សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ការផ្ទុះការតវ៉ារបស់ពលរដ្ឋប្រឆាំងនឹងសមត្ថកិច្ច គឺជាព័ត៌មានចាស់

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ការផ្ទុះការតវ៉ារបស់ពលរដ្ឋប្រឆាំងនឹងសមត្ថកិច្ច ដែលត្រូវបានចែករំលែកនៅក្នុងបណ្ដាញសង្គមនាពេលថ្មីៗនេះ គឺជាព័ត៌មានចាស់ដែលបានកើតឡើងតាំងពីឆ្នាំ 2020 មកម្ល៉េះ ហើយដែលបញ្ហានេះ ត្រូវបានដោះស្រាយរួចរាល់ជាស្ថាពរហើយ។

នៅក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៧ ឆ្នាំ២០២៥ នៅល្ងាចថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានក្លែងថា ការផ្សព្វផ្សាយឡើងវិញពីរឿងប្រជាពលរដ្ឋប្រឆាំងសមត្ថកិច្ច គឺបានបង្កឲ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ គិតខុស និងទម្លាក់កំហុសទៅលើអាជ្ញាធរមានសមត្ថកិច្ច ហើយការផ្សាយបែបនោះគឺបង្កប់ទៅដោយគំនិតមួយក្នុងគោលបំណងកេងចំណេញនយោបាយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់កុំយកអាជីពអ្នកកាសែតទៅចុះផ្សាយនិយាយអាក្រក់ពីអ្នកដទៃ ដើម្បីតែផលប្រយោជន៍ខ្លួនឯងឲ្យសោះ ដោយត្រូវប្រកាន់ខ្ជាប់នូវសុក្រិត្យភាព និងក្រមសីលធម៌របស់អ្នកសារព័ត៌មាន។

នាជំនួបសារព័ត៌មានលើកទី៧នាល្ងាចទី៥ ខែឧសភា  សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំដល់អ្នកសារព័ត៌មានត្រូវប្រកាន់ភ្ជាប់នូវសុចរិតភាព ដើម្បីការពារតម្លៃរបស់សារព័ត៌មាន។

«សុចរិតភាព គឺជាកត្តាសំខាន់នៅក្នុងការថែរក្សានូវតម្លៃនៃប្រព័ន្ធសារព័ត៌មាន» សម្ដេច ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ដែលបញ្ជាក់ថា អ្នកសារព័ត៌មានកុំប្រើប្រាស់អាជីពមួយនេះ ទៅផ្សព្វផ្សាយព័ត៌មាន ដែលមិនពិត ដើម្បីគោលដៅអាក្រក់លើអ្នកដទៃ ឬចង់ចំណេញនោះឡើយ។

បើតាមសម្ដេច ហ៊ុន ម៉ាណែត កន្លងមកមានអ្នកសារព័ត៌មានមួយចំនួន បានយកអាជីពជាអ្នកព័ត៌មានទៅគាបគេស៊ី។ សម្ដេចបានចាត់ទុកថា ការប្រព្រឹត្តបែបនេះ នាំឱ្យគេស្អប់ និងលែងទុកចិត្តអ្នកសារព័ត៌មាន។ ប្រមុខរដ្ឋាភិបាលរូបនេះ ក៏បានណែនាំដល់អ្នកសារព័ត៌មាន ត្រូវប្រកាន់សុចរិតភាព និងភាពទៀងត្រង់ ដើម្បីការពារតម្លៃសារព័ត៌មាន៕

ដោយ ៖ សិលា 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print