ទណ្ឌិតក្នុងពន្ធនាគារចំនួន២២នាក់ ទទួលបានការបន្ធូរបន្ថយទោស 

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ទណ្ឌិតក្នុងពន្ធនាគារចំនួន២២នាក់ទទួលបានការបន្ធូរបន្ថយទោស០៣ខែនិង០៦ខែ ។
លោក យូ ពៅ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២៥បាន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ២០២៥ ដោយមានការចូលរួមពីតំណាងស្ថាប័ន តុលាការ នគរបាល ប្រារព្ធធ្វេីឡេីងនៅសាលប្រជុំពន្ធនាគារខេត្ត ស្ថិតនៅភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុង សិរីសោភ័ណ  ។
លោកឧត្តមអគ្គានុរក្ស ថ្នាក់លេខ៣ ឆង ឈឺន ប្រធានពន្ធនាគារស្តីទីខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ជនត្រូវចោទចំនួន២៩៥៣នាក់/ស្រី១៩០នាក់ ក្នុងនោះអនីតិជនចំនួន៥៤៨នាក់/ស្រី០៥នាក់ , ជនបរទេសចំនួន៣១៦ នាក់/ស្រី៤៥នាក់(ជនជាតិថៃ, ជនជាតិវៀតណាម, ជនជាតិឥណ្ឌូនេស៊ី, ជនជាតិរុស្ស៊ី, ជនជាតិចិន, ចិនតៃវ៉ាន់, សិង្ហបុរី, ឡាវ, ភូមា, ឥណ្ឌា, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ប្រេស៊ីល)។ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣បានបញ្ជាក់ឱ្យដឹងថា ក្នុងឆ្នាំ២០២៥នេះអង្គភាពបានទទួលព្រះរាជក្រឹត្យបន្ធូរបន្ថយទោសនិងលើកលែងទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ឆ្នាំ២០២៥ ចំនួន១៥នាក់/ស្ត្រី ០២នាក់ ក្នុងនោះបន្ធូរបន្ថយទោស០៣ខែចំនួន១៥នាក់/ស្ត្រី ០២ នាក់។ ទទួលព្រះរាជក្រឹត្យបន្ធូរបន្ថយទោសនិងលើកលែងទោសដល់ទណ្ឌិតក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ចំនួន២២នាក់/ស្ត្រី០២នាក់ ក្នុងនោះ បន្ធូរបន្ថយទោស០៣ខែ ចំនួន២០នាក់/ស្ត្រី ០២ នាក់។ បន្ធូរបន្ថយទោស០៦ខែ ចំនួន០២នាក់/ស្ត្រី០០នាក់ ។
ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្តលោក ឃូ ពៅ ក៏បានសម្តែងនូវការចូលរួមត្រេកអរចំពោះទណ្ឌិតដែលត្រូវបានបន្ធូរបន្ថយទោសក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ហើយលោកក៏បានណែនាំដល់បងប្អូនទណ្ឌិតដែលនឹងត្រូវបន្ធូរបន្ថយនិងពេលត្រឡប់ទៅមូលដ្ឋានវិញត្រូវខិតខំកែប្រែខ្លួន ធ្វេីជាពលរដ្ឋល្អ ត្រូវយកចំណេះជំនាញដែលបានរៀនសូត្រនៅក្នុងពន្ធនាគារយកទៅប្រកបរបរចិញ្ចឹមជីវិតគ្រួសារផងដែរ៕

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print