ខេត្តស្វាយរៀង: លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក នាព្រឹកថ្ងៃទី២ខែឧសភា ឆ្នាំ២០២៥នេះបានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសីលាសាងសង់សាលារៀនមួយខ្នង៣បន្ទុបនិងបំពាក់គ្រឿង សង្ហារឹមគម្រោងឆ្នាំ២០២៥ និងបើកវេទិការសាធារណៈផ្សព្វផ្សាយការអនុវត្តគោលនយោបាយភូមិ ឃុំសង្កាត់មាសុវត្ថិភាពជាមួយបងប្អូនប្រជាពលរដ្ឋ ស្ថិតនៅទីតាំងសាលាអនុវិទ្យាល័យគគីរ ភូមិគគីរ ឃុំគគីរស្រុករមាសហែក។
ក្នុងឪកាសនោះ លោកនាយកសាលា បានអោយដឹងថា អនុវិទ្យាល័យ គគីរ ស្ថិតនៅក្នុងភូមិគគីរ ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង មានចម្ងាយ ១៣ គីឡូម៉ែត្រ ពីទីរួមស្រុករមាសហែក និងមានចម្ងាយ ៥៧ គីឡូ ម៉ែត្រ ពីទីរួមខេត្តស្វាយរៀង ។
សាលាអនុវិទ្យាល័យ គគីរ ត្រូវបានកសាង ឡើងនៅក្នុងឆ្នាំ២០០៩ ដោយធនាគារអភិវឌ្ឍន៍អាស៊ី A D B អស់ថវិកាសរុប ៥៨,៨៤៤ ដុល្លារអាមេរិក គឺមានអគារសិក្សា ០១ខ្នង ០៥ បន្ទប់ និងមានបង្គន់ អនាម័យ ០១ ខ្នង មាន ៤ បន្ទប់ ។ បរិវេណសាលារៀនព័ទ្ធជុំវិញទៅដោយផ្លូវ លំ និងជាប់ពីរភូមិ គឺភូមិគគីរ និងភូមិត្រពាំងស្គន់ ។
លោកបន្តថា ចំពោះការអភិវឌ្ឍន៍ និងការកែលម្អបរិស្ថានសាលារៀន៖
ចាប់តាំងពីពេលបើកបវេសកាលឆ្នាំសិក្សាដំបូងមក នៅក្នុងឆ្នាំសិក្សា២០០៩-២០១០ សាលារៀនមិនមានរបិស្ថានល្អនោះទេ ដូចនេះ អាជ្ញាធរភូមិឃុំ គណៈ គ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ បានខិតខំគៀងគររកសប្បុរសជនជិតឆ្ងាយ ដើម្បីរៀបចំអភិវឌ្ឍន៍សាលាជាបណ្តើរៗ ដូចតទៅ ៖ចាប់តាំងពីឆ្នាំសិក្សាដំបូង រហូតមកដល់ពេលបច្ចុប្បន្នសាលាបានខិតខំ កែលម្អបរិស្ថានជាបណ្តើរៗមានដូចជា កាប់គាស់គល់ឈើ កាប់ឆ្កាព្រៃ ជាបណ្តើរៗ ដើម្បីបង្កើតទីធ្លាឱ្យស្រលះល្អ ធំទូលាយ ចាក់ដីលុបផ្ទុកនៅ ជុំវិញសាលារៀន ។
ក្នុងឪកាសនោះលោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានមានប្រសាសន៏ថា វិស័យអប់រំគឺជា វិស័យមួយដ៏មានសារសំខាន់ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្ពស់ ក្នុងការពង្រឹងនិងជំរុញយ៉ាងខ្លាំង ដែលធ្វើឱ្យមានការរីកចម្រើនឈានឡើងនូវវិស័យអប់រំ និងមានការរីកដុះដាលសាលារៀនជាច្រើននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយនៅខេត្តស្វាយរៀង ក្រោមការដឹកនាំ ពីសំណាក់ លោកប៉េងពោធ៏សា អភិបាលខេត្តផងដែរ។
លោកអភិបាលស្រុក ក៏បានណែនាំដល់លោកគ្រូ អ្នកគ្រូ សហគមន៍ និងសិស្សានុសិស្សទាំងអស់ ក្រោយពីបានអគារសាលារៀនមួយខ្នង៣បន្ទុបនិងបំពាក់គ្រឿង សង្ហារឹមគម្រោង
ដែលត្រូវធ្វើពិធីបញ្ចុះបឋមសីលានាពេលនេះ ហើយ ត្រូវចូលរួមថែរក្សា ការពារសាលារៀននេះ ឱ្យល្អស្អាត សម្រាប់បន្តដល់ កូន ចៅជំនាន់ក្រោយ ។
លោក បានផ្តាំផ្ញើដល់ក្រុមហ៊ុន ទទួលម៉ៅការ សាងសង់ សាលារៀននេះ
ត្រូវ ធានាឱ្យបានតាមបទដ្ឋានបច្ចេកទេស និងស្តង់ដារ ដើម្បីផ្លូវមានគុណភាព និងប្រើប្រាស់ យូរអង្វែង ហើយត្រូវបញ្ចប់ការសាងសង់តាមផែនការកំណត់ និងគ្រប់អ្នកពាក់ព័ន្ធ ទាំងអស់ ត្រូវដើរតួនាទីជាអ្នកត្រួតពិនិត្យគុណភាពផ្លូវឱ្យបានហ្មត់ចត់បំផុត។
លោកអភិបាលស្រុកបានបន្ថែមថា ដល់ពេលវេលាដែលត្រូវពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ទៀតហើយបងប្អូន។
ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ ១៨ឆ្នាំ អញ្ជើញទៅចុះឈ្មោះបោះឆ្នោត ឬអ្នកត្រូវកែទិន្នន័យ ឬត្រូវធ្វើជីវមាត្ររូបថតថ្មី និងស្នាមមេដៃថ្មីឡើងវិញ សូមអញ្ជើញទៅសាលាឃុំ ឲ្យទាន់ពេលវេលាដែលមានរយ:ពេល២៦ថ្ងៃ គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នេះផងដែរ៕
ដោយ៖ សុថាន