ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពចូលរួមប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០” ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់សុខភាពសាធារណៈ ការបង្ការ ការពារ និង ការព្យាបាល ប្រកបដោយប្រសិទ្ធភាពនៃជំងឺមហារីក ។
សម្ដេចធិបតី ថ្លែងបន្តថា ជំងឺមហារីកគឺជាជំងឺមួយក្នុងចំណោមជំងឺមិនឆ្លងទាំង៤ ដែលត្រូវបានចាត់ទុកជាអាទិភាពដោយក្រសួងសុខាភិបាល បានខិតខំប្រឹងប្រែងដាក់ចេញនូវវិធានការជាច្រើនដើម្បីបង្ការ គ្រប់គ្រង ជំងឺមហារីកជាបញ្ហាប្រឈមចំពោះសុខភាពសាធារណៈ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកជំងឺ ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ដោយជំងឺនេះបានបង្អាក់សកម្មភាពប្រចាំថ្ងៃ បន្ថយផលិតភាព និងបណ្តាលឱ្យមានការចំណាយថវិកាជាច្រើនសម្រាប់ថែទាំសុខភាព ដែលអាចជះផលអវិជ្ជមានធ្ងន់ធ្ងរដល់ជីវភាពប្រជាជន សេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ៕
ដោយ៖តារា