កម្មវិធីប្រកួត “ស្ពានភាសាចិន” ពិភពលោក លើកទី២៤ សម្រាប់ថ្នាក់ឧត្តមសិក្សា ប្រចាំព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាសហធិបតី ក្នុងវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួត “ស្ពានភាសាចិន” ពិភពលោក លើកទី២៤ សម្រាប់ថ្នាក់ឧត្តមសិក្សា ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនេះ លោក ឯកអគ្គរដ្ឋទូត បានបញ្ចាក់ថា ការប្រកួត “ស្ពានភាសាចិន” ពិភពលោកនេះ បានរៀបចំឡើងជារៀងរាល់ឆ្នាំអស់រយៈពេល២៣ឆ្នាំមកហើយ ដោយមានបេក្ខជនជាយុវជនចំនួន១៧០ម៉ឺននាក់មកពីបណ្ដា១៦០ប្រទេសចូលរួមប្រកួត។ ការប្រកួតប្រចាំព្រះរាជាណាចក្រកម្ពុជានាឆ្នាំនេះ មានទ្រង់ទ្រាយធំជាងឆ្នាំមុនៗទាំងអស់ ដែលបង្ហាញអំពីចំណាប់អារម្មណ៍ខ្ពស់របស់យុវជនកម្ពុជាចំពោះវប្បធម៌ចិន និងភាសាចិន និងបានរំលេចឱ្យឃើញនូវទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងយុវជននៃប្រទេសទាំងពីរ។ ជាមួយនេះដែរ ឯកឧត្តម ឯកអគ្គរដ្ឋទូត សង្ឃឹមថា និស្សិតដែលជាបេក្ខជនប្រកួត និងទស្សនិកជន នឹងបន្តធ្វើជាបេសកជននៃចំណងមិត្តភាពកម្ពុជា-ចិន បន្ថែមទៀត។

ជាការឆ្លើយតប លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការប្រកួតបែបនេះ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការលើកកម្ពស់ការអប់រំភាសាចិននៅប្រទេសកម្ពុជា និងការផ្លាស់ប្តូររវាងប្រជាជនប្រទេសទាំងពីរ សំដៅឆ្ពោះទៅការកសាងកម្លាំងយុវជនដ៏មានសក្តានុពល សម្រាប់បន្តវេនពូនជ្រំមិត្តភាពដ៏យូរលង់របស់ប្រទេសទាំងពីរឱ្យកាន់តែស្និទ្ធជិតពីមួយជំនាន់ទៅមួយជំនាន់ទៀត។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានផ្តួចផ្តើម សម្របសម្រួល និងគាំទ្របង្កើតការប្រកួតនេះឡើង ដើម្បីផ្តល់ឱកាសឱ្យបេក្ខជនបានបញ្ចេញសមត្ថភាពរបស់ខ្លួន និងជំរុញការផ្លាស់ប្តូរប្រជាជននិងប្រជាជនកម្ពុជា-ចិន និងកិច្ចសហប្រតិបត្តិការអប់រំភាសាចិន។

គួរបញ្ជាក់ថា បេក្ខជនឆ្នើមចំនួន១៤នាក់ក្នុងចំណោមបេក្ខជន១៤៩នាក់ មកពីរាជធានី-ខេត្តក្រុងនានា បានចូលរួមក្នុងការប្រកួតនេះ។ បេក្ខជនទាំងអស់បានឡើងធ្វើបទបង្ហាញជាសាធារណៈជាភាសាចិន និងសម្ដែងសិល្បៈចិនដូចជាការបកស្រាយបទចម្រៀង កាប្រគំឧបករណ៍ភ្លេងប្រពៃណីចិន និងការរាំរបាំប្រពៃណីចិនជាដើម ដែលជាការបង្ហាញនូវសមិទ្ធផលនៃការសិក្សាភាសាចិន ព្រមទាំងទេពកោសល្យ និងការស្វែងយល់អំពីវប្បធម៌ចិនយ៉ាងស៊ីជម្រៅ។ 

ជាលទ្ធផល សូមចូលរួមអបអរសារទរដល់ បេក្ខជន រស់ សុផារីយ៉ា បេក្ខជន ធា រស្មីបញ្ញា និង បេក្ខជន ចន ដេវីន ដែលបានទទួលជ័យលាភីពិសេស និងជ័យលាភីទី១ ក្នុងការប្រកួត “ស្ពានភាសាចិន” ពិភពលោក លើកទី២៤ សម្រាប់ថ្នាក់ឧត្តមសិក្សា ប្រចាំព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print