អតីតខ្សែការពាររបស់បិសាចក្រហម Patrice Evra បានប្រកាសហៅកីឡាករ Luis Suarezអតីតខ្សែប្រយុទ្ធហង្សក្រហម ឱ្យប្រយុទ្ធគ្នាក្នុងការប្រកួតក្បាច់គុនចម្រុះMMAនៅខែក្រោយ ពោលគឺដប់បីឆ្នាំក្រោយពីជម្លោះរើសអើងជាតិសាសន៍របស់ពួកគេទាំងពីរ។
Evra អាយុ 43 ឆ្នាំបានព្យួរស្បែកជើងចូលនិវត្តន៍ក្នុងខែកក្កដាឆ្នាំ 2019 ដោយបានបង្ហាញខ្លួនបាល់ទាត់ចំនួន 734 ដង ឈ្នះពានរង្វាន់ចំនួន 20 ក្នុងរយៈពេល 21 ឆ្នាំ។ ទន្ទឹមនឹងនេះ Suarez នៅតែលេងបាល់ស្ថិតក្នុងក្របខ័ណ្ឌអាមេរិក MLS ឱ្យក្លឹប Inter Miami របស់ David Beckham រួមជាមួយ Lionel Messi ។
រយៈពេលប្រាំមួយឆ្នាំបន្ទាប់ពីឈប់លេងបាល់ទាត់ អតីតខ្សែការពារឆ្វេងរបស់ Man United បានប្តូរមកចាប់អាជីពជាអ្នកប្រដាល់វិញ ហើយនិងបង្ហាញខ្លួនជាលើកដំបូងសម្រាប់ពានរង្វាន់ Professional Fighters League (PFL) នៅក្នុងព្រឹត្តិការណ៍របស់ពួកគេនៅទីក្រុងប៉ារីសនៅថ្ងៃទី 23 ខែឧសភា។ គូប្រជែងរបស់គាត់មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ បើទោះបីជាព្រឹត្តិការណ៍នេះមានរយៈពេលតិចជាងមួយខែទៀតក៏ដោយ។
Evra បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាគាត់ចង់ប្រយុទ្ធជាមួយ Suarez ដែលគាត់បានចោទប្រកាន់ពីបទបំពានពូជសាសន៍កាលពីឆ្នាំ 2011 អំឡុងពេលប្រកួតស្មើ 1-1 រវាង Man United និង Liverpool ។