ភ្នំពេញ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមេសាឆ្នាំ២០២៥ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ឈ្មោះ ទូច សុភាព ជាស្ថាបនិក ក្រុមហ៊ុន ឌី បេស ហ្គ្រីន ឡងឡាយហ្វ័ (ខេមបូឌា) ឯ.ក មានទីតាំងនៅសង្កាត់ក្រាំងឃ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បីសាកសួរពាក់ព័ន្ធនឹងករណីឆបោកលុយប្រជាពលរដ្ឋជាង១០លានដុល្លារ ក្រោមរូបភាពដាក់ទុនវិនិយោគអចលនទ្រព្យ។
សូមបញ្ជាក់ថា បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិដ្ឋាននគរបាលខណ្ឌសែនសុខ ចាប់ខ្លួនបញ្ជូនទៅ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនាពេលកន្លងមកពាក់ព័ន្ធករណីឆបោកលុយប្រជាពលរដ្ឋជាង១០លានដុល្លារ ក្រោមរូបភាពដាក់ទុនវិនិយោគអចលនទ្រព្យក្រៅពីបុគ្គលខាងលើ កម្លាំងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវចាប់ខ្លួនបក្ខពួកដែលសង្ស័យមានការពាក់ព័ន្ធផ្សេងទៀតផងដែរ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរងគ្រោះបានឲ្យដឹងទៀតថា ជនរងគ្រោះសរុបក្នុងអំពើឆបោកនេះ មានប្រមាណ២ពាន់នាក់ ហើយគិតជាទឹកប្រាក់សរុបប្រមាណជិត១៦លានដុល្លារ៕
ដោយ៖ ជ្រោយពេជ្រ