ខេត្តកំពង់ចាម ៖ ជម្លោះបងប្អូនបង្កើតនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម រហូតបន្ទុះគ្រាប់បែក, ជនដៃដល់ជាប្អូនប្រុស ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានហើយ។
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ជនដៃដល់ជាប្អូនប្រុសឈ្មោះ ឈុំ សារ៉ែន អាយុ២២ឆ្នាំ ត្រូវបានកម្លាំងនគរបាលរបស់លោកតាមស្រាវជ្រាវ រហូតឃាត់ខ្លួនបានហើយ នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥នេះ។
បើតាមលោកឧត្តមសេនីយ៍ទោស្នងការ, ជម្លោះបងប្អូនបង្កើតនេះ កើតឡើងដោយសារគំនុំ។ តែមិនទាន់ដឹងលម្អិត នៃជម្លោះរហូតដល់ការបន្ទុះគ្រាប់បែកនេះឡើយ។
សូមបញ្ជាក់ថា ៖ នៅយប់រំលងអាធ្រាត្រចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ មានករណីជម្លោះរវាងបងប្អូនបង្កើត ដោយបងប្រុសឈ្មោះ ឈុំ សារុន អាយុ៤១ឆ្នាំ និងប្អូនប្រុសឈ្មោះ ឈុំ សារ៉ែន អាយុ២៣ឆ្នាំ រហូតបានបន្ទុះគ្រាប់បែកមួយគ្រាប់ និងសល់គ្រាប់បង្កៃមួយគ្រាប់ទៀតតែមិនទាន់ផ្ទុះ នៅចំណុចការ៉ាសសាំង SAVIMEX ស្ថិតនៅភូមិបឹងស្នាយ សង្កាត់សំបូរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ក្រោយមានហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង១១៖៣៨នាទីព្រឹកថ្ងៃទី២៦ ខែមេសា មន្ត្រីជំនាញខាងស៊ីម៉ាក់ និងអាជ្ញាធរពាក់ព័ន្ធ បានដោះបង្កៃគ្រាប់បែកចេញ ដើម្បីកុំមានគ្រោះថ្នាក់ផ្សេងៗ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធី ដើម្បីផ្លូវច្បាប់ ៕
ដោយ ៖ សិលា