ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការគំាទ្រ និងស្វាគមន៍ បេសកកម្មការទូត របស់លោក ធុល ត្រៃសូរ៉ាត់ (Tull TRAISORAT) ឯកអគ្គរាជទូតថ្មីនៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយលោកបានបេ្តជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការភ្ជាប់ទំនាក់ទំនងដ៏ល្អនិងជិតស្អិទ្ធរវាងប្រជាជននៃប្រទេសទាំងពីរកម្ពុជា-ថៃ ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត ជាមួយនឹងការលើកកម្ពស់ទំហំពាណិជ្ជកម្មប្រទេសទាំងពីរឱ្យសម្រេចបានគោលដៅរំពឹងទុកគឺ ១៥ ពាន់លានដុល្លារ ជាមួយនឹងការជំរុញវិស័យទេសចរណ៍ កសិកម្ម និងអប់រំ ឱ្យកាន់តែរីកចម្រើនផងដែរ។
នៅក្នុងឱកាសចូលជួបសម្តែងការគួរសមនិងពិភាក្សការងារជាមួយ សម្តេចប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ លោក ធុល ត្រៃសូរ៉ាត់ បានអរគុណសម្តេចប្រធានរដ្ឋសភា ដែលបាទទួលស្វាគមន៍យ៉ាងកក់ក្តៅនូវដំណើរទស្សនកិច្ចរបស់លោកស្រី នាយករដ្ឋមន្រ្តីថៃនៅកម្ពុជា កាលពីពេលថ្មីៗនេះ។ ជាមួយគ្នានេះ លោកក៏បានលើកឡើងពីការតំាងចិត្តនៅក្នុងការលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ថៃ ដែលបានឈានដល់ខួប៧៥ឆ្នាំនៅពេលនេះ ឱ្យកាន់តែរឹងមាំ និងគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ ទាំងខាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងវិស័យឯកជន។
លោកឯកអគ្គរាជទូត បានជម្រាបពីផែនការជាច្រើន ដែលលោក នឹងខិតខំបំពេញឱ្យសម្រេចបាន នៅក្នុងអាណត្តិការទូតរបស់ខ្លួន ក្នុងនោះពេលឆាប់ៗនេះ លោកនឹងរៀបចំគណៈប្រតិភូសភាពាណិជ្ជកម្មថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជា ជួបជាមួយភាគីកម្ពុជានិងធ្វើដំណើរទស្សនកិច្ចជាក់ស្តែងទៅកាន់គោលដៅវិនិយោគនិងទេសចរណ៍សំខាន់ៗនៅកម្ពុជា ពិសេសនៅខេត្តសៀមរាប ខេត្តក្រចេះ និងខេត្តនានាដែលជាប់ព្រំដែនកម្ពុជា-ថៃ។ លោកបានជម្រាបសម្តេចប្រធានរដ្ឋសភាថា ព្រះរាជាណាចក្រថៃជាប្រទេសឈរលេខរៀងទី៥ ក្នុងចំណោមប្រទេសដែលបានវិនិយោគនៅកម្ពុជានិងជាប្រទេសឈរលេខរៀងទី១ ដែលមានអ្នកទេសចរច្រើនជាងគេមកទស្សនាកម្ពុជា។ កាលពីឆ្នាំ២០២៤ អ្នកទេសចរថៃចំនួន២លាននាក់ បានធ្វើដំណើរមកកម្ពុជា ខណៈអ្នកទេសចរកម្ពុជាមានប្រមាណជាង៥សែននាក់ បានធ្វើដំណើរទៅកាន់ប្រទេសថៃ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណចំពោះលោកនិងសហការី ដែលបានសហការជាមួយភាគីកម្ពុជាបានយ៉ាងល្អ ក្នុងការរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រថៃ នៅកម្ពុជានាពេលកន្លងមកនេះ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រព្រឹត្តិទៅដោយរលូនទទួលបានផ្លែផ្កាជាទីមោទនៈ នាំមកនូវផលប្រយោជន៍ជាច្រើន ដល់ប្រទេសនិងប្រជាជនទំាងសងខាង។
សម្តេចបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ ដែលបានឈរលើភាពស្មោះត្រង់ និងការជឿទុកចិត្តគ្នា ហើយតែងបានជួបពិភាក្សាគ្នាជាប់ជាប្រចាំនៅគ្រប់កម្រិត និងបានបង្កលក្ខណៈកាន់តែងាយស្រួលដល់ប្រជាជននៃប្រទេសទាំងពីរក្នុងការប្រកបរបរទទួលទាននិងការផ្លាស់ប្តូរទំនិញទៅមកជាប្រចាំថ្ងៃ។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថាទំនាក់ទំនងដ៏ល្អដែលកើតចេញពីការគំាទ្រនិងចូលរួម របស់ប្រជាជនប្រទេសទាំងពីរនេះ មានសារៈសំខាន់ណាស់នៅក្នុងបរិបទដែលសកលលោកកំពុងប្រឈមដែលមានប្រកួតប្រជែងភូមិសាស្រ្តនយោបាយ និងពាណិជ្ជកម្មប្រកបដោយភាពស្មុគស្មាញនោះ។ ទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងថៃ មិនត្រឹមធានាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម សម្រាប់ប្រជាជននៃប្រទេសទាំងពីរប៉ុណ្ណោះទេ តែមានសារៈសំខាន់ដល់តំបន់និងសកលលោកផងដែរ។
នៅក្នុងជំនួបនេះ ភាគីទាំងពីរក៏បានពិភាក្សានៅក្នុងការលើកកម្ពស់ទំនាក់ទំនងរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែសកម្ម និងគ្រប់ជ្រុងជ្រោយឡើងបន្ថែមទៀត ស្របតាមស្មារតីនៃអនុស្សរណៈដែលថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានចុះហត្ថលេខាកាលពីឆ្នាំកន្លងទៅ។ ក្នុងពេលថ្មីៗនេះ ក្រុមមិត្តភាពរដ្ឋសភាថៃ-កម្ពុជានឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ជាមួយគ្នានេះ ដើម្បីអបអរសាទរខួបលើកទី៧៥ នៃទំនាក់ទំនងការទូតប្រទេសទាំងពីរ សម្តេចប្រធានរដ្ឋសភាក៏បានគោរពអញ្ជើញ លោកប្រធានរដ្ឋសភាថៃ ឱ្យមកបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលខាងមុខ។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍គាំទ្រទាំងស្រុងពីផែនការបេសកកម្មការទូតរបស់លោក ធុល ត្រៃសូរ៉ាត់ ថានឹងនាំមកកនូវជោគជ័យបន្ថែមទៀតដល់ទំនាក់ទំនងប្រទេសទាំងពីរ។ សម្តេចបានគូសបញ្ជាក់ថា ដូចជាវិស័យទេសចរណ៍ រដ្ឋសភាកម្ពុជាសូមគាំទ្រចំពោះគំនិតផ្តួចផ្តើមថ្មីរបស់ប្រទេសដែលបានលើកឡើងអំពី “ប្រាំមួយប្រទេស ទិសដៅតែមួយ/ Six Countries, One Destination” បន្ថែមលើ “ព្រះរាជាណាចក្រពីរ ទិសដៅតែមួយ” សំដៅជំរុញ និងលើកកម្ពស់វិស័យទេសចរណ៍ មិនមែនតែសម្រាប់ប្រទេសយើងពីរប៉ុណ្ណោះទេ តែសម្រាប់តំបន់ និងដើម្បីកំណើនរួម។
សម្តេចបានមានប្រសាសន៍បន្តថា ចំពោះវិស័យសន្តិសុខវិញ កិច្ចសហប្រតិបត្តិការរបស់កម្ពុជានិងថៃ ទទួលបានលទ្ធផលគួរកត់សម្គាល់ ក្នុងការរួមគ្នាដោះស្រាយបញ្ហា និងទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន, (online fraud) និងសម្រួលពាណិជ្ជកម្មឆ្លងដែន ជាពិសេសការកសាងខ្សែបន្ទាត់ព្រំដែន ក្លាយជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ”។ កិច្ចសហការដោះស្រាបញ្ហាសន្តិសុខនេះ មិនត្រឹមធានាបាននូវសុខសុវត្ថិភាដល់ប្រទេសនិងប្រជាជនទំាងពីរប៉ុណ្ណោះទេ ប៉ុន្តែធ្វើឱ្យអាស៊ានទំាងមូលមានស្ថិរភាព មានសន្តិសុខ និងចូលរួមចំណែកដល់ការកសាងសហគមន៍អាស៊ាន ប្រកបដោយវិបុលភាពនិងចីរភាពថែមទៀតផង៕
ដោយ ៖ សិលា