ខេត្តរតនគិរី៖ លោកកែវ ផុង ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមសេនាតេជោសន្តិភាព
នាំយកអំណោយផ្តល់ជូនកងកម្លាំងយោធាវរសេនាតូចការពារព្រំដែនលេខ១១៣ដែលឈរជើងតាមបណ្តោយព្រំដែនកម្ពុជា,វៀតណាមនិងឡាវ។
អំណោយដ៍ថ្លៃថ្លារបស់សម្តេចទាំងទ្វេផ្តល់ជូននាពេលនេះរួមមាន៖ ទឹកសុទ្ធ២៥០កេស, មី៣៥០កេស, អង្ករ៥តោន, ទឹកត្រី ទឹកស៊ីអ៊ីវ ៥០០យួរ និងថវិកាមួយចំនួនទៀតផងដែរ។
ដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសួរសុខទុក្ខនោះនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥លោក កែវ ផុង បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្ដេចតេជោ ហ៊ុន សែន , សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន, សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះនាយទាហាន និងពលទាហានដែលបានលះបង់កម្លាំងកាយចិត្ត បំពេញភារកិច្ចប្រកបដោយភាពអង់អាចក្លាហានគ្រប់កាលៈទេសៈដើម្បីការពារទឹកដីឲ្យបានគង់វង្ស។
បន្ថែមពីនេះ លោក កែវ ផុង បានថ្លែងការកោតសរសើរចំពោះនាយទាហាន និងពលទាហាន នៃកងវរសេនាតូចការពារព្រំដែនលេខ១១៣ ដែលបានលះបង់កម្លាំងកាយចិត្តបំពេញភារកិច្ចមិនថាថ្ងៃឬយប់ទេដើម្បីបំរើប្រទេសជាតិ៕