបស់គាត់មានសភាពច្របូកច្របល់។ គាត់ដើរច្រឹមច្រុមៗ។ ខ្ញុំភ្ញាក់ព្រឺតមានបុរសម្នាក់បានស្រែកសម្លុតបុរសចំណាស់នោះថា សមមិត្តកន នៅ ច្រឹមច្រុមៗរកផ្លូវទៅនរកឬ? ។ ខ្ញុំឃើញសមមិត្ត កន ភ័យញ័រដៃញ័រជើង។ ខ្ញុំសែនខ្លោចចិត្តនឹងពាក្យគំរាមទៅកាន់សមមិត្ត កន ដែលមានវ័យចំណាស់នោះ។
*បាត់ដំបងឆ្នាំ ១៩៧៦ :
ក្រឡេកមើលទេសភាពដ៏ស្ងាត់ជ្រងំនៃវាលស្រែរដូវលំហើយវាលស្រែទើបតែប្រមូលផលស្រូវរួចដែលមានសភាពសោះកក្រោះ។តាមផ្លូវនៅតាមវាលស្រែគ្មានមនុស្សដើរស្ងាត់សូន្យឈឹង ហើយតាមផ្លូវក្នុងភូមិវិញមានផ្ទះជាច្រើនដែលគ្មានមនុស្សរស់នៅ ស្មៅដុះស៊ុបទ្រុបគ្មានអ្នកថែ សាលារៀនគ្មានគ្រូ គ្មានសិស្ស មន្ទីរពេទ្យគ្មានអ្នកជំងឺ វត្តអារាមគ្មានសំឡេងសូត្រធម៌ ឮតែសំឡេងក្មេងច្រៀងថា យើងខ្ញុំកុមារស្រឡាញ់អង្គការឥតមានព្រំដែន…។ នៅខាងចុងភូមិរបស់យើង មានក្រោលគោមួយ និងមានខ្ទះត្នោតចំនួន ៤ ហើយមានស្ត្រីចំនួនពីរនាក់កំពុងរុញឧស។ បើយើងទៅឲ្យជិតយើងនឹងធំុក្លិនឈ្ងុយពីខ្ទះត្នោតទាំងបួនដែលជាក្លិនបបរពុះ មានសភាពរាវស្ទើរតែគ្មានគ្រាប់អង្ករ។ ខ្ញុំកំពុងតែស្រង់ក្លិនទឹកបបរពុះ ស្រាប់តែឮសំឡេងម៉ឺង! ម៉ឺង! ម៉ឺង ស្នូរជួងបានបន្លឺឡើងបីដង បន្ទាប់មកឮសូររទេះដៃចេញពីក្នុងក្រោលគោដែលបុរសម្នាក់បាននិយាយឡើងថា សមមិត្តទាំងអស់គ្នាមកចូលរួមប្រជុំក្នុងថ្ងៃនេះមានដឹងថាអង្គការមានដំណឹងអ្វីប្រាប់ទេ ?
សម្តីបុរសម្នាក់ក្នុងសម្លៀកបំពាក់ខ្មៅ ពាក់ស្បែកជើងកង់ឡាន ព្រមទាំងមូរជើងខោម្ខាង ហើយនៅលើកមានបង់កក្រមាពោរពេញទៅដោយទឹកមុខញញឹមឡកឡាយ និងកែវភ្នែកក្រហមមុតបាននិយាយថា តាំងពីថ្ងៃជ័យជម្នះ ១៧ មេសា ឆ្នាំ ១៩៧៥ មកយើងសម្រេចតាមផែនការបានល្មមគួរសម ហើយអង្គការជាស្ថាប័នឯករាជ្យមហាអស្ចារ្យមហាលោតផ្លោះ ព្យាយាមលុបបំបាត់របបសក្កិភូមិមូលធននិយម គ្មានការសង្កត់សង្កិនលើគ្នា។ គោលបំណងរបស់អង្គការគឺរស់នៅដោយខ្លួនឯង ដូច្នេះទើបយើងខំបង្កបង្កើនផលស្រូវក្នុងមួយហិចតាឲ្យបានបីតោនដោយកម្លាំងយើងផ្ទាល់។ ស្នូរទះដៃប្រាវៗហើយក៏បញ្ចប់ទៅវិញ។ នារីម្នាក់ភ្នែកមុតស្រួច សក់ខ្លីត្រឹមក សម្លឹងមក រួចស្រែកសម្លុតយ៉ាងឮៗព្រមទាំងលើកដៃទាំងពីរឡើងលើថា។ សមមិត្តប្រធានសហករណ៍ឈុំ និយាយត្រឹមត្រូវណាស់សមមិត្តទាំងអស់ត្រូវប្រឹងប្រែងដើម្បីអង្គការមហារុងរឿងរបស់យើង។
មេសហករណ៍ និងមេកងឈ្លបបានឲ្យប្រជាជនមូលដ្ឋាន និងប្រជាជន ១៧ មេសាឈរជាពីរជួរហើយជួរនីមួយៗបែរមុខរកគ្នាដែលមានចំនួនប្រហែលជា ៧០នាក់ មានតាំងពីវ័យជំទង់ ដល់វ័យចំណាស់។ កម្មាភិបាលម្នាក់ប្រកាសឈ្មោះម្ដងពីរនាក់មានប្រុសម្នាក់ និងស្រីម្នាក់។ អ្នកដែលឮឈ្មោះត្រូវឡើងទៅខាងមុខដើម្បីបង្ហាញពីការព្រមព្រៀង។
កម្មាភិបាលប្រកាសឡើងថា សមមិត្ត សុវណ្ណ និងសមមិត្តនារីកល្យាណ។ ពេលនោះសមមិត្តនារីកល្យាណ ដែលកំពុងតែភ្លឹកស្រាប់តែភ្ញាក់ដើរចេញពីជួរមកខាងមុខ។ សមមិត្ត សុវណ្ណ ចេញពីជួរខាងក្រោយមកដែរដោយទឹកមុខតប់ប្រមល់។ កម្មាភិបាលបញ្ជាឲ្យពួកគេចាប់ដៃគ្នា និងមើលមុខគ្នា។ ពួកគេជួបគ្នាហើយស្រាប់តែភ្ញាក់ព្រឺតរួចចាប់ដៃគ្នាដោយទឹកមុខស្រងូតស្រងាត់។ ឈ្លបនារីម្នាក់ឃើញដូច្នោះ បានសួរយ៉ាងរហ័សថា សមមិត្តទាំងពីរស្គាល់គ្នាឬ? អ្នកទាំងពីរនៅស្ងៀមមិនតបត។ ការហៅឈ្មោះចេះតែបន្ត រហូតដល់អស់។ មានគូតិចណាស់ដែលសប្បាយចិត្តដោយការចាប់គូបង្ខំឲ្យរៀបការនេះសមមិត្តនារីខ្លះ ទើបតែប្តីស្លាប់ចោល អ្នកខ្លះទៀតត្រូវឪពុកម្ដាយលាចាកលោកថ្មីៗ អ្នកខ្លះត្រូវកម្មាភិបាលខ្មែរក្រហមចាប់គូឲ្យជាមួយអ្នកដែលមានវ័យស្មើឪពុករបស់ខ្លួន។ ក្រោយពីចាប់គូរួចអស់ហើយ កម្មាភិបាលទាំងនោះតម្រូវឲ្យគូស្រករថ្មីទាំងអស់គោរពទង់ជាតិនិងភ្លេងជាតិ។ ក្រោយពីគោរពទង់ជាតិ និងភ្លេងជាតិរួចកម្មាភិបាល និងប្រធានសហករណ៍តម្រូវឲ្យគូស្រករថ្មីប្តេជ្ញានៅមុខអង្គការថា យើងខ្ញុំសូមប្ដេជ្ញាថានឹងស្មោះត្រង់ជាមួយអង្គការ ស្មោះត្រង់ប្ដីមួយប្រពន្ធមួយ ខិតខំបង្កបង្កើនផលស្រូវខិតខំបម្រើអង្គការឥតព្រំដែនមហាអស្ចារ្យមហារុងរឿងនៃយើង។ជយោ!កម្ពុជាប្រជាធិបតេយ្យ។ រួចស្នូរទះដៃក៏លាន់ឡើង។ ក្រោយពីចប់កម្មវិធីរៀបការ ពួកគេត្រូវតម្រង់ជួរកាន់ចានម្នាក់មួយៗដើម្បីទៅទទួលបបរ។ បបរនោះគ្មានអ្វីក្រៅពីបបររាវដែលចុងភៅបានចែកឲ្យម្នាក់ពីរវែកកន្លះជាមួយអំបិលមួយកូនដុំនោះទេ។
បន្ទាប់ពីសូរិយាអស្តង្គតគាត់ទៅ រាត្រីផ្សំដំណេកគូស្នេហ៍ដែលអង្គការចាប់ផ្គុំឲ្យ បានចូលមកដល់។ ក្រុមកងឈ្លប និងមេកងចល័តបានដើរត្រួតពិនិត្យតាមខ្ទមស្បូវ ពីមួយទៅមួយ ក្រែងមានគូណាមិនចុះសម្រុងនឹងគ្នា ។ ក្រឡេកមើលខ្ទមស្បូវតូចរបស់សុវណ្ណ និង កល្យាណ ឯនោះវិញកំពុងតែសន្ទនាគ្នាខ្សឹបៗ
កល្យាណ÷ បងសុវណ្ណខ្ញុំពិតជាមិនធ្លាប់សង្ឃឹមថាបានជួបបងទេតាំងពីបែកពីបងខ្ញុំនឹកបងរហូត។
សុវណ្ណ÷ បងក៏នឹកអូនដែរកល្យាណជួបអូនលើកនេះ បងហាក់មានកម្លាំងមហិមាទប់ទល់នឹងទុក្ខទាំងឡាយ។ តើហេតុអ្វីកាលនោះអូនឈប់រៀន?
កល្យាណ÷បងអើយអូនសែននឹកវិទ្យាល័យនេតយ៉ង់ នឹកការសិក្សា នឹកលោកគ្រូអ្នកគ្រូ និងមិត្តភក្តិណាស់។ តែថ្ងៃចុងក្រោយដែលអូនទៅចូលរួមពិធីជប់លៀងសិស្សពូកែក្នុងវិទ្យាល័យអែ៊បឃុតដែលបងរៀននោះ ផ្ទះអូនត្រូវភ្លើងឆេះគ្មានសល់ ហើយម្ដាយរបស់អូនដែលកំពុងសម្រាន្តលក់ត្រូវភ្លើងឆេះស្លាប់ដោយមិនដឹងខ្លួន។និយាយដល់ត្រឹមនេះ កល្យាណស្រក់ទឹកភ្នែកយំខ្សឹកខ្សួល។សុវណ្ណ ឃើញដូច្នោះក៏លួងលោមកល្យាណឲ្យឈប់យំបន្តិច រួចកល្យាណសួរតបទៅសុវណ្ណវិញ។ (នៅមានត)