ឃាត់ខ្លួន​មុខសញ្ញាចោរឆក់ទូរស័ព្ទ​ ២នាក់​ ក្នុងចំណោម​បក្ខពួក​ ៤នាក់​ នៅក្រុង​ស្ទឹងត្រែង​

ចែករំលែក៖

ខេត្ត​ស្ទឹងត្រែង៖​ លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង​ បានឱ្យដឹងនៅរសៀលថ្ងៃ​សៅរ៍​ទី​២៦​ ខែមេសា​ ឆ្នាំ​២០២៥នេះថា៖​ កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុងស្ទឹងត្រែង​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​មុខសញ្ញាចោរឆក់ទូរស័ព្ទ​ ២នាក់​ ក្នុងចំណោម​បក្ខពួក​ ៤នាក់​ នៅក្រុង​ស្ទឹងត្រែង​ យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​ និងត្រៀមខ្លួនបញ្ជូនទៅកាន់​តុលាការខេត្ត​។

ប្រភពដដែលបន្តថា​ កាលពីយប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១៩​ និង២១នាទី​ នៅចំណុចផ្លូវបេតុងពេទ្យ២១ ស្ថិតនៅភូមិរាជានុកូល២ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង មានករណីឆក់ទូរស័ព្ទ ប្រព្រឹត្តដោយជនជនសង្ស័យ (០១ក្រុម) មានគ្នាចំនួន ០៤នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ជនរងគ្រោះ ខណៈពេលជនរងគ្រោះកំពុងជិះម៉ូតូ (ពុំមានរបួស) ។

 ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ លោក ឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្ត បានចាត់កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង បានធ្វើការស្រាវជ្រាវករណីខាងលើ លុះនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ២១​ និង៥០នាទីយប់ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ និងចាប់យកវត្ថុតាងទូរស័ព្ទដៃម៉ាក IPhone 14pro max ពណ៍ស្វាយ ០១គ្រឿង ។ 

ក្នុងប្រតិបត្តិការនោះ​ ដោយបានការអនុញ្ញាតពី លោកព្រះរាជអាជ្ញា បានធ្វើការប្រគល់ទូរស័ព្ទទៅឲ្យជនរងគ្រោះវិញ និងបន្តស្រាវជ្រាវរកជនសង្ស័យដែលកំពុងរត់គេចខ្លួន ។ ចំណែកជនសង្ស័យ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print