ខេត្តកណ្ដាល៖ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្តីបំភ្លឺព័ត៌មានរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមជម្រាបជូនសាធារណជន ពាក់ព័ន្ធទៅនឹងគណនីហ្វេសប៊ុកឈ្មោះ ចាន់ ប៊ុនរិទ្ឋ បានបង្ហោះវីដេអូ អមដោយខ្លឹមសារថា «ស្អីឱ្យពិតប្រាកដ តួនាទីស្អីឱ្យពិតប្រាកដ ប្រជាការពារ អ្នកកាសែត បងប៉ូលីស បងជាអាវុធហត្ថ បងជាប្រធានសមាគម ? សូមបងប្អូនជួយប្រាប់ផង មានទាំងខ្នោះដៃ មិនដឹងថាគាត់មានតួនាទីអ្វីទេស្លៀកពាក់មិនសមរម្យតែមានប្រើខ្នោះដៃ ID icom វិទ្យុទាក់ទង មានស្រោមកាំភ្លើងទៀត ដូចមិនគួរឱ្យមាន ជួបក្រោយវិទ្យាល័យហ៊ុនសែន តាខ្មៅ កង់បីគាត់ខូច។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ស្នងការ លោកអធិការនគរបាលក្រុងតាខ្មៅ បានចាត់ឱ្យផែននគរបាលយុត្តិធម៌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ឋចុះពិនិត្យនិងស្រាវជ្រាវរកបុគ្គលខាងលេី។
ជាលទ្ធផលនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់បានកំណត់និងស្គាល់ទីតាំងបន្ទប់ជួលបុគ្គលខាងលេី ហេីយបានអញ្ជេីញគាត់និងគ្រួសារគាត់មកប៉ុស្តិ៍រដ្ឋបាល ដេីម្បីធ្វេីការសាកសួរពាក់ព័ន្ឋករណីប្រេីប្រាស់អាយឌី និង អាយកូម។
យោងតាមការបញ្ជាក់របស់បងស្រី លឹម សុខឃៀង ដែលត្រូវជាប្រពន្ឋរបស់បុគ្គលខាងលេីបានឱ្យដឹងថា៖ ប្តីរបស់គាត់មានឈ្មោះ នី សាលី អាយុ ៤៥ឆ្នាំ មុខរបរ រត់កង់បី មានកូនចំនួន០២នាក់ (ស្រី១នាក់,ប្រុស១នាក់) រស់នៅបន្ទប់ជួល ស្ថិតនៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ដោយសារតែការស្រឡាញ់របស់របរដូចជាកងកម្លាំងមានដូចជា អាយកូម អាយឌី ខ្នោះដៃ ជាដេីម
។ល។ គាត់បានថវិកាពីកូនៗឱ្យខែបុណ្យទានក៏យកទៅទិញរបស់របរទាំងនោះយកមកប្រេីប្រាស់ដូចបានឃេីញនោះ ដោយមិនដឹងថាខុសទៅនឹងច្បាប់ ឬប៉ះពាល់ដល់ស្ថាប័នមានសមត្ថកិច្ចនោះទេ។
បងស្រី លឹម សុខឃៀង បានបញ្ជាក់បន្ថែមដល់សមត្ថកិច្ចថា ប្តីរបស់គាត់ធ្លាប់ត្រូវរបួសក្បាលធ្ងន់ធ្ងរកាលពី១០ឆ្នាំមុន ចាប់តាំងពីពេលនោះមក ប្តីរបស់គាត់មានសតិមិនល្អដូចគេនោះទេ ការនិយាយស្តីក៏មិនសូវបានល្អដែរ(និយាយមិនដឹងអី) ហេតុនេះសូមសមត្ថកិច្ចយោគយល់ផង។
នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ លោក នី សាលី បានមកបំភ្លឺបន្ថែមដល់សមត្ថកិច្ចផ្នែកជំនាញ នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ហេីយបានទទួលស្គាល់កំហុសឆ្គងកន្លងមក។
សមត្ថកិច្ចបានបញ្ជាក់ថា យកវិទ្យុទាក់ទងទាំងអស់នោះមកត្រួតពិនិត្យបានឱ្យដឹងថា៖ វិទ្យុទាក់ទងទាំងនោះពុំមានភ្ជាប់ជាមួយកាណាល់ប៉ូលិសយេីងនោះទេ អាយកូមខ្លះបេីកទៅលឺសំឡេង ខ្លះមិនដំណេីរការ(ខូច)។
បច្ចុប្បន្នកម្លាំងជំនាញ បានធ្វេីកិច្ចសន្យាបញ្ឈប់នូវការប្រេីប្រាស់រាល់សម្ភារផ្សេងៗដែលទាក់ទងនឹងកងកម្លាំង៕ដោយ៖តារា