ភ្នំពេញ៖ រដ្ឋមន្ត្រីសុខាភិបាល លោកសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០» ថា៖ ដើម្បីសម្រេចបាននូវផែនការនេះ ក្រសួងសុខាភិបាលបានកំណត់នូវគោលដៅយុទ្ធសាស្ត្រចម្បងចំនួន៦។
រដ្ឋមន្ត្រីសាស្ត្រាចារ្យ ឈាង រ៉ា បានគូសបញ្ជាក់ថា យុទ្ធសាស្ត្រចម្បងចំនួន៦នេះ រួមមាន៖ ១.លើកកម្ពស់ការបង្ការជាបឋមនៃជំងឺមហារីក តាមរយៈអន្តរាគមន៍នានាដើម្បីកាត់បន្ថយកត្តា ប្រឈម នៃជំងឺមហារីក ដែលរួមមានកត្តាសង្គម និងបរិស្ថានផងដែរ។ ២.ពិនិត្យស្រាវជ្រាវ និងរកឱ្យឃើញជំងឺមហារីកនៅដំណាក់កាលដំបូង ដើម្បីធ្វើរោគវិនិច្ឆ័យ និងព្យាបាលបានទាន់ពេលវេលា។ ៣.ធានានិរន្តរភាព និងសមធម៌ ក្នុងការទទួលបានសេវាធ្វើរោគវិនិច្ឆ័យឱ្យបានឆាប់ និងត្រឹមត្រូវសម្រាប់ការព្យាបាល។ ៤.ធានានិរន្តរភាព និងសមធម៌ ក្នុងការទទួលបានសេវាថែទាំសមស្រប ប្រកបដោយគុណភាព។ ៥.ពង្រឹងប្រព័ន្ធព័ត៌មាន ការតាមដានជំងឺមហារីក និងការសិក្សាស្រាវជ្រាវ ដើម្បីលើកកម្ពស់ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការប្រយុទ្ធនឹងជំងឺមហារីក។ ៦.ពង្រឹងអភិបាលកិច្ច ការសម្របសម្រួល ហិរញ្ញប្បទាន និងការត្រៀមខ្លួនពេលមានគ្រោះអាសន្ន ក្នុងការប្រយុទ្ធនឹងជំងឺមហារីក ។
គោលដៅយុទ្ធសាស្ត្រនីមួយៗខាងលើ ត្រូវបានរៀបចំចងក្រងជាយុទ្ធសាស្ត្រ និងចង្កោមសកម្មភាព ច្បាស់លាស់ សម្រាប់ការអនុវត្តរយៈពេល ៦ឆ្នាំ គឺចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០។ តាមការប៉ាន់ស្មាន ជាការចាប់ផ្តើម ក្នុងឆ្នាំ២០២៥ ការអនុវត្តសកម្មភាពចម្បងៗនឹងត្រូវចំណាយថវិកាប្រហែល ៥០០ ០០០ ដុល្លារអាមេរិក។
រដ្ឋមន្ត្រីសាស្ត្រាចារ្យ បានបន្ថែមទៀតថា ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកលើកទី១ នេះ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំមួយសម្រាប់កសាង គោលនយោបាយជាតិប្រយុទ្ធនឹងជំងឺមហារីក ស្របតាមផែនការយុទ្ធសាស្ត្រសុខាភិបាល ២០២៤-២០៣៣។ ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ត្រូវបានកសាងឡើងដើម្បីឆ្លើយតបតម្រូវការសុខភាពរបស់ ប្រជាពលរដ្ឋ តាមផែនការយុទ្ធសាស្ត្រសុខាភិបាលដំណាក់កាលទី៤ របស់ក្រសួងសុខាភិបាល ព្រមទាំង មានការពិគ្រោះយោបល់ជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងថ្នាក់ជាតិនិងអន្តរជាតិជាច្រើនលើក មុននឹងសម្រេចបាន នូវផែនការចុងក្រោយសម្រាប់ការផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ៕ដោយ៖តារា