សារព័ត៌មាន Financial Times បានរាយការណ៍ថា ក្រុមហ៊ុន Apple គ្រោងនឹងផ្លាស់ប្តូរការផ្គុំទូរស័ព្ទ iPhone ទាំងអស់ដែលលក់នៅសហរដ្ឋអាមេរិកទៅកាន់ប្រទេសឥណ្ឌានៅដើមឆ្នាំក្រោយ ដោយងាកចេញពីប្រទេសចិន ដើម្បីចៀសវាងការយកពន្ធដ៏ច្រើន។
ក្រុមហ៊ុនយករបស់អាមេរិកនេះមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយរបស់ សារព័ត៌មានReuters ទេ។
សង្រ្គាមពាណិជ្ជកម្មរបស់ប្រធានាធិបតីអាមេរិក Donald Trump កំពុងជំរុញក្រុមហ៊ុនបច្ចេកវិទ្យាដើម្បីធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ។ Apple កំណត់យកទីតាំងប្រទេសឥណ្ឌាថាមានតួនាទីយ៉ាងសំខាន់ក្នុងយុទ្ធសាស្ត្រផលិតរបស់ខ្លួន បើទោះបីជាអ្នកផ្គត់ផ្គង់របស់ខ្លួននៅក្នុងប្រទេសនេះផលិតតែចំណែកតូចមួយនៃ iPhones ដែលលក់នៅទូទាំងពិភពលោកក៏ដោយ។
អ្នកវិភាគធ្លាប់បានព្រមានថា ទំនិញប្រើប្រាស់ដូចជា iPhones អាចស្ថិតក្នុងចំណោមផលប៉ះពាល់ខ្លាំងបំផុតដោយពន្ធដ៏ច្រើនរបស់លោក Trump ហើយបាននិយាយថាតម្លៃ iPhone របស់សហរដ្ឋអាមេរិកអាចនឹងកើនឡើងយ៉ាងខ្លាំងដោយសារតែការពឹងផ្អែកយ៉ាងខ្លាំងរបស់ Apple លើការនាំចូលពីប្រទេសចិន។
តម្លៃកាន់តែខ្ពស់អាចធ្វើឱ្យ Apple ពិបាកប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនផលិតស្មាតហ្វូន Android។
ក្រុមហ៊ុនលក់ iPhone បានច្រើនជាង 220 លានគ្រឿងក្នុងមួយឆ្នាំនៅទូទាំងពិភពលោក ដោយ Counterpoint Research បានប៉ាន់ប្រមាណថា មួយភាគប្រាំនៃការនាំចូលឧបករណ៍សរុបទៅកាន់សហរដ្ឋអាមេរិកគឺមកពីប្រទេសឥណ្ឌា និងនៅសល់ពីប្រទេសចិន។
ក្រុមហ៊ុន Foxconn និង Tata ដែលជាអ្នកផ្គត់ផ្គង់ដ៏សំខាន់របស់ Apple នៅក្នុងប្រទេសឥណ្ឌា ដំណើរការរោងចក្រចំនួនបី ដោយមានពីរបន្ថែមទៀតកំពុងសាងសង់។ នៅក្នុងខែមីនា ក្រុមហ៊ុន Foxconn និង Tata បានដឹកជញ្ជូនទូរស័ព្ទ iPhone តម្លៃជិត 2 ពាន់លានដុល្លារពីប្រទេសឥណ្ឌាទៅកាន់សហរដ្ឋអាមេរិក ដែលជាកំណត់ត្រាខ្ពស់មួយ នេះបើយោងតាមទិន្នន័យគយ។ ប្រភពពីរបានប្រាប់រ៉យទ័រថា រោងចក្ររបស់ Foxconn នៅ Chennaiផលិត iPhone បាន 20 លានគ្រឿងកាលពីឆ្នាំមុន រួមទាំងម៉ូដែល iPhone 15 និង iPhone 16 ចុងក្រោយបង្អស់។