រឿង ប្រឡាយទឹកភ្នែក(តចប់)

ចែករំលែក៖

* ម៉ែពុកដាច់អាហារ÷
ម៉ែពុករបស់ខ្ញុំជរាណាស់ទៅហើយ។ គាត់មិនអាចធ្វើការងារអ្វីបានក្រៅពីដេកនៅលើកន្ទេលស្លឹកត្នោតនោះទេ។ ពេលពួកគាត់ធ្វើការងារមិនកើត ពួកគាត់ក៏គ្មានរបបអាហារប្រចាំថ្ងៃដែរ។ យប់ជ្រៅទៅហើយ ព្រោះតែខ្ញុំរវល់ទៅប្រជុំជាមួយមេកង។ ពេលប្រជុំរួចខ្ញុំស្រូតដំណើរមកខ្ទមកម្សត់របស់ខ្ញុំយ៉ាងលឿន។ ខ្ទមស្លឹកកម្សត់ហាក់ឈរធ្មឹងមិនចង់ស្ដី។ បរិវេណខាងក្នុងងងឹតសូន្យរកពន្លឺបន្តិចគ្មាន។ ខ្ញុំខំស្រែកហៅរកម៉ែពុកយ៉ាងខ្លាំង តែគ្មានសំឡេងឆ្លើយតបមកវិញសោះ។ ពួកគាត់សម្រាកនៅលើគ្រែឫស្សី ហើយប្រឹងនិយាយម្ហបៗថា លាភ! លាភកូនៗមកហើយមែនទេ? ម៉ែពុកឃ្លានណាស់គេមិនឱ្យម៉ែពុកហូបទេ ព្រោះយើងមិនអាចធ្វើការឲ្យគេបាន។ ឮដូច្នោះហើយខ្ញុំអាណិតពួកគាត់ខ្លោចក្នុងចិត្ត។ ខ្ញុំបានយកបាយចំណែកខ្ញុំដែលខ្ញុំរំលែកទុកឲ្យគាត់ហូប។ បាយមួយកូនដុំតូចឲ្យពួកគាត់ហូបឆ្អែតម្ដេចនឹងកើតទៅ? ម៉ែពុករបស់ខ្ញុំជាមនុស្សចាស់ ហើយយំទារបាយហូបដូចកូនក្មេងតាមចិត្តគាត់ចង់ខ្លាំងៗមកកាន់ខ្ញុំ។ ម៉ែឃ្លានណាស់ប្រសិនបើបានស្ករត្នោត និងសណ្ដែកមកបបរដូចកាលអន្ទិតបបរឲ្យហូបនោះ ប្រហែលឆ្ងាញ់ហើយ ម៉្លេះសមពុកម៉ែអាចមានកម្លាំងបន្តរស់ទៅមុខទៀតបាន។ ហ៊ឺ!មិនអាចទេ ទ្រាំតាមកម្មរបស់យើងចុះពុកវា។ ទឹកភ្នែករបស់ខ្ញុំទប់ពុំបាន ពេលឮម្ដាយខ្ញុំនិយាយដូច្នោះ ណាចិត្តនឹកប្ដីផង ណាខ្លោចចិត្តអាណិតម៉ែពុកផង។ ឱ!នេះហើយជាជីវិតនរកលោកិយរបស់ខ្ញុំ។
* ខ្ញុំទៅលួចស្ករត្នោត÷
ព្រះចន្ទហាក់បំភ្លឺទ្វីបលោកដ៏ឃោឃៅនេះ។ ចំណែកឯឆ្កែចចកលូល្វើយៗហាក់ប្រកូកហៅគ្នាដើម្បីស្វែងរកអាហារ។ អាសូរដល់រូបខ្ញុំសរសៃខ្ចី ខំដើរលបៗកាត់គំនរសាកសពស្អុយរលួយហាក់មិនខ្លាចរអើមឡើយ។ រីឯភ្នែករេរំពៃគ្រប់ទិសខ្លាចមានមនុស្សតាមទាន់។ នៅក្នុងឃ្លាំងដាក់ស្ករមានសភាពស្ងាត់ជ្រងំ។ ខ្ញុំខំឆែកឆេរគ្រប់ទីកន្លែងដើម្បីស្វែងរកស្ករត្នោត។ ពេលនោះខ្ញុំឈប់នៅមួយកន្លែង ហើយខំកាយស្ករត្នោតពីពាងដោយប្រុងប្រយ័ត្នខ្លាចមានគេឮ។ ពេលខ្ញុំបានស្ករត្នោតគួរសមដែរហើយ ខ្ញុំដើរថយ ក្រោយលបៗដោយអារម្មណ៍ភ័យខ្លាចខ្លាំងណាស់។ ខ្ញុំភ័យផងងងឹតផងក៏ទង្គិចនឹងខ្ទះកូរស្ករធ្លាក់ឮសូរតូង។ អ្នកល្បាតនៅទីនោះបានរត់មកមើលយ៉ាងប្រញាប់ស្រាប់តែសំឡេងស្រែកប្រកបដោយអារម្មណ៍ខឹងបន្លឺឡើងថា ហងមករកអីទីនេះ។ ខ្ញុំតបទៅគេទាំងរញីរញ័រថា ខ្ញុំ ខ្ញុំ…មករកស្ករ ម្ដាយរបស់ខ្ញុំគាត់ឃ្លានណាស់សូមអស់លោកអភ័យទោសឲ្យខ្ញុំផង។ នាងដឹងទេថានឹងត្រូវស្លាប់ទេ! ខ្ញុំឮដូច្នោះខ្ញុំប្រញាប់អង្វរគេថាសូមលោកអាណិតខ្ញុំផង ខ្ញុំខ្លាចហើយ ខ្ញុំរាងហើយ។ ឮខ្ញុំនិយាយអង្វរដូច្នោះ ពួកគេស្រាប់តែសើចចំអកឲ្យខ្ញុំ ហើយនិយាយថាទោសក្បត់សមូហភាពរបស់នាងសមតែស្លាប់ មុននឹងស្លាប់ម្រាមដៃរបស់នាងសមតែដាច់ដែរទុកជាមេរៀននៃការហ៊ានល្មើសនេះ។ ពួកគេបានវាយខ្ញុំឲ្យសន្លប់ រួចយកបាវគ្របមុខខ្ញុំ ហើយចងជើងជាប់គ្នា និងចងដៃក្រពាត់ទៅក្រោយខ្នង។ ក្នុងចំណោមពួកគេមានម្នាក់ចាប់ដៃរបស់ខ្ញុំចងជាប់នឹងគល់ឈើ ហើយម្នាក់ទៀតទាញកាំបិតឡើងត្នោតសស្ងាចត្រៀមប្រហារ។ ពួកគេរៀបនឹងកាត់ម្រាមដៃរបស់ខ្ញុំទៅហើយ ស្រាប់តែមានក្មេងម្នាក់តូចជាងគេបានមកដល់។ បុរសម្នាក់កាន់កាំបិតនោះបានហុចកាំបិតឲ្យទៅក្មេងតូចដែលទើបមកដល់ដើម្បីបង្រៀនឲ្យក្មេងនោះមានភាពក្លាហានហ៊ានកម្ចាត់ខ្មាំងសត្រូវជូនអង្គការ។ ក្មេងនោះយំផង ភ័យផងដៃញ័រទទ្រើតហាក់មិនហ៊ានកាត់ម្រាមដៃរបស់ខ្ញុំទាល់តែសោះ។ ពួកអមនុស្សធម៌នោះកាន់តែបង្ខំឲ្យក្មេងនោះធ្វើតាមខ្លួន ហើយបើមិនធ្វើតាមបញ្ជារបស់ពួកគេទេជីវិតក្មេងនោះក៏គេនឹងសម្លាប់ដែរ។​ក្មេងតូចមិនអាចប្រកែកតបតបានក៏ធ្វើទាំងបង្ខំចិត្តដោយមិនដឹងថាខ្ញុំជានរណានោះទេ ព្រោះឈ្លបទាំងនោះបានឃ្លុំមុខរបស់ខ្ញុំជិតហើយមេឃក៏ងងឹតដែរ។ ចប់បេសកកម្មរួច ក្មេងតូចក៏រត់ចេញពីទីនោះទៅទាំងទឹកភ្នែកហូររហាមព្រោះដៃដ៏ល្អស្អាតរបស់គេបានប្រឡាក់ឈាមទៅហើយ។ កុមារនោះគឺជា នរៈ កូនប្រុសរបស់ខ្ញុំ។ថ្ងៃនោះខ្ញុំគ្មានសង្ឃឹមថាអាចតស៊ូនឹងជីវិតរបស់ខ្ញុំបានទេ។ ពួកគេបានច្រកខ្ញុំចូលទៅក្នុងបាវ រួចអូសខ្ញុំយកទៅចោលក្នុងរណ្ដៅសាកសព។
* រស់ឡើងវិញក្នុងគំនរសាកសព÷
កន្លងផុតមួយយប់មួយថ្ងៃសាកសពនៅក្នុងបាវដែលពួកគេមិនចងមាត់ហាក់កម្រើកឡើងវិញ។ ខ្ញុំខំប្រឹងស្រវាស្រទេញងើបចេញពីគំនរសាកសពទាំងឈឺមុខរបួស។ ខ្ញុំងើបផុតពីរណ្តៅ ព្រះសូរិយាក៏ទន់ទាបរៀបអស់ស្តង្គតទៅហើយ។ ខ្ញុំដើរផង រត់ផង យំផង ដើម្បីទៅរកម៉ែពុករបស់ខ្ញុំ។ ម៉ែពុករបស់ខ្ញុំមានវ័យចាស់ទៅហើយ ណាមួយពួកគាត់បានដាច់អាហារពីរបីថ្ងៃទៀត។ ដូច្នេះពួកគាត់មិនអាចទ្រាំទ្របានក៏លាចាកលោកទាំងពីរនាក់ព្រមគ្នាទៅ។
ពេលបានដំណឹងថាម៉ែពុករបស់ខ្ញុំបានចាកចេញទៅគ្មានថ្ងៃវិលត្រឡប់មកវិញនោះ ខ្ញុំបានទៅយកកូនតូចរបស់ខ្ញុំពីកុមារដ្ឋានហើយឱបកូនយំលើខ្នងប្រឡាយដែលខ្វិតខ្វែង។ ពេលនោះខ្ញុំខ្សោយទៅៗ ក៏សន្លប់ស្ដូកស្ដឹងនៅលើខ្នងប្រឡាយនោះ។ ចំណែកកូនរបស់ខ្ញុំដែលដាច់ដោះជាច្រើនថ្ងៃ ក៏ចេះតែខំប្រឹងបឺតជញ្ជក់មិនដឹងអ្វីឡើយ។

យប់ ១៥ រោច ហាក់គ្មានរស្មីធ្វើឲ្យភពផែនដីទៅជាងងឹតអន្ធការ។ ជីវិតរស់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ តែគ្មានសេរីហាក់ដូចអស់ន័យថាបានសាន្តត្រាណ។ សិទ្ធិរស់រាន សិទ្ធិដើរហើរ សិទ្ធិក្នុងការបញ្ចេញមតិត្រូវបានកប់ជ្រៅនៅក្នុងក្រឪបេះដូងរបស់អង្គការ។ រាត្រីដ៏ស្ងប់ស្ងាត់នោះ សន្សើមក៏ចាប់ផ្ដើមធ្លាក់។ យូរៗម្ដង សត្វលលកខ្មោចបន្លឺសំឡេងគួរឱ្យខ្លាច។ រាត្រីព្រាត់ខែធ្វើឲ្យផ្ទៃមេឃអួអាប់ ទឹកភ្នែកជន់ជោរហូរកាត់ប្រឡាយហូរទៅសែនឆ្ងាយឯនាយជើងមេឃ៕ (ចប់ដោយបរិបូណ៌)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print