ខេត្តព្រះសីហនុ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា មាន ក្រុមមួយនោះដែលអួតខ្លួនជាចលនាតស៊ូ បានទៅអំពាវនាវដល់អឺរ៉ុបបន្តដាក់ទណ្ឌកម្មមកលើកម្ពុជា ស្របពេលដែលសហរដ្ឋអាមេរិកកំពុងចាត់វិធានការដំឡើងពន្ធនៅលើពិភពលោករួមទាំងកម្ពុជា ដែរ ដែលចំណុចនេះ បង្ហាញពីការបំផ្លាញផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា។
ក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករនិយោជិត នៃកំពង់ផៃស្វយ័តក្រុងព្រះសីហនុ ក្នុងឱកាសអបអរសាទរទិវាពលកម្មអន្តរជាតិ១ឧសភា នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈសកម្មភាពរបស់ក្រុមប្រឆាំងជ្រុលនិយមនៅ ក្រៅប្រទេសមួយចំនួន ដែលខំប្រឹងឱ្យបរទេសដាក់សម្ពាធមកលើកម្ពុជានោះ បង្ហាញថា ក្រុមប្រឆាំង កំពុងយកជើងរាទឹក មិនចង់ឱ្យប្រទេសកម្ពុជាមានការរីកចម្រើន មិនចង់ឃើញប្រជាជនកម្ពុជា ទទួលបានសេចក្តីសុខនិងការអភិវឌ្ឍនោះឡើយ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការសោកស្ដាយដែលក្រុមប្រឆាំងជ្រុលនិយមមួយក្ដាប់តូច នៅក្រៅស្រុកបន្តធ្វើការរាំងស្ទះ និងអំពាវនាវដល់អន្តរជាតិ ក៏ដូចជាអាមេរិកដាក់ទណ្ឌកម្មមកលើកម្ពុជា ខណៈរាជរដ្ឋាភិបាលកំពុងខិតខំដោះស្រាយជាមួយអាមេរិក ដើម្បីជួយដល់ប្រជាពលរដ្ឋ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការហួសចិត្តនឹងក្រុមប្រឆាំង ដែលនាំគ្នាទៅបញ្ចុះបញ្ចូលសហភាពអឺរ៉ុប ឱ្យដាក់សម្ពាធពាណិជ្ជកម្មលើកម្ពុជា ស្របពេលកម្ពុជាកំពុងខិតខំចរចាបញ្ហាពន្ធជាមួយអាមេរិក។ សម្តេចមហាបវរធិបតី បានចោទសួរថា កម្ពុជាកំពុងដោះស្រាយបញ្ហាជាមួយអាមេរិក តើសម ឬចាំបាច់ទេ ដែលក្រុមប្រឆាំងនាំគ្នាទៅស្នើអឺរ៉ុបឱ្យដាក់សម្ពាធលើកម្ពុជា ដែលនាំការលំបាកដល់ពលរដ្ឋកម្ពុជា រួមទាំងអ្នកដែលគាំទ្រពួកគេផងនោះ។
សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំឃើញអ្នកខ្លះម្សិលមិញ គេទៅអួត គេទៅប្រាប់សភាអឺរ៉ុបឲ្យសម្រេចដាក់ទណ្ឌកម្មលើរដ្ឋាភិបាលខ្មែរ ពេលយើងកំពុងប្រឈមនឹងពាណិជ្ជកម្ម និងការដាក់ពន្ធរបស់អាមេរិក ប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋយើងហើយ គេនៅតែមិនភ្លេចអួតពីរឿង គេទៅឲ្យអឺរ៉ុបត្រៀមដាក់ទណ្ឌកម្មលើកម្ពុជាទៀត តាមរូបមន្តដូចដក EBA អីចឹង។ តើបានផលដល់ពលករ កម្មករយើងទេ? អត់ទេ។ ដក EBA ដាក់សម្ពាធសេដ្ឋកិច្ចបន្ថែម នឹងនាំឲ្យប៉ះពាល់ដល់ការដឹកជញ្ជូនទំនិញ រោងចក្របិទទ្វារ។ តើគេអួតទេ?» ៕
ដោយ ៖ សិលា