រឿង ប្រឡាយទឹកភ្នែក(ត)

ចែករំលែក៖

ស្នូរជើងថ្នមៗដើរលើខ្នងប្រឡាយយឺតៗ ភ្នែករេដេដាសហាក់ភ័យខ្លាចនិងរឿងអ្វីមួយ។បុរសនោះឈ្មោះ ណារ៉ុង ដែលមានរាងខ្ពស់ ឆ្អឹងធំ និងមាឌស្ដើងបន្តិចព្រោះតែគ្មានអាហារហូបគ្រប់គ្រាន់ បានដាស់សតិរបស់ណារុ៉ងឲ្យនៅមិនស្ងប់ចង់ដឹងថា តើជាសំឡេងពិតឬជាសំឡេងបោកប្រាស់់សម្រាប់ផ្ដល់ជាសញ្ញាអ្វីមួយ? ណារុងដើរលបៗចូលកាន់តែជិតដើម្បីស្រាយចម្ងល់នោះ។ អូហ៍ ក្មេងតើ ។ ចុះកូនអ្នកណាគេមកនៅក្នុងប្រឡាយនេះ? ណារ៉ុងមានចិត្តស្ទាក់ស្ទើរមិនចង់ជួយព្រោះខ្លាចនាំទុក្ខដល់ខ្លួន ប៉ុន្តែដោយចិត្តសប្បុរសណារ៉ុង បានប្រថុយដើរចូលទៅជួយវិញ។
ណារ៉ុង ស្រឡាំងកាំងស្ទើររលត់វិញ្ញាណ។ ទឹកភ្នែកចាប់ផ្ដើមហូររួចយកដៃលើកយកកូនចងក្នុងថ្នក់ក្រមាគ្រពាត់ទៅក្រោយខ្នង។បន្ទាប់មក ណារុ៉ង លើកត្រកងភរិយាដែលកំពុងដេកដួលយកទៅខ្ទមកម្សត់។ ណារ៉ុងដាក់ប្រពន្ធថ្នមៗឲ្យគេងរួច ណារ៉ុង បានដាក់បបរសណ្ដែកបាយជាមួយនឹងស្ករត្នោតដែលគាត់បានលួចយកមកទុកឲ្យប្រពន្ធរបស់គាត់។ ថ្ងៃនោះ នរៈ កូនរបស់ខ្ញុំបានលួចរត់ពីកងឈ្លបមកផ្ទះដែរ។ បបរសណ្ដែកនោះហើយដែលធ្វើឲ្យខ្ញុំមានជីវិតរហូតមកដល់សព្វថ្ងៃនេះ។ គ្រួសាររបស់ខ្ញុំនៅជុំគ្នាមាន ខ្ញុំ បងរុ៉ង ម៉ែពុករបស់ខ្ញុំនិងកូនច្បងរបស់ខ្ញុំឈ្មោះ នរៈ។ពួកយើងបរិភោគបបរសណ្ដែកនោះយ៉ាងរីករាយប្រកបដោយសុភមង្គល។ ថ្ងៃនេះហើយជាថ្ងៃដែលខ្ញុំមានសេចក្តីសុខបំផុតនៅក្នុងរបបខ្មែរក្រហម។ ប្ដីរបស់ខ្ញុំបានដាក់ឲ្យខ្ញុំកើយលើភ្លៅរបស់គាត់ រួចគាត់អង្អែលសក់ខ្ញុំថ្នមៗពោរពេញដោយក្តីស្រឡាញ់។ ទឹកភ្នែកខ្ញុំរំភើបហូរស្រក់ដោយមិនដឹងខ្លួន។ ស្វាមីរបស់ខ្ញុំបង្អូសត្រដុសដោយខ្ទង់ច្រមុះរបស់គាត់ដើម្បីជូតទឹកភ្នែកឱ្យខ្ញុំ កុំឲ្យបន្តស្រក់ទៀត។
ការជួបជុំក្រុមគ្រួសារ គឺជាសេចក្តីសុខមិនអាចបំភ្លេចបាន។ការព្រាត់ប្រាស់ជាអវចីជីវិតដែលមនុស្សគ្រប់គ្នាមិនចង់ឆ្លងកាត់។យប់នេះ គឺជាយប់ដែលខ្ញុំមិនចង់ឲ្យភ្លឺ។ ពន្លឺព្រះអាទិត្យហាក់ចូលមកដុតបំផ្លាញសុភមង្គលរបស់ខ្ញុំ។នរៈ កូនរបស់ខ្ញុំបានទៅកន្លែងធ្វើការងារវិញតាំងពីព្រហាមស្រាងៗម្ល៉េះ ព្រោះខ្លាចអង្គការចាប់បានថ្កោលទោសអូសដំណើរ។ ប្ដីរបស់ខ្ញុំនៅជួយបម្រើខ្ញុំមួយព្រឹកទៀត មុននឹងគាត់ចាកចេញទៅធ្វើការនៅកន្លែងគាត់វិញនៅឯថ្នាក់តំបន់។ ថ្ងៃនោះស្រាប់តែមានសំឡេងបើកទ្វារយ៉ាងខ្លាំងព្រោះខ្ញុំគិតក្នុងចិត្តថាបងណារ៉ុងនឹងយកបបរឲ្យខ្ញុំ។ ប៉ុន្តែអ្វីៗខុសពីការរំពឹងទុករបស់ខ្ញុំ ពេលនោះស្រាប់តែមេកងស្រែកសួរយ៉ាងសន្ធាប់ថាឯណាប្ដីនាងឯង ? ខ្ញុំកន្ត្រាក់ភ្ញាក់ឡើងក្រញាងដូចរន្ទះបាញ់ប្រាំបីទិសអ៊ីចឹង។ ខ្ញុំឆ្លើយឡើងទាំងញ័រមាត់ទទ្រើកថា ខ្ញុំមិនដឹងទេសមមិត្តបង! មេកងទាំងបីនាក់ដើរឆែកឆេរគ្រប់កន្លែងប៉ុន្តែនៅតែរកប្ដីរបស់ខ្ញុំមិនឃើញទើបមេកងរបូតមាត់សួរខ្ញុំថា នាងកើតកូនហើយ ម៉េចមិនទៅពេទ្យឲ្យគេជួយបង្កើត? ខ្ញុំឆ្លើយតបទៅមេកងវិញថាមិនអីទេ ព្រោះកូនខ្ញុំកើតដូចមិនពិបាកដែរ។ ខ្ញុំហាក់ធូរទ្រូងបន្តិចនៅពេលដែលមេកងរកចាប់ប្ដីរបស់ខ្ញុំមិនបាន។
ប្ដីរបស់ខ្ញុំត្រូវខ្មែរក្រហមសម្លាប់÷
ខ្ញុំកំពុងតែភ្លឹកក្នុងពិភពរវើរវាយត្រូវបានកាត់ដាច់ចោលនៅពេលដែលមានសំឡេងត្រហេបត្រហបហាក់ភ័យជ្រួលច្របល់មកពញ្ញាក់អារម្មណ៍របស់ខ្ញុំដោយមានគេមកប្រាប់ថា ប្ដីរបស់ខ្ញុំត្រូវបានអង្គការផ្លាស់ប្ដូរហើយទៅកាច់ពោតនៅឯព្រៃរនាមវិញ ព្រោះកូនរបស់ខ្ញុំបានប្រាប់អង្គការថា ប្ដីរបស់ខ្ញុំមកលេងផ្ទះដោយយកសណ្ដែក និងស្ករត្នោតជាច្រើនឲ្យយើងហូបទៀត។ ពាក្យមួយឃ្លានោះហាក់ដូចជាមានកាំបិតមកចាក់ចំបេះដូងខ្ញុំអ៊ីចឹង។ ខ្ញុំគ្មានអ្វីក្រៅពីទឹកភ្នែកបញ្ជាក់ពីភាពឈឺចាប់របស់ខ្ញុំទេ។ ក្មេងគឺជាមនុស្សស្មោះត្រង់ណាស់ខ្ញុំមិនអាចស្ដីបន្ទោស ឬដាក់កំហុសលើកូនរបស់ខ្ញុំបានទេ។ ប្ដីរបស់ខ្ញុំទៅបានសុខ មានតែអ្នកនៅរស់ទេទើបទទួលទុក្ខបន្តទៀត។ កម្សួលចិត្តគិតវិលវល់តែម្នាក់ឯងរបស់ខ្ញុំបានឈប់នឹងថ្កល់ ពេលមានសំឡេងមកប៉ះត្រចៀករបស់ខ្ញុំថានាងត្រូវទៅធ្វើការវិញនៅស្អែកនេះ។ កូនរបស់នាងដាក់នៅក្នុងកុមារដ្ឋាន ពេលសម្រាកពីការងារមកបំបៅកូនចុះ។ មនុស្សស្រីគ្មានប្រយោជន៍បោចចាបស្អីទេ។ ងាកកូន ងាកកើត ងាប់កប់បង្ហើយទៅ អង្គការមិនខាតកម្លាំងពលកម្មច្រើន។(នៅមានត)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print