ភ្នំពេញ÷ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥នេះ គណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល បានប្រារព្ធពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្សជំនាន់ទី៨៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ឯក សំអុល សមាជិកគណៈអចិន្រ្តៃយ៍ ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្តាល ព្រមជាមួយវត្តមានអញ្ជើញជាភ្ញៀវកិត្តិយសពីសំណាក់ឯកឧត្តមប្រធាន អនុប្រធានបណ្តាស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល នៅវិមាន ៧ មករា , រាជធានីភ្នំពេញ។
នៅក្នុងឱកាសនេះគណៈអធិបតី បានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង ដោយបានចូលរួមជាអធិបតីក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្ស ជំនាន់ទី៨៥ បន្ទាប់ពីវគ្គសិក្សាបានដំណើរការប្រកប ដោយជោគជ័យនៅក្នុងវិមាន ៧ មករា ដ៏ស្កឹមស្កៃនេះ ដែលតំណាងឲ្យភាពរឹងមាំ គង់វង្ស យូរអង្វែងរបស់គណបក្សយើង មុនពេលដែលសិក្ខាកាមគ្រប់រូបនឹងត្រូវត្រឡប់ទៅកាន់អង្គភាព មូលដ្ឋានរៀងៗខ្លួនវិញ។ លោកក៏បានពាំនាំនូវស័ព្ទសាធុការពរពីសំណាក់សម្ដេចប្រធានគណបក្ស សម្តេចប្រធានកិត្តិយសគណបក្ស សម្តេចអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សទាំងអស់ជូនដល់អង្គពីធីទាំងមូល ប្រកបដោយមនោសញ្ចេតនានឹករឭក និងស្រឡាញ់ដ៏ជ្រាលជ្រៅ។
បន្ទាប់ពីបានស្តាប់ដោយយកចិត្តទុកដាក់របាយការណ៍របស់គណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាល អំពីដំណើរការវគ្គសិក្សា និងលទ្ធផលនៃការរៀនសូត្ររបស់សិក្ខាកាមក្នុងរយៈពេល ៦ថ្ងៃកន្លងមក ព្រមទាំងចំណាប់អារម្មណ៍របស់តំណាងសិក្ខាកាម ដែលបានបង្ហាញនូវការយល់ដឹងដ៏មានសារៈសំខាន់ដែលខ្លួនបានទទួល និងការប្តេជ្ញាចិត្តដ៏មោះមុតក្នុងការអនុវត្តនូវទិសដៅភារកិច្ចនានាដែលគណបក្សប្រគល់ជូនរួចមក លោក ឯក សំអុល វាយតម្លៃខ្ពស់ចំពោះវគ្គសិក្សាដែលបានប្រព្រឹត្តទៅដោយរលូនតាំងពីដើមរហូតដល់ចប់ និងបានអបអរសាទរចំពោះលទ្ធផលនៃការរៀនសូត្រនៅពេលនេះ ដែលពិតជាបានរួមចំណែកជាវិជ្ជមានដល់ការងារកសាង និងពង្រឹងគណបក្ស ជាពិសេសលើការងារអប់រំបណ្តុះបណ្តាលធនធានមនុស្ស។ លោកក៏ បានកោតសរសើរចំពោះគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ដែលបានរួមគ្នាខិតខំបំពេញការងារនេះបានល្អប្រសើរ។
លោកឯក សំអុល បានកត់សម្គាល់ថា តាមរយៈការរៀន សូត្ររយៈពេល ៦ថ្ងៃនេះ ក្មួយៗពិតជាទទួលបាននូវចំណេះដឹងថ្មីៗបន្ថែមទៀត ដែលមានលក្ខណៈជាប្រព័ន្ធ និងមានមូលដ្ឋានរឹងមាំខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ជាពិសេសយល់ដឹងកាន់តែច្បាស់ថែម ទៀត អំពីការទទួលខុសត្រូវរបស់មន្រ្តីគណបក្សម្នាក់ៗក្នុងការចូលរួមកសាងពង្រឹងអង្គការចាត់តាំងគណបក្សនៅថ្នាក់របស់ខ្លួន ក៏ដូចក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងអង្គការរដ្ឋតាមថ្នាក់ និងតាមផ្នែកនីមួយៗ ដើម្បីចូលរួមបង្កើនប្រសិទ្ធភាពនៃការដឹកនាំរបស់គណបក្សយើង។
លោកបន្តថា តាមរយៈការយល់ដឹងនេះ នឹងជួយឲ្យមន្រ្តីយើងម្នាក់ៗឆ្លុះបញ្ចាំងមើលដោយខ្លួនឯងនូវចំណុចល្អដែលត្រូវពង្រឹងពង្រីកបន្ត និងចំណុចខ្សោយ ឬកង្វះនខាតត្រូវពុះពារជម្នះ ដើម្បីអភិវឌ្ឍខ្លួនឲ្យកាន់តែមានលក្ខណសម្បត្តិល្អប្រសើរឡើងថែមទៀត។ លើមូលដ្ឋាននៃការយល់ដឹងនេះ លោកសង្ឃឹមថា នៅពេលត្រឡប់ ទៅកាន់ក្រសួង ស្ថាប័ន អង្គភាព មូលដ្ឋានវិញ ក្មួយៗនឹងសម្រេចបាននូវលទ្ធផលដ៏ល្អប្រសើរថ្មីៗថែមទៀតក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដែលឆ្លើយតបទៅនឹងស្មារតីដឹកនាំរបស់គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល។
លោក ឯក សំអុល បានគូសរំឭកថា រយៈពេល ១០ឆ្នាំមកនេះ គណៈប្រចាំការនៃគណៈអចិន្រ្តៃយ៍គណៈកម្មានធិការកណ្តាលដែលដឹកនាំ និងត្រួតពិនិត្យការអនុវត្តការងារនេះ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃវគ្គអប់រំនយោបាយទាំងនៅថ្នាក់កណ្តាល ទាំងនៅថ្នាក់រាជធានី ខេត្ត និងក្រសួង ស្ថាប័ន ឆ្លងតាមសកម្មភាពជាក់ស្តែងរបស់មន្រ្តីបានឆ្លងវគ្គរួចហើយ ដែលបានអនុវត្តនូវតួនាទី ភារកិច្ចរបស់ខ្លួនកាន់តែបានល្អប្រសើរឡើង ទាំងក្នុងការចូលរួមកសាងពង្រឹងអង្គការចាត់តាំងគណបក្ស ការអនុវត្តគោលនយោបាយនានារបស់គណបក្ស ការ អនុវត្តការងារជំនាញ ក៏ដូចការងារចលនាមហាជន។
លោកបញ្ជាក់ថា ការទទួលបានលទ្ធផលដ៏ល្អនេះ អាស្រ័យដោយកត្តាសំខាន់ៗដូចខាងក្រោម ៖ ១.ការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្ស ក្នុងការងារកសាងធនធានមនុស្ស ដោយបានដាក់ចេញនូវគោលការណ៍ ទិសដៅ និងវិធានការបានជាក់ស្តែង ឆ្លើយតបទៅនឹងសំណូមពរនៃសភាពការណ៍ និងភារកិច្ចតាមដំណាក់កាលនីមួយៗ, ២.ការខិតខំរបស់គណៈឃោសនាអប់រំ និងកិច្ចសហការរវាងបណ្តាស្ថាប័ននានានៃគណៈកម្មា-ធិការកណ្តាល ព្រមទាំងមន្ត្រីបុគ្គលិកបម្រើការទាំងអស់ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន, ៣.ការយកចិត្តទុកដាក់របស់គណៈកម្មាធិការនៃគណបក្សក្រសួង ស្ថាប័ន និងរាជធានី ខេត្ត ទាំងអស់ចំពោះការងារអប់រំនយោបាយ, ៤.ការយកអស់ពីកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតីរបស់គ្រូឧទ្ទេសនាមគ្រប់រូប ក្នុងការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ល្អៗដល់វគ្គសិក្សា , ៥.ការយកចិត្តទុកដាក់របស់សិក្ខាកាមគ្រប់រូប ក្នុងការរៀន សូត្រ ការគោរពវិន័យរបស់វគ្គ ការរឹតចំណងសាមគ្គីភាពរវាងគ្នា និងគ្នា ក្នុងស្មារតីខិតខំកសាងខ្លួនជាមន្ត្រីបន្តវេនដ៏ល្អរបស់គណបក្ស, ៦.ដោយបរិយាកាសសង្គមមានសុខសន្តិភាពពេញលេញ ដែលបានបង្កលក្ខណៈឲ្យសិក្ខាកាមយើងបានមករៀនដោយស្ងប់ចិត្ត
ជាពិសេសសិក្ខាកាមដែលអញ្ជើញមកពីបណ្ដាខេត្ត។
លោកឯក សំអុល ថ្លែងថា ប្រវត្តិសាស្រ្តកម្ពុជាយើងមានភាពបត់បែន និងស្មុគស្មាញក្រៃលែង។ ប្រជាជនកម្ពុជាបានឆ្លងកាត់សង្រ្គាម ការបែកបាក់ជាតិ និងអំពើប្រល័យពូជសាសន៍ដ៏សាហាវយង់ឃ្នងជាទី បំផុត ដែលបណ្តាលមកពីកត្តាជាច្រើន ទាំងកត្តាខាង ក្នុង ទាំងកត្តាខាងក្រៅ។ ប៉ុន្តែទោះត្រូវជួបឧបសគ្គ និងការលំបាកយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជានៅតែរក្សាខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្តមគតិដ៏ថ្លៃថ្លារបស់ខ្លួន ផ្សារភ្ជាប់ជានិច្ចជាមួយជោគវាសនារបស់ជាតិ និងប្រជាជននៅគ្រប់កាលៈទេសៈ។ គណបក្សបានដឹកនាំការតស៊ូវាយផ្តួលរំលំរបបប្រល័យពូជសាសន៍រហូតទទួលបានមហាជ័យជម្នះជាប្រវត្តិសាស្ត្រ នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដែលបានសង្រ្គោះជាតិ និងប្រជាជនឲ្យរស់រានមានជីវិតឡើងវិញ។
ក្រោយជ័យជម្នះ ៧ មករា គណបក្សបានទប់ស្កាត់មិនឲ្យរបបប្រល័យពូជសាសន៍អាចវិលត្រឡប់មកកម្ពុជាវិញបាន និងបានដឹកនាំការស្ដារ កសាងសេដ្ឋកិច្ច សង្គមឡើងវិញពីលេខសូន្យឲ្យមានស្ថិរភាពជាជំហានៗរហូតមានការរីកចម្រើនដូចបច្ចុប្បន្ននេះ។ ជាពិសេសបានបញ្ចប់នូវសង្រ្គាមដ៏រ៉ាំរ៉ៃជិត ៣ទសវត្ស ដែលបានអូសបន្លាយតាំងពីឆ្នាំ១៩៧០មក បង្កើតបានសន្តិភាពពេញ លេញ និងឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុងតាម រយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ លោកបន្តថា បច្ចុប្បន្នព្រះរាជា ណាចក្រកម្ពុជាកំពុងបន្តឈានទៅមុខយ៉ាងស្វាហាប់លើមាគ៌ា សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍។ រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានសម្រេចសមិទ្ធផលថ្មីធំៗយ៉ាង ច្រើនលើគ្រប់វិស័យជូនជាតិ ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់ខ្លួន។ លើមូលដ្ឋាននេះ រាជរដ្ឋាភិបាលទទួលបាននូវការសាទរ គាំទ្រ និងជំនឿពីប្រជាជននៅទូទាំងប្រទេស ក៏ដូចពីសហគមន៍អន្តរជាតិ និងផ្តល់ភាពអនុគ្រោះដល់ការឈានទៅសម្រេចទិសដៅនានាក្នុងឆ្នាំ២០២៥ នេះជាបន្តទៀត។
នៅក្នុងឱកាសនេះ លោក ឯក សំអុល គូសបញ្ជាក់បន្ថែមនូវប្រការមួយចំនួន ដែលមន្រ្តីយើងម្នាក់ៗត្រូវក្តាប់ឲ្យជាប់ពេលវិលត្រឡប់ទៅបំពេញការងារវិញ រួមមាន៖
១-ក្ដាប់ជាប់គោលការណ៍ដឹកនាំរបស់គណបក្ស គឺសមូហភាពដឹកនាំ ម្នាក់ៗទទួលខុសត្រូវ ភាគតិចគោរពភាគច្រើន អនុវត្តរបៀបរបបការងាររបស់គណបក្សឲ្យបានម៉ត់ចត់ ប្រកាន់ខ្ជាប់អាកប្បកិរិយារាបសារ ចាស់ទុំខាងនយោបាយ ប៉ុន្តែត្រូវតែម៉ឺងម៉ាត់ រឹងមាំខាងគោលជំហរ និងត្រូវគោរពច្បាប់។
២-ធ្វើជាគំរូល្អក្នុងការគោរពលក្ខន្តិកៈរបស់គណបក្ស និងច្បាប់របស់រដ្ឋ គំរូល្អក្នុងការអនុវត្តកម្មវិធីនយោបាយរបស់គណបក្ស គំរូល្អក្នុងការងារ និងគំរូល្អក្នុងជីវភាពរស់នៅ។
៣-យកចិត្តទុកដាក់ចូលរួមជាមួយអង្គការចាត់តាំងគណបក្សនៅថ្នាក់របស់ខ្លួន ដើម្បីបន្តកសាងពង្រឹង និងពង្រីកអង្គការចាត់តាំង មន្រ្តី និងសមាជិកគណបក្សទាំងបរិមាណ និងគុណភាព ឱ្យឆ្លើយតបទៅនឹងសំណូមពរនៃភារកិច្ចរបស់គណបក្សក្នុងដំណាក់កាលបច្ចុប្បន្ន ក៏ដូចទៅអនាគត ជាពិសេសក្នុងការជំរុញសកម្មភាពឆ្ពោះទៅការបោះឆ្នោតថ្នាក់មូលដ្ឋាននៅឆ្នាំ២០២៧ខាងមុខនេះ។
៤-បន្តរៀនសូត្រ និងដុសខាត់ចំណេះដឹងរបស់ខ្លួនឲ្យបានជាប្រចាំតាមស្មារតី «រៀនហើយរៀនទៀត រៀនមួយជីវិត»។ ទន្ទឹមនេះ សូមយកចំណេះដឹងដែលទទួលបានពីវគ្គអប់រំនយោបាយនេះ ទៅជួយដល់គណៈកម្មាធិការគណបក្សនៅថ្នាក់របស់ខ្លួន ដើម្បីអប់រំបន្តដល់មន្ត្រី និងសមាជិករបស់គណបក្សក្នុងក្រសួង ស្ថាប័ន រាជធានី ខេត្ត ដែលពុំទាន់បានទទួលការអប់រំនយោបាយដំបូងនៅឡើយ ឱ្យបានរៀនសូត្រស្របតាមស្ថានភាពជាក់ស្ដែងនៃកន្លែងនីមួយៗ។
៥-ចូលរួមតាមដានក្តាប់ឱ្យជាប់សកម្មភាពអវិជ្ជមានផ្សេងៗដែលកើតមាននៅតាមមូលដ្ឋាន ហើយផ្តល់មតិ ឬចូលរួមដោះស្រាយបញ្ហាទាំងនោះ ដោយប្រើវិធានការអប់រំ វិធានការរដ្ឋបាល និងវិធានការច្បាប់។ ជាមួយនេះ ក្តាប់ជាប់សកម្មភាពរបស់ពួកប្រឆាំងជ្រុលនិយម ដែលធ្វើការវាយប្រហារមកលើគណបក្ស ថ្នាក់ដឹកនាំគណបក្ស និងរាជរដ្ឋាភិបាល និងមានវិធានការឆ្លើយតបឲ្យបានម៉ឹងម៉ាត់ និងទាន់ពេលវេលា។
៦-បន្តចូលរួមយ៉ាងសកម្មក្នុងការចលនាទាក់ទាញកម្លាំងពីគណបក្សផ្សេងៗឱ្យងាកមកគាំទ្របុព្វហេតុដ៏ត្រឹមត្រូវ និងយុត្តិធម៌របស់គណបក្សប្រជាជនកម្ពុជាយើង និងរាជរដ្ឋាភិបាលវិញ ហើយត្រូវថែបំប៉នស្មារតីរបស់គេឱ្យបានគត់មត់ និងត្រូវចាត់តាំងរៀបចំបញ្ចូលគេជាសមាជិកគណបក្សយើងស្របតាមគោលការណ៍គណបក្ស។
៧-ថែរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្សឱ្យបានរឹងមាំដាច់ខាតក្នុងគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់ ដោយប្រកាន់ខ្ជាប់នូវគោលជំហរ “សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់” ហើយលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន និងប្រឆាំងដាច់ខាតចំពោះរាល់ឧបាយកល ដែលប៉ុនប៉ងបំបែកបំបាក់ផ្ទៃក្នុងគណបក្សយើង៕