ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ ចេញសេចក្តីជូនដំណឹង អំពីការដាក់ឱ្យប្រើប្រាស់សេវារដ្ឋបាលលើការផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល ការបញ្ជាក់អត្តសញ្ញាណបុគ្គល និងការបញ្ជាក់អំពីភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គល !
ក្រសួងមហាផ្ទៃ មានកិត្តិយសសូមជូនដំណឹងដល់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ (ទាំងវិស័យ សាធារណៈ និងវិស័យឯកជន) ឱ្យបានជ្រាបថា ដោយមានកិច្ចសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ នឹងដាក់ឱ្យប្រើប្រាស់ពេញលេញសេវារដ្ឋបាលចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ លើការ (១) ផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល តាមរយៈផ្ទាលផ្លាស់ប្តូរទិន្នន័យកម្ពុជា CamDX (២) បញ្ជាក់ អត្តសញ្ញាណបុគ្គល និង (៣) បញ្ជាក់អំពីភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គល។ កម្រៃសេវារដ្ឋបាល ខាងលើនឹងត្រូវអនុវត្តស្របតាមខ្លឹមសារប្រកាសអន្តរក្រសួងលេខ៦០១ សហវ.ប្រក.អទច ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងលិខិតលេខ៣៥៧ សជណ.ហធ ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។
សម្រាប់សេវាផ្ទៀងផ្ទាត់ទិន្នន័យអត្តសញ្ញាណបុគ្គល តាមរយៈផ្ទាលផ្លាស់ប្តូរទិន្នន័យកម្ពុជា CamDX ក្រសួងមហាផ្ទៃ សូមជូនដំណឹងដល់ក្រសួង ស្ថាប័នទាំងអស់ដែលមានបំណងប្រើប្រាស់សេវាខាងលើ សូមដាក់ ពាក្យស្នើសុំប្រើប្រាស់សេវា ដោយភ្ជាប់ជាមួយព័ត៌មានបច្ចេកទេសមួយចំនួនដើម្បីតភ្ជាប់ប្រព័ន្ធ ស្របតាមខ្លឹមសារ ប្រកាសលេខ៣៩២២ ប្រក ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ។ ដោយឡែក សម្រាប់ក្រសួង និងស្ថាប័នដែលកំពុងប្រើប្រាស់សេវាខាងលើ សូមរួសរាន់បំពេញបែបបទស្នើសុំឡើងវិញ ដោយអនុលោមតាម បទដ្ឋានបច្ចេកទេសដែលបានកំណត់ ដូចមានចែងក្នុងប្រកាសលេខ៣៩២២ ប្រក ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ដើម្បីចៀសវាងការផ្អាកសេវាដោយមូលហេតុផ្សេងៗ។
សម្រាប់សេវាបញ្ជាក់អត្តសញ្ញាណបុគ្គល និងបញ្ជាក់អំពីភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គល ជាប្រភេទសេវាថ្មីដែលប្រើប្រាស់ទិន្នន័យពីប្រព័ន្ធគ្រប់គ្រងទិន្នន័យអត្តសញ្ញាណកម្ម ដែលមានសុក្រឹតភាពខ្ពស់ ដើម្បីចេញលិខិតបញ្ជាក់អត្តសញ្ញាណបុគ្គល និងលិខិតបញ្ជាក់អំពីភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គល ជូនអ្នកស្នើសុំសម្រាប់ប្រើប្រាស់ ដូចមានគំរូភ្ជាប់ក្នុងឧបសម្ព័ន្ធ។ ដូចសន្លឹកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដែរ លិខិតបញ្ជាក់អត្តសញ្ញាណបុគ្គល និងលិខិតបញ្ជាក់អំពីភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គល អាចប្រើប្រាស់ ក្នុងគោលបំណងផ្សេងៗដូចជា ការចុះឈ្មោះចូលរៀន ការបំពេញបែបបទចូលបម្រើការងារ ការចុះបញ្ជីអចលនវត្ថុ ការចុះបញ្ជីយានយន្ត ការបើកគណនីធនាគារ ការចុះបញ្ជីពាណិជ្ជកម្ម ការចុះកិច្ចសន្យា ឬការប្រើប្រាស់សេវា រដ្ឋបាលផ្សេងទៀត លើកលែងតែមានប្បញ្ញត្តិដោយឡែក។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរសព្ទ ០១២ ៤៤៤ ៥១៣ ឬ ០១៦ ៨៣១ ៨៥៩ ឬអាច ញ្ជើញទៅកាន់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មដោយផ្ទាល់ រៀងរាល់ម៉ោងធ្វើការ ៕
ដោយ ៖ សិលា