ភ្នំពេញ ៖ អ្នកសារព័ត៌មាន និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន ៥ ០០០នាក់ ចូលរួមជួបជុំជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកទី៧ ឆ្នាំ២០២៥ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)។
ក្នុងចំណោម៥០០០នាក់នោះ រួមមានសមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល អ្នកនាំពាក្យក្រសួង-ស្ថាប័ន អភិបាលនៃគណៈអភិបាល រាជធានី-ខេត្ត ថ្នាក់ដឹកនាំ និង មន្ត្រីរាជការក្រសួងព័ត៌មាន ប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត និងក្រុមការងារព័ត៌មាននិងសាធារណមតិ អ្នកសារព័ត៌មាន តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា និង អ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជា ក៏ដូចជាអ្នកផលិតមាតិកា និង អ្នកមានឥទ្ធិពលនៅលើបណ្តាញសង្គម (Social Media Influencers)។
សូមបញ្ជាក់ថា ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន រួមជាមួយឯកអគ្គរដ្ឋទូត និងតំណាងស្ថានទូតបរទេសនៅកម្ពុជា អញ្ជើញគោរពវិញ្ញាណក្ខន្ធ នៅស្តូបអនុស្សាវរីយ៍ដើម្បីរំលឹកដល់អ្នកសារព័ត៌មានចំនួន ៣៧នាក់ ដែលបានស្លាប់ និងបាត់ខ្លួន នៅក្នុងសម័យសង្គ្រាមនៅកម្ពុជា ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ ក្នុងឱកាសនៃខួបលើកទី៣២ ទិវាសេរីភាពសារព័ត៌មានពិភពលោក ក្រោមប្រធានបទ “ការរាយការណ៍ក្នុងពិភពលោកថ្មីដ៏ក្លាហាន ផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិតលើសេរីភាពសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ” (៣ ឧសភា ១៩៩៣ – ៣ ឧសភា ២០២៥) នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ នៅបរិវេណសួនច្បារ មុខស្ថានទូតបារាំង រាជធានីភ្នំពេញ ៕
ដោយ ៖ សិលា