នាយឧត្តមសេនីយ៍ គន់ គីម បញ្ចុះបឋមសីលាសាង សង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា នៅខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសីលាសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ  ដោយមានការអញ្ជេីញចូលរួមពីលោក នួន ផារ័ត្ន អភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ព្រមទាំងថ្នាក់ដឹកនាំខេត្ត បណ្ដាមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី អាជ្ញាធរដែនដីក្រុងស្រុក បងប្អូនអតីតយុទ្ធជន និងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ជាច្រើននាក់ បានចូលរួមក្នុងពិធីនេះផងដែរ។ ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិត្រពាំងចំបក់ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

បន្ទាប់ពីពិធីក្រុងពាលី សុំម្ចាស់ទឹកម្ចាស់ដីសាងសង់អគារស្នាក់ការសមាគមអតីតយុទ្ធជន តាមបែបប្រពៃណីសាសនារួចមក ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ  បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងបានរាយការណ៍ជូនអង្គពិធីអំពី បច្ចុប្បន្នភាពអតីតយុទ្ធជននៅខេត្តកំពង់ធំ ដែលមានចំនួនជាង​៤,០០០​ នាក់ និងអ្នកនៅក្នុងបន្ទុកជាច្រើនពាន់នាក់ និងបានបញ្ជាក់ជូនអំពី គម្រោងសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជានៅខេត្តកំពង់ធំ នៅពេលនេះ ដែលមានទំហំ ៣១៨,១៣ ម៉ែត្រការ៉េ ធ្វើពីបេតុង ប្រក់ក្បឿង ចែកចេញជា៧បន្ទប់  សម្រាប់បម្រើនិរន្តរភាពការងាររបស់អតីតយុទ្ធជននៅខេត្តកំពង់ធំ ដែលគ្រោងចំណាយទឹកប្រាក់ក្នុងការសាងសង់ចំនួនជាង ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ ដោយឡែកការរៀបចំចាក់ដីបំពេញទីធ្លា សម្រាប់សាងសង់ទីស្នាក់ការសមាគមនេះត្រូវបានចំណាយទឹកប្រាក់អស់ ៣៣,២៧៥,០០០ រៀល ។

ទេសរដ្ឋមន្ត្រីនាយឧត្តមសេនីយ៍ គន់ គីម បានថ្លែង អំណរគុណចំពោះលោក នួន ផារ័ត្ន អភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត កំពង់ធំ រួមជាមួយស្ថាប័នជំនាញមានការពាក់ព័ន្ធ ដែលបានជួយដោះស្រាយដីសម្រាប់សាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជននៅខេត្តកំពង់ធំ នៅពេលនេះ ។ ជាមួយនោះដែរ ក៏បានថ្លែងនូវការកោតសរសើរចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន ដែលបានរួមជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការសមាគមអតីតយុទ្ធជននៅគ្រប់បណ្ដាថ្នាក់ ក្នុងការបម្រើនិងដោះស្រាយការលំបាកខ្វះខាតជូនបងប្អូនអតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំ នាពេលកន្លងទៅ បានយ៉ាង​ល្អ​ប្រសើរ​ ។

នាយឧត្តមសេនីយ៍ គន់ គីម  បានសូមគោរពថ្លែង អំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុមប្រធានទី១នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានបង្ករលក្ខណៈងាយស្រួលគ្រប់បែប យ៉ាង ក្នុងការបម្រើបងប្អូនអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិនិងមាតុភូមិ ដោយបានដោះស្រាយដីសម្បទានសង្គមកិច្ច សាងសង់ផ្ទះសម្បែង រៀបចំហេដ្ឋារចនាសម្ព័ន្ធ  ក្នុងជីវភាពរស់នៅប្រចាំថ្ងៃជូនបងប្អូនអតីតយុទ្ធជននៅទូទាំងប្រទេសបានយ៉ាងល្អប្រសើរ ហើយថ្ងៃនេះដើម្បីមាននិរន្តរភាពការងារសម្រាប់បម្រើឲ្យបងប្អូនអតីតយុទ្ធជន សម្ដេចបានអនុញ្ញាតឲ្យធ្វើការសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជានៅគ្រប់បណ្ដាខេត្តរាជធានី  ដើម្បីងាយស្រួលក្នុងការដោះស្រាយនិងបម្រើសេចក្តីត្រូវការចាំបាច់នានាជូនបងប្អូនអតីតយុទ្ធជនយើង។

...

នាយឧត្តមសេនីយ៍ គន់ គីម  បានផ្ដាំផ្ញើដល់ក្រុមវិស្វកម្ម ដែលមានភារកិច្ចសាងសង់ទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ត្រូវធ្វើការសាងសង់ប្រកប ដោយគុណភាព សោភ័ណភាព ស្របតាមលក្ខណៈបច្ចេកទេស និងគំរូប្លង់ដែលត្រូវសាងសង់  ហើយក្នុងឱកាសនេះដែរទេសរដ្ឋមន្ត្រី និងអភិបាល​ខេត្ត​កំពង់ធំ​ ក៏បានផ្ដល់ជូនស្បៀងអាហារគ្រឿងឧបភោគបរិភោគ  និង​ថវិកា​ក្នុង​ម្នាក់ៗ​ចំនួន​៥០,០០០​ រៀល​អំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ជូនដល់បង ប្អូនអតីតយុទ្ធជនចំនួន​ ១០០​ នាក់​ដែលបានចូលរួមក្នុងឱកាសនេះផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print